អា​បេស​ន្យា​លើ​សំណុំរឿង Crimea នៅ​កិច្ចប្រជុំ​ប្រទេស ៧ ខែឧសភា​

​លោក ស៊ីន​ហ្សូ អា​បេ បាន​អះអាង​ប្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា បញ្ហា Crimea នឹងត្រូវ​លើកឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រទេស ៧ ដែល​នឹងត្រូវ​រៀបចំ​នៅ​ប្រទេស​ជប៉ុន​ក្នុង​ខែឧសភា​ខាងមុខ​។ នាយករដ្ឋមន្ត្រី​ជប៉ុន ព្យាយាម​រក្សា​ជំហរ​របស់ខ្លួន​ក្នុង​បញ្ហា​អ៊ុយ​ក្រែ​ន​នេះ ព្រោះ​លោក​នឹងត្រូវ​ធ្វើដំណើរ​ទៅ​រុស្ស៊ី​ដើម្បី​ជជែក​រឿង​បញ្ហា​ជម្លោះព្រំដែន​និង​ទំនាក់ទំនង​នៅ​ខែឧសភា​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​ប្រមុខរដ្ឋ​អ៊ុយ​ក្រែ​ន​លោក​Petro Poroshenko ថ្ងៃ​ពុធ ទី ៦ ខែមេសា ម្សិលមិញ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បាន​ថ្លែងថា បញ្ហា​ឧបទ្វីប Crimea  នឹងត្រូវ​ដាក់ចូល​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​ប្រទេស ៧ ដែល​ជប៉ុន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​ក្នុង​ខែឧសភា​។  ជប៉ុន​ប្តេជ្ញា​ថា ខ្លួន​នឹង​បន្ត​គាំទ្រ​ការដោះស្រាយ​បញ្ហា​ជម្លោះ​អ៊ុយ​ក្រែ​ន​ជាពិសេស​វិបត្តិ Crimea ផងដែរ​នោះ​។ 

​ស្របពេល​ជាមួយគ្នា​នោះ លោក អា​បេ ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង  Minsk ដើម្បី​រក្សា​សន្តិភាព​នៅក្នុង​ប្រទេស​។ លោក​ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​គៀវ​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ឲ្យ​បាន​ឆាប់រហ័ស​។ ហើយ​លោក​សន្យា​ចំពោះមុខ​ប្រមុខរដ្ឋ​អ៊ុយ​ក្រែ​ន​ផងដែរ​ថា ជប៉ុន​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​ដោយ​ផ្តល់​កញ្ចប់​លុយ​ជំនួយ​ទំហំ ១.៩​ពាន់​លាន​ដុល្លារ​អាមេរិក​តប​តាម​ការសន្យា​ពេល​លោក​ទៅ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ខែមេសា​ឆ្នាំមុន​។

​ចំណែក​លោក Petro Poroshenko បាន​លើកឡើងថា ៖« ជប៉ុន​និង​អ៊ុយ​ក្រែ​ន​ឯកភាពគ្នា​ហើយ​ថា នឹងមិន​អត់អោន​ចំពោះ​ការប្រើប្រាស់​កម្លាំង​ដើម្បី​សម្រេច​បំណង​អ្វីមួយ​ដោយ​រំលោភច្បាប់​អន្តរជាតិ​ឡើយ​។ ខ្ញុំ​ក៏​កោតសរសើរ​ជប៉ុន​ផង​ដែល​ដែល​បានបង្ហាញ​ជំហរ​ប្រឆាំង​ការកាន់កាប់ Crimea របស់​រុស្ស៊ី​ដោយ​ខុសច្បាប់​នោះ​»​។​

​តាមពិតទៅ កិច្ចប្រជុំ​ខាងមុខ​នៅ​ប្រទេស​ជប៉ុន មិនមាន​វត្តមាន​រុស្ស៊ី​ឡើយ ព្រោះ​សមាជិកភាព​ក្នុង​ក្រុម​ប្រទេស ៨ របស់​រុស្ស៊ី​ត្រូវបាន​គេ​ព្យូ​រ​បណ្តោះអាសន្ន​ក្រោយពេល​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​និង​ក្រសោប​យក​ទឹកដី Crimea ។

​ជប៉ុន​ត្រូវ​រក្សា​ជំហរ​ខ្លួន​ចំពោះ​បញ្ហា​អ៊ុយ​ក្រែ​ន ព្រោះ​ជប៉ុន​ត្រូវ​ដោះស្រាយ​បញ្ហា​ជម្លោះ​ជាមួយ​រុស្ស៊ី
​ថ្វីបើ​ជប៉ុន​ជួយ​គាំទ្រ​អ៊ុយ​ក្រែ​ន និង​ប្រឆាំង​ការ​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​ក្តី រដ្ឋាភិបាល​លោក អា​បេ ព្យាយាម​រក្សា​គោលជំហរ​របស់ខ្លួន​នៅពេលនេះ​។ នេះ​ក៏ដោយ​សារ​ជប៉ុន​ក៏ត្រូវ​ដោះ​ស្រ​យ​បញ្ហា​ជម្លោះព្រំដែន​កោះ​ជាមួយ​រុស្ស៊ី​ដែរ​។​

​បច្ចុប្បន្ននេះ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​និង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ កំពុង​បន្ត​ពិភាក្សាគ្នា​ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​មិន​ផ្លូវការ​របស់លោក ស៊ីន​ហ្សូ អា​បេ ទៅកាន់​ប្រទេស​រុស្ស៊ី​នៅ​ខែក្រោយ​។ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​និង​ជួប​ជាមួយ​សម​ភាគី រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក  Fumio Kishida ដើម្បី​ជជែក​ពី​បញ្ហា​នេះដែរ​។ បើតាម​ប្រភព​មន្ត្រី​ទូត​រុស្ស៊ី លោក អា​បេ នឹង​ជួប​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃ ៦ ឧសភា​នៅក្នុង​ទីក្រុង Sochi ។ គេ​រំពឹងថា វ្ល៉ា​ឌី​មៀ ពូ​ទីន  នឹង​ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន​វិញ​ដែរ​នៅ​ចុងឆ្នាំ​នេះ​។​

​មេដឹកនាំ​ទាំងពីរ​នឹង​ជជែក​ពិភាក្សា​ពី​បញ្ហា​ជម្លោះ​កោះ​គូ​រី (Kuril) ដែលជា​បញ្ហា​ចម្រូងចម្រាស​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ល្អក់​ករក​ខ្លាំង​។ ហើយ​កាលពី​ថ្មីៗ​នេះ ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាសថា ខ្លួន​មាន​គម្រោង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការកសាង​មូលដ្ឋានទ័ព​នៅលើ​កោះ​គូ​រី​ល ដែល​វា​ធ្វើ​ឲ្យ​ជប៉ុន​បារម្ភ​ជាខ្លាំង​។