លោក រង្ស៊ី ចង់​បាន​មេធាវី​ការពារ​ស្រី​កំណាន់​របស់​លោក កឹម សុខា

កាលពី​ម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង បាន​ណែនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ជួល​មេធាវី​ការពារ​ស្រី​កំណាន់​ដែល​គេ​ថា​ជា​របស់​លោក កឹម សុខា អនុប្រធាន​របស់​លោក ដើម្បី​ជួយ​នាង​ត​ទល់​ការ​ចោទ​ប្រកាន់​ពី​បទ​អំពើ​ពេស្យាចារ​និង​ការ​បរិហារ​កេរ្តិ៍ ដែល​នាង​ប្រឈម បន្ទាប់ពី​កោះ​ហៅ​មក​តុលាការ​ដើម្បី​សាកសួរ​កាលពី​ថ្ងៃ​សុក្រ។

ខុម ចាន់ដារ៉ាទី ដែល​គេ​ចោទ​ថា​ជា​ស្រី​ក្នុង​ខ្សែអាត់​ដែល​លេច​ធ្លាយ​ដែល​ថា​លោក សុខា បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ស្នេហា​នោះ ត្រូវ​បាន​កោះ​ហៅ​មក​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ឆ្លើយ​សំណួរ បន្ទាប់ពី​សកម្មជន​នយោបាយ​គឺ ធី សុវណ្ណថា ប្តឹង​ពី​បទ​បរិហារ​កេរ្តិ៍​ទាក់ទិន​នឹង​ខ្សែអាត់​សំឡេង​កាលពី​ខែ​មុន។

ក្នុង​អុីម៉េល​មួយ​ផ្ញើ​ទៅ​លោក​ស្រី មូរ សុខហួរ  ប្រធាន​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ លោក រង្ស៊ី បាន​និយាយ​ថា គណបក្ស​ត្រូវ​ធ្វើ​សកម្មភាព បើ​ទោះ​ជា​មាន​គោលនយោបាយ​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​និយាយ​ប្រឆាំង​លោក សុខា ក៏ដោយ។

cam-photo-mistress-channa-WEB-ONLYលោក រង្ស៊ី បាន​សរសេរ​ថា “សូម​ជម្រាប លោក​ស្រី សុខហួរ មិន​មាន​មូលដ្ឋាន​តាម​ផ្លូវ​ច្បាប់​ដាក់​ការ​ចោទ​ប្រកាន់​នាង​ទេ”។ លោក​បាន​លើក​ឡើង​ថា បណ្តឹង​ធ្វើ​ឡើង​ដោយ​កញ្ញា សុវណ្ណថា ដែល​ត្រូវ​គេ​លើក​មក​និយាយ​ក្នុង​ខ្សែ​អាត់​សំឡេង​នោះ មិន​ស៊ី​គ្នា​ជាមួយ​នឹង​ការ​ចោទ​ធ្វើ​ឡើង​នេះ​ទេ។

“ពេស្យាចារ: ក្នុង​បណ្តឹង​របស់ ធី សុវណ្ណថា មិន​ចោទ​នាង (មិន​ទាំង​និយាយ​ដល់​ផង) ពី​រឿង​ពេស្យាចារ​ទេ ប៉ុន្តែ (អាច​ដោយ​ប្រយោល)​ពី​បទ​បរិហារកេរ្តិ៍​ប៉ុណ្ណោះ។

លោក​បាន​និយាយ​ថា “បរិហារកេរ្តិ៍: ការ​ចោទ​នេះ​អាច​អនុវត្ត​ទៅ​បាន នៅ​ពេល​ណា​អ្នក​បញ្ចេញ​មតិ​អ្វី​មួយ​ជា​សាធារណៈ។ ប៉ុន្តែ ការ​សន្ទនា​នោះ​ជា​ឯកជន ដែល​លួច​ថត​សំឡេង​និង​លេច​ធ្លាយ​ដោយ​ខុស​ច្បាប់ ដោយ​គេ​មិន​ដឹង”។

លោក រង្ស៊ី បាន​និយាយ​បន្ថែម​ថា “ការ​ចោទ​ទី២​នេះ​ជា​ជន​រងគ្រោះ ហើយ​មិន​មែន​ជា​ជន​ល្មើស​ទេ។ សូម​រក​មេធាវី​ពូកែ​វែកញែក​ទឡ្ហីករណ៍​ទាំង​នេះ”។

លោក​ស្រី មូរ សុខហួរ បាន​និយាយ​ថា លោក​ស្រី​ជឿ​ថា កញ្ញា ចាន់ដារ៉ាទី មាន​មេធាវី​ម្នាក់​រួច​ហើយ ហើយ​នឹង​សម្របសម្រួល​ជាមួយ​ពួកគេ។

លោក​ស្រី​បាន​និយាយ​ក្នុង​អីុម៉េល​ថា “នាង​មាន​មេធាវី​ម្នាក់។ ខ្ញុំ​មាន​មេធាវី​ម្នាក់ ហើយ​[ខ្ញុំ]​កំពុង​ពិភាក្សា​អំពី​ហេតុផល​តាម​ផ្លូវ​ច្បាប់​ជាមួយ​នាង”។

លោក​ស្រី សុខហួរ បាន​បង្ហាញ​ថា ប្រសិនបើ​ការ​អះអាង​រឿង​ស្នេហា​នោះ​ត្រឹម​ត្រូវ​មែន​ក៏ដោយ ក៏​ការ​ចោទ​ពី​បទ​ពេស្យាចារ​គឺ​មិន​សម​ហេតុ​សម​ផល​ទេ។

លោក​ស្រី​បាន​និយាយ​ថា “ប្រទេស​កម្ពុជា​មាន​ច្បាប់​ឆ្នាំ​២០០៨​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស និង​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០១០។ ក្រោម​ច្បាប់​ទាំង​ពីរ​នេះ អ្នក​រកស៊ី​ផ្លូវ​ភេទ មិន​អាច​ចាត់​ទុក​ជា​ឧក្រិដ្ឋជន​បាន​ទេ។ ច្បាប់​ឆ្នាំ​២០០៨​មិន​ដាក់​ទណ្ឌកម្ម​លើ​ម៉ូយ​នីតិជន ឬ​អ្នក​រកស៊ី​ផ្លូវ​ភេទ​ទេ”។

លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក បាន​និយាយ​ថា គ្រួសារ​របស់​កញ្ញា ចាន់ដារ៉ាទី កាលពី​ថ្ងៃ​ពុធ​បាន​ដាក់​សំណើ​មួយ​សុំ​ពន្យារ​ពេល​ការ​សាកសួរ​នៅ​ថ្ងៃ​សុក្រ ពីព្រោះ​ពួកគាត់​កំពុង​មាន​បញ្ហា​ក្នុង​ការ​រក​មេធាវី។

ព្រះ​រាជអាជ្ញា​រង​លោក សៀង សុខ បាន​និយាយ​ថា លោក​មិន​ទាន់​បាន​ទទួល​សំណើ​នោះ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ថា លោក​នឹង​ពិចារណា​សំណើ​នេះ។ លោក​បាន​និយាយ​ថា “ទាក់ទិន​នឹង​បញ្ហា​នេះ វា​ជា​សិទ្ធិ​របស់​នាង​ក្នុង​ការ​សុំ​ពន្យារ​ពេល ប៉ុន្តែ​យើង​អាច​កោះហៅ​នាង​ជាថ្មី”។

លោក អីុ សុខឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ក្រសួង​មហាផ្ទៃ ដែល​បាន​សាកសួរ កញ្ញា ចាន់ដារ៉ាទី កាលពី​ខែ​មុន និង​បាន​ស្នើ​ដាក់​ការ​ចោទ​ប្រកាន់ “ពេស្យាចារ” ទៅ​តុលាការ​នោះ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ពុធ។

ទោះជា​យ៉ាង​ណា កាលពី​ថ្ងៃ​សុក្រ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ហេតុផល​ដូចគ្នា​ដែល​ស្នើ​ដោយ​លោក រង្ស៊ី លោក សុខឃី មិន​បាន​ផ្លាស់​ប្តូរ​ជំហរ​ទេ។

ឧត្តមសេនីយ៍​ឯក សុខឃី បាន​និយាយ​អំពី​អ្នក​រិះគន់​លើ​សេចក្តី​សម្រេច​របស់​លោក​ថា “គេ​អាច​និយាយ​អ្វី​ដែល​ពួកគេ​គិត ពីព្រោះ ជា​សិទ្ធិ​របស់​ពួកគេ។ យើង​ធ្វើការ​ទៅ​តាម​ភាព​ជាក់​ស្តែង​នៃ​ការ​ស៊ើបអង្កេត​របស់​យើង”៕ និត

 

The post លោក រង្ស៊ី ចង់​បាន​មេធាវី​ការពារ​ស្រី​កំណាន់​របស់​លោក កឹម សុខា appeared first on ខេមបូឌា ដេលី.