អង្គការសហប្រជាជាតិ ត្រៀម​ផ្តល់ជំនួយ​ដល់ គ​.​ជ​.​ប ដើម្បី​រៀបចំ​ការបោះឆ្នោត​ឲ្យ​រលូន​

​អង្គការសហប្រជាជាតិ សន្យា​ជួយ​ជ្រោមជ្រែង គ​.​ជ​.​ប ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត នៅ​អាណត្តិ​ក្រោយ​។ អង្គការសហប្រជាជាតិ ជំរុញ​ឲ្យ គ​.​ជ​.​ប សុំ​ជំនួយ ពី​ខ្លួន ប្រសិនបើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​មួយ​នេះ ខ្វះខាត​ធនធាន​ផ្នែក​ណាមួយ​។ ថ្នាក់ដឹក​នាំ គ​.​ជ​.​ប សម្តែងស្វាគមន៍​ចំពោះ​កិច្ចសហការ​របស់​អង្គការសហប្រជាជាតិ​។ 

​លោក Miroslave Janca  ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​អះអាងថា អង្គការសហប្រជាជាតិ ត្រៀមខ្លួន​ជានិច្ច ដើម្បី​សហការ​និង​ជួយ​គាំទ្រ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទាក់ទង​នឹង​ការរៀប​ចំការបោះឆ្នោត នា​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ។ លោក បាន​លើកទឹកចិត្ត ឲ្យ​គ​.​ជ​.​ប ដាក់​លិខិត​ទៅកាន់​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ប្រសិនបើ​ខ្លួន​ត្រូវការ​ជំនួយ​ផ្នែក​ណាមួយ​ពី​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​សេចក្តីជូនដំណឹង រប​ស់គ​.​ជ​.​ប ដែល​បាន​ចុះផ្សាយ បន្ទាប់ពី​បញ្ចប់​ជំនួប​ជាមួយ​លោក Miroslave Janca  កាលពី​ថ្ងៃទី​៥ ខែមេសា កន្លងទៅ​។

​កាលពី​ថ្ងៃទី​៥ ខែមេសា ថ្នាក់ដឹកនាំ គ​.​ជ​.​ប បាន​ជួបពិភាក្សា​ការងារ ជាមួយ​លោក Miroslave Janca  ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។ គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ឈ្វេងយល់​ពី​ការវិវឌ្ឍ​នៃ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា និង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង គ​.​ជ​.​ប ជាមួយ​អង្គការសហប្រជាជាតិ​។​

​យ៉ាងណាក៏ដោយ សេចក្តីប្រកាស​ព័ត៌មាន​នោះ មិនបាន​បញ្ជាក់​លម្អិត​ថា អង្គការ​សហ​ប្រជា​តិ​នឹង​ផ្តល់ជំនួយ​ផ្នែក​អ្វីខ្លះ នោះទេ​។ ជុំវិញ​ជំនួយ​នេះ សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក ខន កែវ​មនោ ដែលជា​អ្នកនាំពាក្យ​ស្តទី​របស់​គ​.​ជ​.​ប ដើម្បី​សុំ​ការបំភ្លឺ​បន្ថែម បានទេ​។

​ក្រៅពី​ការសន្យា​ខាងលើ លោក Miroslave Janca  ក៏បាន​សាទរ​ចំពោះ គ​.​ជ​.​ប ដែល​តែង​បើកចំហរ​ឲ្យ​ភាគី​ផ្សេងៗ ចូលរួម​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ក្នុង​រយៈពេល​កន្លងមក​។ លោក​មើលឃើញថា វិធានការ​របស់ គ​.​ជ​.​ប បែបនេះ គឺជា​ចំណុច​វិជ្ជមាន​ដ៏​ធំ​មួយ ដើម្បី​ធើ្វ​ឲ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​ក្នុងពេល​ខាងមុខ ប្រព្រឹត្តទៅ​យ៉ាង​រលូត និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព​។

​ជា​ការឆ្លើយតប លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប សម្តែង​ការ​ត្រេកអរ​ចំពោះ​ការជួយ​គាំទ្រ​ពី​សំណាក់​អង្គការ​សហ​ប្រជា​តិ​។ លោក បញ្ជាក់​នៅ​ចំពោះមុខ Miroslave Janca  ថា គ​.​ជ​.​ប នឹង​ប្រឹងប្រែង​រៀបចំ​ការបោះឆ្នោត​ប្រកបដោយ​ភាពត្រឹមត្រូវ និង​យុត្តិធម៌ ដែល​គ្រប់​គណបក្សនយោបាយ អាច​ទទួលយក​លទ្ធផល​ដោយ​អស់ចិត្ត​៕