បុណ្យ​ភូមិ​រំលឹក​ឡើង​វិញ​ពី​ទម្រង់​សិល្បៈ​ខ្មែរ

ភ្នំពេញ៖ ក្រុម​យុវជន​ស្រលាញ់​សិល្បៈ «ភ្លើងគប់» បាន​សហការ​ជាមួយ​ស្ថានីយ​វិទ្យុអេប៊ីស៊ី ១០៧.៥ និង ៩២.៧ រៀប​ចំ​ពិធី​បុណ្យ​ភូមិ​លើក​ទី៣ ដើម្បី​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​សិល្បៈ​ខ្មែរ​ និង​អបអរ​ពិធី​បុណ្យ ចូល​ឆ្នាំ​នា​ពេល​ខាងមុខ ។ កម្មវិធី​នេះ​មាន​រយៈ​ពេល​បីថ្ងៃ ចាប់​ពីថ្ងៃ​ទី ៨ ដល់ ថ្ងៃ ១០ មេសា ឆ្នាំ ២០១៦ ប្រព្រឹត្ត​នៅ​វត្ត​ជ្រោយ​អំពិល ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី ភ្នំពេញ ។

ពិធី​បុណ្យ​ភូមិ ចាប់​ផ្តើម​ពី​ម៉ោង​៧​ព្រឹក ដល់ ម៉ោង ១០ យប់ ។ ពិធីបុណ្យភូមិលើកទី៣ នេះ​មាន ពិធី​សំពះ​គ្រូ ពិធី​រាប់​បាត្រ​ព្រះសង្ឃ ១០០ អង្គ ពិធី​ស្រង់​ព្រះ​រស់ ការ​សម្ដែង​ល្ខោន​ខោល និង​ស្រមោល ស្បែក​ធំ​(ទម្រង់​ថ្មី) ល្ខោននិយាយ ការ​សម្តែង​របាំ​ទៀន របាំ​បួង​សួង របាំ​ប្រជាប្រិយ​ប្លយ​សួយ របាំ បុរាណ​ទេព​មនោរម្យ របាំ​ប្រជាប្រិយ​នេសាទ របាំ​សហ​សម័យ របាំ​ត្រុដិ បទ​បង្ហាញ និង​ការ​សម្តែង​ចាប៉ី ដង​វែង ពិន​ខ្មែរ តន្រ្តី​ស្រុក​ស្រែ​ដែល​មាន​ការ​ចូល​រួម​សម្តែង​ដោយ​រថយន្ត​តន្រ្តី​ទិព្វ និង​ក្រុម Smallworld Smallband ព្រម​ទាំង​តន្រ្តី​ស្រុក​ស្រែ​ដោយ​ក្រុម​ជនពិការ មាន​កម្មវិធី​ចំអិន​ម្ហូប​ជាមួយ​ខ្នរ​ ធ្វើ​នំ​អន្សម​ខ្មែរ ចំអិន​សំឡ​ការី​ខ្មែរ ល្បែង​ប្រជាប្រិយ​ខ្មែរ រាំ​វង់​លក់​ផ្កា ល្បែង​បវរកញ្ញា​ធ្លាក់​ទឹក ​ជាដើម ។

កញ្ញា​រិទ្ឋី លំអរ​ពេជ្រ សហ​ស្ថាបនិក​ក្រុម «ភ្លើងគប់» និង​ជា​អ្នក​គ្រប់​គ្រង​កម្មវិធី «បុណ្យ​ភូមិ» បាន​បញ្ជាក់ ថា៖ «បុណ្យភូមិលើកទី៣ មាន​ភាព​ខុស​ប្លែក​ច្រើន​ពី​បុណ្យ​ភូមិ​ឆ្នាំ​មុន ភាព​ខុស​ប្លែក​ឆ្នាំ​នេះ គឺ យើង​យក រូប​ស្វា​ស្រុក​ស្វា​ស្រែ​មក​តំណាង ដែល​ឆ្នាំ​មុន​យើង ជ្រើស​យក​រូប​ហនុមាណ ។ ចំនុច​ទី២ គឺ​យើង​រៀបចំ បុណ្យ​ភូមិ​នៅ​វត្ត​ជ្រោយ​អំពិល ដែល​ប្លែក​ពី​ឆ្នាំ​មុន​ៗ​ធ្វើ​នៅ​វត្ត​ព្រែក​ថ្លឹង​ ដូចនេះ​បរិយាកាស នៃ​ការ​រៀប ចំ​ក៏​មាន​ការ​ផ្លាស់ប្តូរ ។ ចំនុចទី៣ នោះ​គឺ​យើង​បាន​លើក​ឡើង​របាំ​ខ្មែរ​ប្លែក​ៗ​ច្រើន ក្នុង​គោល បំណង​ឲ្យ ប្រជាជន​កម្ពុជា​បាន​យល់ ដឹង ទស្សនា​កេរ្ត៍​ដំណែល​ដែល​ដូនតា​បាន​បន្សល់​ទុក​អោយ។

ចំនុចទី៤ គឺ​ឆ្នាំនេះ​យើង​បាន​លើក​យក សម្លេង​អង្គរ ដែល​ជា​ភ្លេង​កម្រ​នឹង​មាន​ មក​បង្ហាញ​ជូន​នៅ​ថ្ងៃ​ចុង ក្រោយ។ ចំនុច​ចុងក្រោយ​ដែល​គួរ​អោយ​កត់​សម្គាល់​នា​ឆ្នាំ​នេះ គឺ​ចំនួន​យុវជន​ដែល​ ចូល​រួមស្ម័គ្រ​​ចិត្ត រៀបចំ កម្មវិធី​នា​ឆ្នាំនេះ កើន​ដល់ ៦០ នាក់ ដែល​ប្លែក​ពី​ឆ្នាំ​មុន​មាន​តែ ៣០នាក់ ប៉ុណ្ណោះ នេះ​សរ​បញ្ជាក់ ថា ទឹក​ចិត្ត​យុវជន​ខ្មែរ​ ស្រលាញ់​លើក​តម្កើង​សិល្បៈ​ខ្មែរ​កំពុង​តែ​មាន​ការ​កើន​ឡើង»។

គោល​បំណង​សំខាន់​នៃ​បុណ្យភូមិ គឺ​ដើម្បី​បង្កើន​ការ យល់​ដឹង​ពី​សិល្បៈ ​វប្បធម៌​ខ្មែរ​ ល្បែង​ប្រជាប្រិយ ខ្មែរ អបអរសាទរ បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិ បង្កើត​នូវ​ស្នាម ញញឹម​របស់​សិល្បករ​ រាល់​ពេល ពួក​គាត់​បញ្ចប់​ការ​សំដែង និង​ដើម្បី​ដុត​កម្តៅ​ទឹក​ចិត្ត​សិល្បករ​ខ្មែរ​ ក៏​ដូចជា​អ្នក​គាំទ្រ​អោយ​បន្តរ​គាំទ្រ ជាមួយ​នឹង​ការ​ស្រលាញ់​សិល្បៈ​បុរាណ។ កញ្ញា លំអ​ពេជ្រ ក៏​បាន​បន្ថែម​ផង​ដែរ​ថា៖ «ការ​បង្កើត​បុណ្យ​ភូមិ​នេះ ក៏​ចង់ បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព​របស់​យុវជន​ខ្មែរ​ នៅ​ពេល​ដែល​គាត់​ស្រឡាញ់​អ្វី​មួយ គាត់​ធ្វើ​រឿង នោះ​ជុំ​គ្នា នោះ​អ្វី​ៗ​នឹង​បាន​សម្រេច។ ខ្ញុំ​សង្ឃឹម​ថា​ទម្រង់​បុណ្យ​ភូមិ​នេះ​ នឹង​ក្លាយ​ទៅ​ជា​គម្រូ​ល្អ​មួយ ទៅ​កាន់ យុវជន​ខ្មែរ​ដទៃ​ទៀត​ដែល​ចង់​បង្កើត​អ្វី​ឲ្យ​កើត​ឡើង​»

គួរ​រំលឹក​ផង​ដែរ​ថា នា​ឆ្នាំ​មុន មាន​មនុស្ស​ចូល​រួម​បុណ្យ​ភូមិ​ប្រមាណ​ជាង មួយ​ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃ​ ហើយ​ពិធី​បុណ្យ​នេះ​បាន​កើត​ឡើង​ពីរ​ឆ្នាំ​ជាប់​គ្នា​មក​ហើយ​តាំង​ពី​ឆ្នាំ​២០១៤ ដែល​ប្រារព្ធ​នៅ វត្ត​ព្រែក​ ថ្លឹង ខេត្ត​កណ្តាល៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ហ្វេសប៊ុក​ជា​ផ្លូវ​ការ​របស់​បុណ្យ​ភូមិ​ជា​លើក​ទី​៣​ ឬទំនាក់ទំនងមក កញ្ញា ឃឹម ប៊ុនណូ​បែល អ្នក​សម្រប​សម្រួល​សារពត៌មាន តាម​រយ:លេខ​ទូរស័ព្ទ ០៩៨ ២២៧ ៦១៦ ឬ អ៊ីមែល [email protected]


  • បុណ្យ​ភូមិ​រំលឹក​ឡើង​វិញ​ពី​ទម្រង់​សិល្បៈ​ខ្មែរ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ជីវិតនិងសង្គម
Tags: