អ្នក​មាន​ជម្លោះ​ដី​នៅ​ស្រុក​មេមត់​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​រឿង​ដុត​រោង​ចាំ​ចម្ការ

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់​វិធានការ​ចំពោះ​អ្នក​ដែល​បាន​ដុត​បំផ្លាញ​រោង​ចាំ​ចម្ការ​របស់​អ្នក​ភូមិ។ ការ​ស្នើ​នេះ ក្រោយ​ពេល​រោង​ចាំ​ចម្ការ​របស់​ពលរដ្ឋ​ចំនួន​បី​គ្រួសារ ត្រូវ​ជន​មិន​ស្គាល់​មុខ​ដុត​បំផ្លាញ ហើយ​ពួកគេ​ថែម​ទាំង​គំរាម​ថា នឹង​ដុត​បន្ថែម​ទៀត។ បញ្ហា​នេះ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថា នឹង​ចុះ​ស្រាវជ្រាវ ប្រសិនបើ​មាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​ឃុំ​ជាំ​ក្រវៀន និង​ឃុំ​ទន្លូង បារម្ភ​ខ្លាច​ក្រែង​មាន​អ្នក​ដុត​រោង​ចាំ​ចម្ការ​របស់​ពួកគាត់​ជា​ថ្មី​ទៀត ប្រសិន​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​ឱ្យ​បាន​ដាច់ស្រេច​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ វា​នឹង​អាច​ឈាន​ទៅ​រក​អំពើ​ហិង្សា​រវាង​ពលរដ្ឋ​ជាមួយ​ក្រុម​អ្នក​កាង​ដី​នៅ​តំបន់​នោះ​ទៀត​ផង។

ពលរដ្ឋ​នៅ​ឃុំ​ជាំ​ក្រវៀន លោក វ៉ាន់ សំខាន់ ឱ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​មេសា រោង​ចាំ​ចម្ការ​របស់​ពលរដ្ឋ​ចំនួន​បី ត្រូវ​ជន​មិន​ស្គាល់​មុខ​ដុត​បំផ្លាញ។ លោក​ដាក់​ការ​សង្ស័យ​ថា រោង​របស់​ពួកគាត់​អាច​ត្រូវ​ក្រុម​អ្នក​កាង​ដី​នៅ​តំបន់​នោះ ឈ្មោះ កេង សាវឿន ជា​អ្នក​ដុត ពីព្រោះ​កន្លង​មក ក្រុម​នេះ​បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​ធ្វើ​ចម្ការ​នៅ​តំបន់​ពុលប្រម៉ា នាំ​គ្នា​ដក​ខ្លួន​ចេញ ដោយសារ​ដី​តំបន់​នោះ លោក កេង សាវឿន បាន​ទិញ​ពី​ក្រុមហ៊ុន ម៉ែន សារុន ជាង ៣០០​ហិកតារ ស្រប​ពេល​ពលរដ្ឋ​កាប់​ឆ្ការ និង​ដាំ​ដំណាំ​ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ៖ «គេ​ធ្វើ​ហ្នឹង ខ្ញុំ​ជឿ​ថា គេ​រំលោភ​ខ្លាំង​ណាស់។ ប្រសិនបើ​គេ​មិន​រំលោភ គេ​មក​តាម​អាជ្ញាធរ​ដែនដី ដូចជា​ឃុំ ដូចជា​ស្រុក​អី»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ក្រោយ​ពេល​មាន​ហេតុការណ៍​ដុត​រោង​អ្នក​ភូមិ ធ្វើ​ឱ្យ​ពួកគាត់​មាន​ក្តី​បារម្ភ​ថា នឹង​អាច​មាន​រឿង​នេះ​បន្ត​ទៀត ពីព្រោះ​បក្ខពួក​ក្រុម កេង សាវឿន បាន​គំរាម​ពលរដ្ឋ​ថា នឹង​ដុត​បន្ត​ទៀត ប្រសិនបើ​អ្នក​ភូមិ​មិន​ព្រម​ចាក​ចេញ​ពី​តំបន់​ដី​ជម្លោះ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​បញ្ឈប់​សកម្មភាព​ដុត​រោង​ប្រជាពលរដ្ឋ​បែប​នេះ ដោយ​រង់ចាំ​ការ​ដោះស្រាយ​ជា​មុន។

បញ្ហា​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន ម៉ែ សារុន នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ បើ​ទោះ​បី​ជា​អាជ្ញាធរ​ខេត្ត​បាន​ចុះ​ធ្វើ​អត្តសញ្ញាញកម្ម​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ក្តី។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​លោក កេង សាវឿន ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា។

ដោយ​ឡែក​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ជាំក្រវៀន លោក បេង រិទ្ធី បញ្ជាក់​ថា ខាង​លោក​បាន​ឱ្យ​មន្ត្រី​ខ្លួន​ចុះ​ពិនិត្យ​មើល​លើ​បញ្ហា​នេះ​ឃើញ​ថា រោង​ចាំ​ចម្ការ​របស់​ពលរដ្ឋ​ចំនួន​បី ត្រូវ​បាន​គេ​ដុត​បំផ្លាញ ប៉ុន្តែ​សំណុំ​រឿង​នេះ​បន្ត​ទៀត​យ៉ាង​ណា គឺ​ជា​ភារកិច្ច​របស់​អាជ្ញាធរ​ឃុំ​ទន្លូង ព្រោះ​កន្លែង​កើត​ហេតុ​គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​ឃុំ​ទន្លូង។

ជាមួយ​គ្នា​នេះ ជំទប់​ទី​១ ឃុំ​ទន្លូង ទទួល​បន្ទុក​ដីធ្លី លោក ពឹង ប៊ុន ថន មាន​ប្រសាសន៍​ថា ដី​តំបន់​នោះ​មិន​អាច​លក់ដូរ​បាន​ទេ ហើយ​ក្រុមហ៊ុន ម៉ែន សារុន មិន​បាន​លក់​ឱ្យ​លោក កេង សាវឿន ដែរ ពីព្រោះ​ស្ថិតនៅ​ជា​ដី​ជម្លោះ។ លោក​បន្ត​ថា លោក កេង សាវឿន ដែល​ជា​អតីត​កង​អង្គរក្ស​នៅ​ទួលក្រសាំង​ផង​នោះ ជា​អ្នក​រំលោភ​ដី​របស់​ក្រុមហ៊ុន​ទៅ​វិញ។

លោក​បន្ថែម​ថា នឹង​ចុះ​ស្រាវជ្រាវ​លើ​ករណី​ដុត​រោង​ចាំ​ចម្ការ​របស់​អ្នកភូមិ ប្រសិនបើ​អាជ្ញាធរ​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ៖ «គោលការណ៍​ធំ គឺ​ប្រជាពលរដ្ឋ​ហ្នឹង​ហើយ យើង​ដោះស្រាយ​ជូន​ពួកគាត់​ហើយ ប៉ុន្តែ​ឱ្យ​គាត់​ដាក់​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ»

ជំទប់​ឃុំ​ដដែល​ឱ្យ​ដឹង​ថា ក្រោយ​ពេល​ធ្វើ​អត្តសញ្ញាណកម្ម​ជា​ច្រើន​ដង ចំនួន​ពលរដ្ឋ​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន គឺ​កើន​ឡើង​រហូត​ជាង ៧០០​គ្រួសារ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ដីធ្លី​ទាំង​ឡាយ​ណា​ដែល​កំពុង​មាន​វិវាទ គ្មាន​បុគ្គល​ណា​មួយ​អាច​ជា​ម្ចាស់​កម្មសិទ្ធិ​បាន​ទេ ប្រសិន​គេ​នៅ​មិន​ទាន់​ដោះស្រាយ​ជម្លោះ​នោះ​បាន ប៉ុន្តែ​គេ​រក្សា​ស្ថានភាព​ដើម​ដដែល។ លោក​យល់​ថា សកម្មភាព​ដុត​រោង​ចាំ​ចម្ការ​របស់​ប្រជាពលរដ្ឋ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​អាជ្ញាធរ​មិន​អាច​អត់​អោន​ឱ្យ​បាន។ ជាមួយ​គ្នា​នេះ ដើម្បី​ជៀសវាង​អំពើ​ហិង្សា​កើត​ឡើង​នៅ​ពេល​ខាង​មុខ អាជ្ញាធរ​ត្រូវ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​មួយ​នេះ​ឱ្យ​បាន​ឆាប់រហ័ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។