​រំឭក​​អនុស្សាវរីយ៍​ ៧​ឆ្នាំនៅ​លើ​វិថី Kpop ​​របស់​សមាជិក 2NE1ទាំង​៤

ក្រុម​ចម្រៀង​នារី 2NE1 នឹង​បន្ត​ដើរ​ទៅ​មុខ​ទៀត តែ​គេ​មិន​អាច​មិន​គ្រាំ​ចិត្ត​នៅ​ពេល​រំឭក​ដល់​អនុស្សាវរីយ៍​ដែល​សមាជិក​ទាំង​៤​បាន​ឆ្លង​កាត់​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​កន្លង​មក។

 

ខែ​មីនា ឆ្នាំ ២០០៩ អ្នក​គាំទ្រ Kpop បាន​ជួប 2NE1 ជា​លើក​ដំបូង​ដែល​ជា​ក្រុម​ចម្រៀង​នារី​ទី​១​របស់​ផលិតកម្ម YG ក្រោយ​ពេល​ហ្វឹកហាត់​អស់​ជា​យូរ​ឆ្នាំ។ នៅ​ពេល​នោះ 2NE1 បាន​សហការ​ជាមួយ​ក្រុម​ចម្រៀង​រៀមច្បង Big Bang ដើម្បី​ច្រៀង​បទ​ផ្សាយ​ពាណិជ្ជកម្ម “Lollipop” ឲ្យ​ម៉ាក​ទូរសព្ទ​មួយ ហើយ​ស្រាប់​តែ​ល្បី​ឈ្មោះ​ហួស​ការ​រំពឹង​ទុក។

 

 

ជាង​២​ខែ​ក្រោយ​មក ស្រី​ស្អាត​ទាំង​៤​នេះ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​តាម​រយៈ​បទ​ចម្រៀង​ដំបូង “Fire”។ ក្រោយ​២៤​ម៉ោង វីដេអូ​ចម្រៀង​របស់​ “Fire” បាន​មាន​ចំនួន​អ្នក​​​ទស្សនា​ជាង​១​លាន​ដង ហើយ​ពេល​នោះ​គឺ​ជា​ឆ្នាំ ២០០៩ កំឡុង​ពេល​ដែល Youtube មិន​ទាន់​ពេញ​និយម​ដូច​សព្វ​ថ្ងៃ។

 

 

២០០៩ គឺ​ជា​ឆ្នាំ​ដែល​កំពូល​ក្រុម​ចម្រៀង​នារី Kpop ជា​ច្រើន​បាន​បង្ហាញ​មុខ​ដូច​ជា After School, 4minute និង T-ara ជា​ដើម តែ​​វា​មិន​ហួសហេតុ​នោះ​ទេ​នៅ​ពេល​និយាយ​ថា 2NE1 គឺ​ជា​ក្រុម​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​ជាង​គេ​ក្នុង​ឆ្នាំ​ដដែល។ “Fire” ចាប់​ផ្ដើម​ល្បី​រន្ទឺ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស និង​បាន​នាំ​មក​ឲ្យ 2NE1 ពាន​រង្វាន់​ទី​១​ក្រោយ​ពេល​បង្ហាញ​មុខ​តែ​១​ខែ​នៅ​លើ​កម្មវិធី Inkigayo របស់ SBS។

 

២០០៩ ក៏​ជា​ឆ្នាំ​ដែល 2NE1 ប្រមូល​គ្រប់​ពាន​រង្វាន់​សម្រាប់​​ក្រុម​ចម្រៀង​ថ្មី​ល្អ​បំផុត​ផង​ដែរ​ ខណៈ​ដែល​ពួក​គេ​​បាន​ឈ្នះ​ពាន​រាប់​មិន​អស់​ក្នុង​កម្មវិធី​ដូច​ជា Asia Song Festival, Cyworld Digital Music Awards, Melon Music Awards, Mnet 20’s Choice Awards, Mnet Asian Music Awards មាន​តែពានរង្វាន់ Golden Disk Awards តែមួយគត់ត្រូវ​ធ្លាក់​ចូល​ដៃ T-ara។ នេះ​មិន​ទាន់​គិត​ពាន​រង្វាន់​ប្រចាំ​សប្ដាហ៍​ដូច​ជា M! Countdown, Music Bank, Music Core និង Inkigayo ផង។

 

​រំឭក​​អនុស្សាវរីយ៍​ ៧​ឆ្នាំនៅ​លើ​វិថី Kpop ​​របស់​សមាជិក 2NE1ទាំង​៤

2NE1 ប្រមូល​គ្រាប់​ពានរង្វាន់​ទាំង​អស់សម្រាប់​ក្រុម​ចម្រៀង​ថ្មី​ឆ្នាំ ២០០៩

 

ខែ​មិថុនា ឆ្នាំ២០១១ 2NE1 បញ្ចេញ​បទ “I Am The Best” នៅ​ពាក់​កណ្ដាល​អធ្រាត្រ​យប់​ទាំង​មិន​ដឹង​ថា​បទ​នេះ​នឹង​ក្លាយ​ជា hit ល្បី​បំផុត​នៅ​ក្នុង​អាជីព​របស់​ខ្លួន។ មិន​ត្រឹម​តែ​កក្រើក​នៅ​កូរ៉េ “I Am The Best” បាន​ឈ្លាន​ពាន​ដល់​ប៉ុស្តិ៍​វិទ្យុ​របស់​អាមេរិក កម្មវិធី​រាំ “So You Think You Can Dance” រដូវ​កាល​ទី១០ ថែម​ទាំង​លេច​មុខ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម Surface Pro 3 របស់ Microsoft ទៀត​ផង។ “Naega Jeil Jal Naga” ត្រូវ​បាន​​គេ​បន្ទោរ​ឡើង​នៅ​គ្រប់​ច្រកល្ហក​ទាំង​អស់។

 

“I Am The Best” បទ​ចម្រៀងល្បីបំផុតក្នុងអាជីពរបស់ 2NE1

 

នៅ​ពេល 2NE1 ត្រលប់​មក​ឆាក​ប្រកួត Kpop នៅ​ដើម​ឆ្នាំ ២០១៤ ជាមួយ​អាល់ប៊ុម “Crush” អ្នក​គាំទ្រ​ជា​ថ្មី​ម្ដង​ទៀត​បាន​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​គុណភាព​ក៏​ដូច​អត្ថន័យ​ពិសេស​របស់​បទ “Come Back Home”។ “Crush” បាន​ជួយ​ឲ្យ 2NE1 ផ្ដួល​គូ​ប្រកួត​របស់​ខ្លួន ក្រុម​ចម្រៀង Girl’s Generation និង​ក្លាយ​ជា​អាល់ប៊ុម​លក់​ដាច់​បំផុត​ក្នុង​ឆ្នាំ​និង​មាន​​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​លើ​តារាង Billboard 200។ គួរ​ឲ្យ​សោក​ស្ដាយ នេះ​ក៏​ជា​សមិទ្ធផល​ចុង​ក្រោយ​របស់ 2NE1 មុន​ពេល​រឿង​អាស្រូវ​គ្រឿង​ញៀន​របស់ Park Bom ផ្ទុះ​ឡើង​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៤ ធ្វើ​ឲ្យ​ក្រុម​ត្រូវ​ផ្អាក​គ្រប់​សកម្មភាព​សិល្បៈ​ក្នុង​ស្រុក​ទាំង​ស្រុង។

 

​រំឭក​​អនុស្សាវរីយ៍​ ៧​ឆ្នាំនៅ​លើ​វិថី Kpop ​​របស់​សមាជិក 2NE1ទាំង​៤

2NE1 បាន​ផ្ដួល​គូប្រកួត​របស់​ខ្លួន​ជាមួយបទ “Come Back Home” ក្នុងអាល៊ប៊ុម “Crush”

 

ដើម​ខែ​ធ្នូ ឆ្នាំ​ទៅ Blackjacks (ឈ្មោះ​អ្នក​គាំទ្រ 2NE1) បាន​ត្រេកអរ​លើស​ពី​ការ​ស្មាន​នៅ​ពេល 2NE1 បាន​បង្ហាញ​មុខ​ជាមួយ​សមាជិក​ទាំង​៤​ពេញលេញ​នៅ​លើ​ឆាក MAMA 2015។ កំពូល​ក្រុម​ចម្រៀង​នេះ​បាន​សម្ដែង​បទ “Fire” និង “I Am The Best” ទាំង​មិន​ខ្វល់​នឹង​ការ​រិះគន់​របស់ anti fan ក្នុង​រយៈ​ពេល​ជិត​២​ឆ្នាំ​កន្លង​ទៅ។ Blackjacks បាន​រំពឹង​ថា ជាមួយ​ការ​បង្ហាញ​ខ្លួន​បែប​នេះ ការ​ត្រលប់​មក​ជា​ក្រុម​របស់ 2NE1 ប្រាកដ​ជា​នៅ​មិន​ឆ្ងាយ​ទៀត​ឡើយ។ ជាអកុសល ការ​សម្ដែង​នៅ MAMA 2015 នេះ​ក៏​ជា​ឆាក​សម្ដែង​ចុង​ក្រោយ​ដែល​មាន​មុខ​តារា​ចម្រៀង​ទាំង​៤​ផង​ដែរ ដោយ​ចាប់​ពី​ពេល​នេះ​ទៅ Minzy នឹង​លែង​មាន​មុខ​នៅ​ក្នុង 2NE1 ជា​រៀង​រហូត៕

 

​រំឭក​​អនុស្សាវរីយ៍​ ៧​ឆ្នាំនៅ​លើ​វិថី Kpop ​​របស់​សមាជិក 2NE1ទាំង​៤

ការ​សម្ដែង​នៅ MAMA 2015 គឺ​ជាឆាក​ចុងក្រោយដែល​មាន​មុខ​សមាជិកទាំង៤របស់ 2NE1

 

ចុចអាន៖សញ្ញា​ទាំង​ឡាយ​ដែល​ប្រាប់​ថា Minzy ចង់​ដើរ​ចេញ​ពី 2NE1 តាំង​ពី​យូរ​មក​ម្ល៉េះ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14