តើ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ណាខ្លះ ដែល​ត្រូវ​ចាក​ចេញពី​តំណែង​?

​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ រួមទាំង​សមាជិក​២​រូប​ទៀត នឹងត្រូវ​ចាកចេញ​ពី​តំណែង ក្រោយ​បញ្ចប់​អាណត្តិ ក្នុង​ឆ្នាំ​២០១៦​នេះ​។ ប្រធាន និង​សមាជិក​ដែល​ត្រូវ​ផ្លាស់ប្តូរ​នោះ​គឺ លោក ឯក សំអុល  លោក ព្រហ្ម ញាណ​វិចិត្រ និង​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់​ដា​រ៉ាវ​ង្ស​។ នេះ​បើតាម ការអះអាង​របស់ លោក ម៉េង ផល្លា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។

​លោក ឯក សំអុល ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បច្ចុប្បន្ន នឹងត្រូវ​ជំនួស​ដោយ លោក សំ ព្រហ្មនា ជា​អតីត​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដែល​ជ្រើសតាំង​ដោយ​រដ្ឋសភា​។ ប៉ុន្តែ  លោក សំ ព្រហ្មនា នឹង​ក្លាយជា​សមាជិក​ធម្មតា​ប៉ុណ្ណោះ ព្រោះ​តំណែង​ជា​ប្រធាន​នៃ​ស្ថាប័ន​កំពូល​មួយ​នេះ គឺ​អាស្រ័យ​លើ​សមាជិក​ទាំង​៩​រូប​ជា​អ្នកបោះឆ្នោត​ជ្រើសរើស​។

​ចំណែកឯ លោក ព្រហ្ម ញាណ​វិចិត្រ នឹងត្រូវ​ជំនួស​ដោយ​លោក អ៊ឹម ឈុនលឹម អតីតរដ្ឋមន្ត្រី​ក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ ដែល​ជ្រើសតាំង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ ដោយឡែក អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់​ដា​រាវ​ង្ស នឹងត្រូវ​ជំនួស​ដោយ​ឥស្សរជន​មួយរូប ដែល​តែងតាំង​ដោយ​អង្គ​ព្រះមហាក្សត្រ​។ យ៉ាងណាក៏ដោយ គេ​មិនដឹងថា តើ​ព្រះមហាក្សត្រ នឹង​តែងតាំង​ឥស្សរជន​រូប​ណា ឲ្យ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់​ដា​រាវ​ង្ស នោះទេ​។

​ទាក់ទង​នឹង​បញ្ហា​ខាងលើ លោក ម៉េង ផល្លា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ មិនអាច​បញ្ជាក់ថា ពិធី​នៃ​ការផ្លាស់ប្តូរ​តំណែង នឹងត្រូវ​រៀបចំ​នៅពេលណា​នោះទេ​។ លោក​គ្រាន់តែ​បង្ហើប​ថា ការចូល​កាន់តំណែង ប្រហែលជា​ធ្វើឡើង​ក្នុងអំឡុង​ខែមិថុនា ឆ្នាំ​២០១៦ ។​

​តាមច្បាប់​រដ្ឋធម្មនុញ្ញ សមាជិក​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​៣​រូប តែងតែ​ត្រូវបាន​ផ្លាស់ប្តូរ ជា​រៀងរាល់​៣​ឆ្នាំ​ម្តង​។ សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន ១​រូប និង​សមាជិក​ចំនួន  ៨​រូប​។ ក្នុងចំណោម​សមាជិក​ទាំង​៩​រូបនោះ ៣​រូប​ជ្រើសតាំង​ដោយ​រដ្ឋសភា និង​៣​រូប​ជ្រើសតាំង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម រីឯ​៣​រូប​ទៀត​តែងតាំង​ដោយ​ព្រះមហាក្សត្រ​៕