លោក កឹម សុខា ជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា

ប្រធាន​ក្រុម​សំឡេង​ភាគ​តិច​ក្នុង​សភា និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ពី​បញ្ហា​នយោបាយ និង​ករណី​សកម្មជន​គណបក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ។

ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បាន​ផ្សព្វផ្សាយ​ថា លោក កឹម សុខា បាន​ជួប​ជាមួយ​លោក វីល្លៀម ហៃដ្ត (William Heidt) នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ មេសា នេះ។ កិច្ច​ពិភាក្សា​នោះ​បាន​ផ្ដោត​លើ​បញ្ហា​នយោបាយ​នានា ការ​ធ្វើ​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​រៀបចំ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​បោះឆ្នោត​ជាតិ ក្នុង​ពេល​ខាង​មុខ។

ស្រប​គ្នា​នេះ ក្នុង​ជំនួប​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​របស់​កម្មករ ការ​ខិតខំ​ប្រឆាំង​អំពើ​ពុករលួយ និង​ស្ថានភាព​ផ្លូវ​ច្បាប់​របស់​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ និង​តម្រូវការ​អោយ​សមាជិក​សភា​មក​ពី​គណបក្ស​នយោបាយ​ទាំង​អស់ អាច​ធ្វើការ​របស់​គេ​បាន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​នឹង​អំពើ​ហិង្សា ឬ​ការ​គំរាមកំហែង។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ហៃដ្ត ក៏​បាន​ប្រាប់​លោក កឹម សុខា ពី​គម្រោង​ថ្មីៗ​របស់​សហរដ្ឋអាមេរិក នៅ​កម្ពុជា ក្នុង​វិស័យ​សេដ្ឋកិច្ច នយោបាយ និង​ជំនួយ​បរទេស។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ជំនួប​នេះ​ពី​លោក កឹម សុខា ​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។