លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​ចង់​ឈានទៅ​កាន់​តំណែងប្រធានាធិបតី​ពីរ​អាណត្តិ​ជាប់​គ្នា​

​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ប្រាប់​អ្នកគាំទ្រ​លោកស្រី​នៅក្នុង Pittsburgh នៃ​រដ្ឋ Pennsylvania ថា​បើសិនជា​លោកស្រី​ត្រូវគេ​បោះឆ្នោត​ឲ្យ​ធ្វើ​ប្រធានាធិបតី​អាមេរិក​មែន​លោកស្រី​ប្រឹង​ដើម្បី​កាន់តំណែង​ពីរ​អាណត្តិ​។ បើសិនជា​លោកស្រី​ជាប់​ពីរ​អាណត្តិ លោកស្រី​នឹង​ឈាន​ជិត​ដល់​វ័យ ៨០ ឆ្នាំ​។​

​អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​ជា​បេក្ខជន​នាំមុខ​បេ​ក្ខ​ប្រជាធិបតេយ្យ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​នឹង​ប្រឹងប្រែង​ដើម្បី​ធ្វើយ៉ាងណា​អាច​កាន់អំណាច​បាន​ពីរ​អាណត្តិ​ក្នុងករណី​ដែល​លោកស្រី​ត្រូវ​ប្រជាជន​អាមេរិក​បោះឆ្នោត​ឲ្យ​ធ្វើជា​ប្រធានាធិបតី​ចុងឆ្នាំ​នេះ​មែន​នោះ​។

​បេក្ខជន​ប្រធាន​ធិបតី​វ័យ​៦៨​ឆ្នាំ​រូបនេះ​បានលើកឡើង​ដូច្នេះ​ក្នុងពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ក្រុង Pittsburgh នៃ​រដ្ឋ Pennsylvania ល្ងាច​ថ្ងៃ​ពុធ ទី ៦ ខែមេសា ម្សិលមិញ​នេះ​។ នេះ​បញ្ជាក់ថា បើសិនជា​លោកស្រី ជាប់ឆ្នោត ហើយ​បន្ត​កាន់តំណែង​ពីរ​អាណត្តិ លោកស្រី​នឹង​ឈានដល់​វ័យ​ជិត ៨០ ហើយ​។

​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅតែ​ជា​បេក្ខជន​នាំមុខ​ក្នុង​បក្ស ហើយ​លោកស្រី​មានសង្ឃឹម​ច្រើន​ដែរ​ថា នឹង​អាច​ទទួលបាន​ការតែងតាំង​ពី​បក្ស​ក្នុង​សមាជ​ខែកក្កដា​ខាងមុខ​នេះដែរ​។ ប៉ុន្តែ សេដ្ឋី​អចលនទ្រព្យ​និង​ជា​បេក្ខជន​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កន្លងមក​បាន​រិះគន់​លោកស្រី​គ្លី​ន​តុ​ន ដោយ​លើកឡើងថា លោកស្រី​វ័យ​ចំណាស់ និង​មិនសូវមាន​កម្លាំងកំហែង​ក្នុងការ​ដឹកនាំ​ប្រទេស​ឡើយ​។​

​ទោះបីជា​លោកស្រី មាន​អាយុ​ចាស់​បន្តិច​ក្តី បើ​ប្រៀបធៀប​ជាមួយ​គូប្រជែង​លោកស្រី​ក្នុង​បក្ស​ប្រជាធិបតេយ្យ លោកស្រី​នៅ​ក្មេង​ជាង​លោក ប៊ែ​នី សេន​ដឺ រហូតដល់ ៥​ឆ្នាំ​ឯណោះ​។ ហើយ​បើ​មើល​ប្រវត្តិសាស្ត្រ​អាមេរិក កន្លងមក លោក រ៉ូ​ណា​ល់ រី​ហ្កែ​ន បាន​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ ១៩៨០ នៅពេលដែល​លោក​មាន​វ័យ ៦៨​ឆ្នាំ​ដែរ​។​

​ត្រលប់​មកវិញ បើសិនជា​លោកស្រី​ជាប់ឆ្នោត​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ខែវិច្ឆិកា​ខាងមុខ លោកស្រី​នឹង​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ ហើយ​វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា បក្ស​ប្រជាធិបតេយ្យ​កាន់អំណាច​បី​អាណត្តិ​ជាប់ៗ​គ្នា​ដែរ​៕