ប្រជាជន​ហូ​ឡង់​មិន​ស្វាគមន៍​ការ​ផ្សា​សាច់ឈាម​អ៊ុយ​ក្រែ​ន​ជាមួយ​សហភាព​អឺរ៉ុប​

​លទ្ធផល​ស្ទង់​មតិ​ប្រជាជន​ហូ​ឡង់​ជុំវិញ​ការផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​ផ្សាភ្ជាប់​ទំនាក់ទំនង​នយោបាយ​និង​សេដ្ឋកិច្ច​រវាង​សហភាព​អឺរ៉ុប និង​អ៊ុយ​ក្រែ​ន បាន​បង្ហាញថា ប្រជាជន​ហូ​ឡង់​ភាគច្រើន​មិន​គាំទ្រ​សមាជិកភាព​អ៊ុយ​ក្រែ​ន​ក្នុង​សហភាព​អឺរ៉ុប​ឡើយ​។ ប្រជាមតិ​នេះ​មិនមាន​អនុភាព​តាមផ្លូវ​ច្បាប់​ឡើយ ហើយ​រដ្ឋាភិបាល​ហូ​ឡង់​នឹង​សម្រេច​ចុងក្រោយ​ថា​គួរផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​នេះ​ឬ​អត់​។ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ស្តាប់​មតិ​ប្រជាជន​ផងដែរ ចំពោះ​ការសម្រេចចិត្ត​នេះ​។ បើសិនជា ហូ​ឡង់​បរាជ័យ​ក្នុង​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ ការពង្រឹង​ទំនាក់ទំនង​រវាង​អ៊ុយ​ក្រែ​ន​ជាមួយ​អឺរ៉ុប​នឹង​មិនអាច​កើតឡើង​ឡើយ ព្រោះ​វា​តម្រូវ​ឲ្យ​មាន​ការផ្តល់​សច្ចាប័ន​ពី​ប្រទេស​ទាំង​២៨ ជា​សមាជិក​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​អ៊ុយ​ក្រែ​ន​ត្រូវ​ដើរ​លើផ្លូវ​ដ៏​វែងឆ្ងាយ​ដើម្បី​ឈានទៅ​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​។ មុន​ដល់​ដំណាក់កាល​ស្នើសុំ​សមាជិកភាព​នៃ​ប្លុក​សភាព​អឺរ៉ុប អតីត​រដ្ឋ​សហភាពសូវៀត​មួយ​នេះ​ត្រូវ​បញ្ចុះបញ្ចូល​ឲ្យ​បណ្តា​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៨ ព្រម​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​ផ្សាភ្ជាប់​ទំនាក់ទំនង​នយោបាយ​និង​សេដ្ឋកិច្ច​រវាង​សហភាព​អឺរ៉ុប​ជាមួយ​អ៊ុយ​ក្រែ​ន​សិន​។ ប៉ុន្តែ​បច្ចុប្បន្ននេះ ប្រទេស​ហូ​ឡង់ នៅ​មិនទាន់​បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​ទេ ថ្វីបើ​សភា​ទាំងពីរ​ជាន់​ផ្តល់​ការយល់ព្រម​ទៅហើយ​ក្តី​។  ហើយ​អ្វីដែល​ធ្ងន់ធ្ងរ​ជាង​នេះ ប្រជាជន​ហូ​ឡង់​ជំទាស់​ការគាំទ្រ​អ៊ុយ​ក្រែ​ន​រួចទៅហើយ​។​

​ប្រជាមតិ​ក្នុងចំណោម​ប្រជាជន​ហូ​ឡង់ ថ្ងៃ ៦​ខែមេសា ម្សិលមិញ​នេះ បង្ហាញ​ច្បាស់​ថា ប្រជាជន​ហូ​ឡង់​បដិសេធ​គាំទ្រ​អ៊ុយ​ក្រែ​ន ហើយ​នេះ​ក៏​ជាការ​សម្តែង​មតិ​របស់ខ្លួន​ឲ្យ​រដ្ឋាភិបាល​បានដឹង​ដែរ​។ ការរៀបចំ​ស្ទង់​មតិ​នេះ​ធ្វើឡើង ដោយសារ​ប្រជាជន​ជាង ៤​សែន​នាក់​បានដាក់​ញ្ញត្តិ​សុំ​ឲ្យ​មាន​ប្រជាមតិ​មួយ​ដើម្បី​ស្ទង់​មើលថា​តើ​ប្រជាជន​ប៉ុន្មាន​ភាគរយ​គាំទ្រ​អ៊ុយ​ក្រែ​ន​ក្លាយជា​ដៃគូ​ជិតស្និទ្ធ​ជាមួយ​សហភាព​អឺរ៉ុប​និង​ឈានទៅ​ក្លាយជា​សមាជិក​អង្គការ​នេះដែរ​។ 

១. រដ្ឋាភិបាល​ហូ​ឡង់​ជា​អ្នកសម្រេច​ចុងក្រោយ​
​យ៉ាងណាមិញ ប្រជាមតិ​នេះ​មិនមាន​អានុភាព​គតិយុត្តិ​អ្វី​ឡើយ ពោលគឺ​មិនមាន​អំណាច​សម្រេច​ថា​តើ​គួរ​ទាត់ចោល​ឬ​ទទួលយក​កិច្ចព្រមព្រៀង​។ អ្នកសម្រេច​ចុងក្រោយ​ថា​គួរ​ទទួលយក​កិច្ចព្រមព្រៀង​ឬ​អត់​នោះ​គឺ​រដ្ឋាភិបាល​ហូ​ឡង់​ឯណោះ​ទេ​។ យោងតាម​សារព័ត៌មាន​អង់គ្លេស BBC លទ្ធផល​បឋម​បង្ហាញថា ប្រជាជន ៦១ ភាគរយ​បាន​និយាយថា «​ទេ​» ចំពោះ​កិច្ចព្រមព្រៀង​អ៊ុយ​ក្រែ​ន​សហភាព​អឺរ៉ុប ហើយ ៣៨ ភាគរយ​ផ្សេងទៀត​បានបង្ហាញ​ការគាំទ្រ​កិច្ចព្រមព្រៀង​នេះ​។ បើសិនជា​អ្នកគាំទ្រ​តិចជាង ៣០​ភាគរយ រដ្ឋាភិបាល​មិន​បន្ត​ផ្តល់​សច្ចាប័ន ហើយ​ចាំបាច់​ពិចារណា​ឬ​ប្រឹក្សា​យោ​លប​ល់​ច្រើន​ឡើយ​។​

​ក្រោយ​ប្រកាស​លទ្ធផល  នាយករដ្ឋមន្ត្រី​ហូ​ឡង់​លោក Mark Rutte ថា រដ្ឋាភិបាល​លោក​នឹង​បន្ត​ជជែក​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​ស្ថាប័ន​ធំៗ​របស់​អឺរ៉ុប​នៅ​ព្រុ​ច​សែ​លពាក់​ព័ន្ធ​នឹង​ការសម្រេច​ចុងក្រោយ​នេះ​។ បើតាម​ជំហរ​រដ្ឋាភិបាល​ហូ​ឡង់​បច្ចុប្បន្ន ការគាំទ្រ​អ៊ុយ​ក្រែ​ន​ជា​សមាជិក​សហភាព​អឺរ៉ុប​ជា​រឿង​សំខាន់​មួយ ប៉ុន្តែ​ការសម្រេច​បែបនេះ​នឹង​ប៉ះពាល់​ដល់​ឆន្ទៈ​ប្រជាជន​ខ្លួន​។ មុនពេល​មាន​ប្រជាមតិ ប្រមុខ​រដ្ឋាភិបាល​ហូ​ឡង់ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​លោក​គាំទ្រ​កិច្ចព្រមព្រៀង ព្រោះ​ការជួយ​លើកស្ទួយ​ទំនាក់ទំនង​នយោបាយ​និង​សេដ្ឋកិច្ច​អ៊ុយ​ក្រែ​ន​ជាមួយ​សហភាព​អឺរ៉ុប​ជួយ​កសាង​សន្តិភាព​និង​ប្រជាធិបតេយ្យ​នៅ​អ៊ុយ​ក្រែ​ន​ផង​។

​ការសម្រេច​បែបណា​នោះ​នឹងត្រូវ​កំណត់​ចុងក្រោយ​នៅ​ថ្ងៃទី ១២ មេសា​ខាងមុខ តែ​រដ្ឋាភិបាលចម្រុះ​កំពុង​រង​សម្ពាធ​ខ្លាំង​ដែរ​ពី​ក្រុម​អ្នកនយោបាយ​និយម​ស្តាំ​ផង​ក្រៅពី​ប្រជាពលរដ្ឋ​ទូទៅ​។ ហើយ​ការបោះឆ្នោត​ប្រឆាំង​កិច្ចព្រមព្រៀង​អ៊ុយ​ក្រែ​ន​និង​សហភាព​អឺរ៉ុប​នេះ នឹង​ក្លាយជា​លេស​សម្រាប់​ក្រុម​អ្នកប្រឆាំង​ការពង្រីក​សមាជិកភាព​សហភាព​អឺរ៉ុប ដែល​ការសម្រេច​របស់​អឺរ៉ុប​កន្លងមកនេះ​ទាក់ទិន​បន្ថែម​សមាជិក​នោះ​ខ្វះ​គោលការណ៍​ប្រជាធិបតេយ្យ​ផងដែរ​។​

២. អ៊ុយ​ក្រែ​ន​៖ ក្តី​សុ​បិ​ន្ត​កណ្តាល​ថ្ងៃ​
​ការបោះឆ្នោត​នៅ​ហូ​ឡង់​នេះ​ស្ថិតក្រោម​ការឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង និង​ក្រុង​គៀវ​។ របប​ក្រេ​ម​ឡាំង​បន់ស្រន់​ឲ្យ​តែ កិច្ចព្រមព្រៀង​ទំនាក់ទំនង​អ៊ុយ​ក្រែ​ន​ជាមួយ​អឺរ៉ុប​ត្រូវ​រដ្ឋាភិបាល​ហូ​ឡង់​ទាត់​ចូល ខណៈ ដែល​ក្រុង​គៀវ​ភ័យ​ផង​អរ​ផង ព្រោះ​មិនដឹង​លទ្ធផល​ចុងក្រោយ​បែប​ម៉េច​។  បើសិន​ការសម្រេច​ចុងក្រោយ​ថា ហូ​ឡង់​ទាត់​កិច្ចព្រមព្រៀង​នេះ អ៊ុយ​ក្រែ​ន​នឹង​ក្លាយជា​ជនរងគ្រោះ​ពេញទំហឹង​។​

​រុស្ស៊ី​ធ្លាប់​ចម្អក​ញឹក​ញ៉យ​ថា អ៊ុយ​ក្រែ​ន​ចោល​សាច់​ស្រ​វ៉ា​ឆ្អឹង ព្រោះ​រំពឹងថា ពេល​រត់​ចេញពី​រុស្ស៊ី អ៊ុយ​ក្រែ​ន​អាច​រួមរស់​ជាមួយ​អឺរ៉ុប​បាន​ហើយ តែ​ចុងក្រោយ​បែរជា​ទៅមុខ​ក៏​មិន​រួច បក​ក្រោយ​ក៏​មិនកើត​។ រឿង​ដែល​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​អស់សង្ឃឹម​ខ្លាំង​មួយទៀត​កន្លងមក​គឺ ប្រមុខ​គណកម្មការ​អឺរ៉ុប​លោក ហ្ស​ង់ ក្លូ​ចាំង​កឺ  (Jean-Claude Juncker) បាន​លើកឡើងថា អ៊ុយ​ក្រែ​ន​មិនអាច​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល ២០​ទៅ ២៥​ឆ្នាំ​ទៀត ហើយក៏​មិនអាច​ក្លាយជា​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​ដូចគ្នា​ដែរ​។​

​តាមពិតទៅ បើ​និយាយ​ឲ្យ​អស់​សាច់រឿង កិច្ចព្រមព្រៀង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការឈាន​ទៅ​រួមរស់​ជាមួយ​សហភាព​អឺរ៉ុប​នេះហើយ​ជាដើម​ចម​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ វា​ផ្ទុះឡើង​ដោយសារ កាលពី​ចុងឆ្នាំ ២០១៣ រដ្ឋាភិបាល​លោក Viktor Yanukovych ដែល​ស្និទ្ធ​របប​ដឹកនាំ​ក្រេ​ម​ឡាំង​បាន​ទាត់ចោល​កិច្ចព្រមព្រៀង​ជំរុញ​សមាហរណកម្ម​ជាមួយ​សហភាព​អឺរ៉ុប រហូតដល់​បញ្ឆេះ​ឲ្យ​ក្រុម​អ្នកគាំទ្រ​សហភាព​អឺរ៉ុប​ដឹកនាំ​បដិវត្ត​ទម្លាក់​លោក​ពី​តំណែង​។ ការធ្លាក់​ពី​តំណែង​របស់លោក នាំ​ឲ្យ​រុស្ស៊ី​អន្តរាគមន៍ និង​ដណ្តើមយក​ទឹកដី  Crimea ពី​អ៊ុយ​ក្រែ​ន ហើយ​វា​ក៏បង្ក​ឲ្យ​បែកខ្ញែក​គ្នា​ក្នុងចំណោម​ទឹកដី​ភាគ​ខាងកើត​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ក្រុង​គៀវ​ថែមទៀត​។​

​យក​ល្អ អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​គួរ​ពិចារណា​ឡើងវិញ​ពី​ជំហរ​របស់ខ្លួន​។ ដើម្បី​បាន​សុខ បាន​ប្រយោជន៍ អ៊ុយ​ក្រែ​ន​គួរតែ​រក្សា​ជំហរ​អ​ព្យា​ក្រឹត្យ មិន​ចូលបក្ស​សម្ព័ន្ធ​ដូចពេលមុន​៕