លោក ឱម យ៉ិនទៀង៖ នៅ​វគ្គទីមួយ ACU គ្រាន់តែចង់​បង្ហាញ​ថា ស៊ុត ឌីណា មិនមែន​ក្រ​

ប្រធានអង្គភាព​ប្រឆាំងអំពើពុក​រលួយ (ACU) លោក ឱម យ៉ិន​ទៀង បាន​អះអាងថា លោក ស៊ុត ឌីណា ឯក​អគ្គ​រាជ​ទូតកម្ពុជា ប្រចាំ​ប្រទេសកូរ៉េខាងត្បូង មាន​បទសង្ស័យ​ជាច្រើនទៀត ប៉ុន្តែ​ជាជំហាន​ដំបូង លោក​គ្រាន់តែ​ចង់​បង្ហាញថា លោក ស៊ុត ឌីណា មិនមែន​ជាមនុស្ស​ក្រីក្រនោះឡើយ។

ការលើក​ឡើង​របស់លោក ឱម យ៉ិនទៀង គឺ​ដើម្បី​ឆ្លើយ​តបទៅនឹង​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ដែល​បង្ហាញពី​ស្ថានភាព​ក្រីក្រ​របស់​លោក ស៊ុត ឌីណា និង​ក្រុម​គ្រួសារ​របស់​ឯក​អគ្គ​រាជ​ទូតរូបនេះ។ ACU ស្នើ​ឲ្យតុលាការ​ចោទ​ប្រកាន់​លោក​ ស៊ុត ឌីណា នោះ ទី ១ បទ​កេងយក​ផល​ប្រយោជន៍​ខុស​ច្បាប់​ និងទី ២ បទល្មើស​រំលោភ​អំណាច​ដោយមាន​ប្រសិទ្ធ​ភាព​។

ACU បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​មួយ ដោយ​បង្ហាញ​ថា លោក ស៊ុត ឌីណា មាន​លុយ​ក្រៅ​ធនាគារ​ ៧,២លាន​ដុល្លារអាមេរិក និង​មាស​ចំនួន​៣៣៩តម្លឹង។ បើតាម​​​សេចក្តី​ប្រកាស​ដដែល​ មុន​នឹង​ទៅ​ធ្វើ​ជាឯក​អគ្គ​រាជ​ទូត ពោល​នៅ​ឆ្នាំ ២០១៣ ​​លោក ស៊ុត ឌីណាមានលុយ​ចំនួន ៤,២ លាន​ដុល្លារអាមេរិក ហើយ​ក្រោយ​ពី​លោក ស៊ុត​ ឌីណា ​កាន់​តំណែង​ជាឯក​អគ្គរាជទូត​ បាន ២ ឆ្នាំ សាច់​ប្រាក់​​កើន​ឡើងចំនួន​​ ៣ លាន​ដុល្លារ។

លោក ឱម យ៉ិនទៀង បាន​លើក​ឡើងថា ក្រុម​ការងារបស់​លោកគ្រាន់តែលើក​ឡើងពី​ប្រាក់​ក្រៅធនាគារ​តែប៉ុណ្ណោះ ហើយ​ក៏​មិន​ទាន់​មាន​ភស្តុតាងពេញ​លេញ​ថា ជា​លុយ​ពុក​រលួយ​នោះឡើយ ប៉ុន្តែអ្វីដែល​គួរ​ឲ្យ​សិក្សា​ស្វែងយល់នោះ គឺ​ការ​កើន​ឡើង​ចំនួន​សាច់​ប្រាក់​៣លាន​ដុល្លារអាមេរិក៕

ACU ស្នើ​ឲ្យតុលាការ​ចោទ​ប្រកាន់​លោក​ ស៊ុត ឌីណា នោះ ទី ១ បទ​កេងយក​ផល​ប្រយោជន៍​ខុស​ច្បាប់​ និងទី ២ បទល្មើស​រំលោភ​អំណាច​ដោយមាន​ប្រសិទ្ធ​ភាព​។