ACU ស្នើ​តុលាការ​ចោទលោក ស៊ុត ឌីណា ពីបទ​កេង​យក​ផល​ប្រយោជន៍ខុសច្បាប់​និងបទ​រំលោ​ភ​អំណាច​

 ប្រធាន​អង្គ​ភាព​ប្រឆាំងអំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង អះអាងថា អង្គភាពរបស់​លោក បានដាក់​បទ​ចោទលោក ស៊ុត ឌីណា ​ចំនួន ២ សំខាន់​អម​ជាមួយនឹងជន​សង្ស័យ​រូប​នេះ​ទៅ​តុលាការ​ ដើម្បី​​ឲ្យតុលាការ​ចោទ​ប្រកាន់​។ នៅក្នុង​សន្និសីទ​កាសែត​នៅ​រសៀល​នេះ​ លោក ឱម យ៉ិនទៀង បានបញ្ជាក់​ពីបទចោទទាំងពីរដែលACU ស្នើ​ឲ្យតុលការ​ចោទ​ប្រកាន់​លោក​ ស៊ុត ឌីណា នោះ ទី ១ បទ​កេងយក​ផល​ប្រយោជន៍​ខុស​ច្បាប់​ និងទី ២ បទល្មើសរំលោភអំណាចដោយមានប្រសិទ្ធិភាព។

លោក ឱម យ៉ិនទៀង បញ្ជាក់ថា មូលហេតុ​ដែល​អង្គភាព​របស់​លោក ស្នើឲ្យតុលាការចោទប្រកាន់​លោក ស៊ុត ឌីណា ពីបទកេង​យក​ផល​ប្រយោជន៍ខុសច្បាប់​ ដោយសារ​លោក​ ស៊ុត ឌីណា មិនយក​លុយ​ដែលមាន​មក​ពី​លក់​វីហ្សា និងSticker ជិត ១២ ម៉ឺនដុល្លារ ចូលរដ្ឋ​ទាន់​ពេល​ ។ បើតាម​លោក ឱម​ យ៉ិនទៀង លោក ស៊ុត ឌីណា បានឆ្លើយថា មូលហេតុ​ដែល​លោក ស៊ុត ឌីណា មិនបញ្ជូនលុយ​នោះ​ជូនរដ្ឋ​ឲ្យទាន់​ពេល ដោយសារ​លោក ស៊ុត ឌីណា យក​លុយ​នោះ​ទុក​ទទួល​គណៈប្រតិភូ​មក​ពីកម្ពុជា។ លោក​ប្រធានអង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ អះអាងថា នេះជាករណី​ ខុសច្បាប់។ ជាងនេះ លោក យ៉ិនទៀង បញ្ជាក់ថា បទចោទប្រកាន់នេះ ក៏ដោយសារ​លោក​ ស៊ុត ឌីណា ចាយលុយរដ្ឋបាល​មិនត្រឹមត្រូវផងដែរ។ បើតាមលោក ឱម យ៉ិនទៀង បទចោទនេះ មានចែងក្នុង​មាត្រា ៥៩៧ និង ៥៩៨ ដែលអាចជាប់ទោសពី ២ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ទៅ ១០ លាន​រៀល។​ 

ទាក់ទង​នឹងបទល្មើស​រំលោភអំណាច ដោយមាន​ប្រសិទ្ធភាព លោក ឱម យ៉ិនទៀង លើកឡើងថា លោក ស៊ុត ឌីណា បានបង្កើតគណនី​របស់​ស្ថានទូតទទួលប្រាក់​ដោយខុស​ច្បាប់​ នៅពេល​ដែល​មាន​សំណងចំពោះកម្មករខ្មែរដែល​ស្លាប់​។ លោកប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ថ្លែងថា បទល្មើស​ជាបទល្មើស​ឧក្រិដ្ឋ ដែលត្រូវ​ជាប់​ពន្ធនាគារ​ពី ៥ ឆ្នាំ​ ឡើងទៅ។

សារព័ត៌មានថ្មីៗ នឹង​លម្អិតព័ត៌មាននេះ នៅពេលក្រោយ។