ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​92​នាក់

បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក ព្រមទាំង​មន្ត្រី​រាយការណ៍​កាលពី​ថ្ងៃ​ទី​៦ មេ​សា ថា មនុស្ស​យ៉ាងតិច​៩២​នាក់​ស្លាប់ និង​៧៧​នាក់​ទៀត​រង​របួស ដោយសារ​គ្រោះថ្នាក់​ដាច់​ដោយឡែក​ពី​គ្នា​មក​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន​រយៈពេល​៥​ថ្ងៃ​ចុង​ក្រោយ​នេះ ។

អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ NDMA ថ្លែង​ថា មនុស្ស​៦៥​នាក់​ស្លាប់ និង​៦១​នាក់​ទៀត​រង​របួស​នៅ​ខេត្ត KHYBER PAKHTUNKHWA នា​ភាគ​ពាយ័ព្យ​ប្រទេស​ដែល​នៅ​ទីនោះ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បំផ្លាញ​ផ្ទះ​៩២៩​ខ្នង និង​បង្ក​ឱ្យ​មានការ​បាក់​ដី​ជា​ច្រើន​កន្លែង ។ ហាង​ទំនិញ​ជាង​៧០​នៃ​ទីក្រុង​ប៉េ​សាវ៉ា ទីប្រជុំជន​ខេត្ត ព្រមទាំង​ស្ពាន និង​ផ្លូវថ្នល់​ទាំងឡាយ​ត្រូវ​បាក់​ដោយសារ​ទឹកជំនន់ ។ ភ្លៀង​ធ្លាក់​ដូច​ចាក់ទឹក និង​ធ្លាក់​ដុំ​ព្រិល​ក៏​បណ្តាល​ឱ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​នូវ​ផលដំណាំ​នានា​នៃ​ខេត្ត​នេះ ។

នៅ​ភាគ​ខាងជើង​ប្រទេស​គឺ​នៅ GILGIT BALTISTAN មនុស្ស​១៥​នាក់​ស្លាប់ ហើយ​៧​នាក់​ទៀត​រង​របួស រួច​ផ្ទះ​១៧៣​ខ្នង រង​ការ​បំផ្លាញ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ។ អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រកាស​អាសន្ន ហើយ​បាន​ស្នើ​សុំ​ជំនួយ​ជួយ​ដល់​មនុស្ស​ទាំងឡាយ​ដែល​រង​ការ​ប៉ះពាល់ ។

នៅ​ភាគ​ឦសាន​ប្រទេស​មនុស្ស​១២​នាក់​ស្លាប់ ៩​នាក់​ទៀត​រង​របួស ហើយ​ផ្ទះ​១០៧​ខ្នង​រង​ការ​បំផ្លាញ ។

នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​ណា​វ៉ាស់ សារី​ហ្វ បាន​សម្តែង​ភាព​ក្តុកក្តួល​ចំពោះ​ការ​ស្លាប់​មនុស្ស​យ៉ាងច្រើន ព្រមទាំង​បាន​ស្នើ​ដល់ NDMA និង​បណ្តា​អាជ្ញាធរ​ទាក់ទិន​ឱ្យ​ផ្តល់​ជំនួយ​ចាំបាច់​ដល់​ជន​រង​គ្រោះ ហើយ​ជួយ​ព្យាបាល​សម​ស្រប​ចំពោះ​បណ្តា​អ្នក​របួស ព្រមទាំង​ផ្តល់​ជម្រក និង​ស្បៀង ។

យោង​តាម​ទីភ្នាក់ងារ​ឧតុនិយម​ថា ភ្លៀង​អាច​ឈប់​ធ្លាក់​ខ្លាំង​ក្នុង​ប្រទេស ក៏​ប៉ុន្តែ​អាច​បន្ត​ធ្លាក់​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​នា​ស​ប្តា​ហ៍​ខាង​មុខ ៕