នាយក​រដ្ឋមន្ត្រី​ថ្មី​វៀតណាម​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង

នាយក​រដ្ឋមន្ត្រី​ថ្មី​វៀតណាម លោក NGUYEN XUAN PHUC បាន​ធ្វើ​សច្ចាប្រណិធាន ចូល​កាន់​តំណែង​សម្រាប់​រយៈពេល​៥​ឆ្នាំ​កាលពី​ថ្ងៃ​ទី​៧ មេ​សា ក្រោយ​ការ​អនុម័ត​របស់​សភាជាតិ​លើ​ការ​តែងតាំង​រូប​លោក​ដូច​ការ​សម្រេច​របស់​សមាជជាតិ​នៃ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​កាលពី​ខែមករា ។

លោក PHUC អាយុ​៦១​ឆ្នាំ មាន​ដើម​កំណើត​នៅ​ភាគ​កណ្តាល​វៀតណាម​ទទួល​ការ​ជ្រើសតាំង​ដោយ​សំឡេង​ជាង​៩០%​ក្នុង​សភា ។ លោក​ជា​បេក្ខជន​តែ​មួយ​រូប​គត់​ស្នើ​ឡើង​ដោយ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​ក្នុង​ឱកាស​នៃ​សមាជ​បក្ស ។

ដកស្រង់​សម្តី​ដោយ​ទូរទស្សន៍​រដ្ឋ​អតីត​ឧបនាយករដ្ឋមន្ត្រី​រូប​នេះ​ថ្លែង​ថា «​ខ្ញុំ​នឹង​ធ្វើ​អ្វី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បម្រើ​ប្រទេស និង​ប្រជាជន​» ។

រាល់​ការ​សម្រេចចិត្ត​សំខាន់​ៗ​នៃ​របប​កុំ​មុ​យ​នី​ស្ត​វៀតណាម​ត្រូវធ្វើ​ដោយ​សមាជិក​ទាំង​១៩​រូប នៃ​ការិយាល័យ​នយោបាយ​របស់​បក្ស ដែល​ជា​ស្ថាប័ន​ដឹកនាំ​ជាន់ខ្ពស់​បំផុត​របស់​ប្រទេស ។

ក្នុង​ឱកាស​សមាជជាតិ​បក្ស​កាលពី​ខែមករា អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម លោក​ង្វៀ​ន ភូ​ជុង នៅ​រក្សា​តំណែង​របស់​លោក ដែល​ផ្តល់​ជ័យជម្នះ​ដល់​ក្រុម​អភិរក្សនិយម​លើ​ក្រុម​អ្នក​កែទម្រង់​នាំមុខ​ដោយ​នាយក​រដ្ឋមន្ត្រី លោក​ង្វៀ​ន តាន់​យុង ដែល​បាន​សុំ​លាលែង​កាលពី​ថ្ងៃ​ទី​៦ មេ​សា ។

កាលពី​ថ្ងៃ​ទី​២ មេ​សា ឧត្តមសេនីយ៍​ប៉ូលិស​លោក TRAN DAI QUANG ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​វៀតណាម ។

យោង​តាម​ពួក​អ្នកវិភាគ​ថា ការ​តែងតាំង​បណ្តា​មេដឹកនាំ​ថ្មី​វៀតណាម​ត្រូវ​បាន​ជំរុញ​នា​ឆ្នាំ​នេះ ព្រោះ​អ្នកនយោបាយ​ជា​ច្រើន​បាន​សុំ​ចូ​ូ​ល​និវត្តន៍ ហើយ​ក៏​ដើម្បី​រៀបចំ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​វៀតណាម​នា​ដំណាច់​ខែឧសភា​ខាង​មុខ​នេះ​ផង​ដែរ ៕