តារាចម្រៀង​ស្រី​ម្នាក់​ស្លាប់ ក្រោយ​ត្រូវ​ពស់វែក​ចឹក ក្នុងអំឡុង​ច្រៀង និង​សម្តែង​ជាមួយ​ពស់​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​

​តារាចម្រៀង​ស្រី​ល្បីល្បាញ​១​ដូង នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​ស្លាប់​ក្នុងអំឡុងពេល​នៃ​ការសម្តែង​នៅលើ​ឆាក ក្រោយពី​នាង​ត្រូវបាន​ពស់​ចឹក និង​បដិសេធ​ពុំ​ព្រម​ទទួល​ការព្យាបាល​ដោយ​វិទ្យាសាស្ត្រ ។​

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​រាត្រី​ថ្ងៃ​សៅរ៍ កន្លងមកនេះ ខណៈពេលដែល Irma Bule អាយុ ២៩ ឆ្នាំ បាន​កំពុង​ចម្រៀង​នៅឯ​កម្ម​ពិធី​ប្រគុំ​តន្ត្រី​១​កន្លែង ក្នុង​ទីក្រុង Karawang ។​

Irma ដែល​ត្រូវបាន​គេ​ស្គាល់​ថា​តែង​រាំ​ជាមួយ​ពស់​នៅលើ​ឆាក ដែលជា​ផ្នែក​មួយ​នៃ​ការសម្តែង​របស់​នាង​, បាន​នាំយក​ពស់វែក​មក​តាម ដើម្បី​សម្តែង​នៅឯ Concert នោះ ។ ក្នុង​ពាក់កណ្តាល​នៃ​បទ​ចម្រៀង​ទី​២​របស់​នាង​, Irma បាន​បញ្ចេញ​កាយវិការ​ចាប់​កន្ទុយ​ពស់​, ប៉ុន្តែ ជា​លទ្ធផល នាង​ត្រូវ​ពស់​ចឹក​ចំ​ភ្លៅ​តែម្តង ។ ជាជាង​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ភ្លាមៗ​, Irma ក៏​បន្ត​ច្រៀង​តទៅទៀត ។​

​ដំបូង នាង​ពុំ​ទទួលរង​ឥទ្ធិពល​អ្វី​ពី​ការ​ចឹក​ទេ​, និង​សូម្បី​បដិសេធ​ពុំ​ទទួលយក​ថ្នាំបន្សាប​ជាតិពុល​ទៀតផង ។ ប៉ុន្តែ ក្រោយ​រយៈពេល ៤៥ នាទី​, Irma បានចាប់ផ្តើម​ក្អួត​, ប្រកាច់ និង​ចាប់ផ្តើម​ញ័រ​ពេញ​ខ្លួនប្រាណ​តែម្តង ។​

​នាង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​, ប៉ុន្តែ ជា​អកុសល នាង​ត្រូវបាន​ប្រកា​សថាបាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ។ យ៉ាងណាមិញ គ្រូពេទ្យ​ក៏បាន​បញ្ជាក់ថា នាង​ស្លាប់​គឺ​ដោយសារ​ពស់​ចឹក ៕

តារាចម្រៀង​ស្រី​ម្នាក់​ស្លាប់ ក្រោយ​ត្រូវ​ពស់វែក​ចឹក ក្នុងអំឡុង​ច្រៀង និង​សម្តែង​ជាមួយ​ពស់​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​Irma Bule កំពុងច្រៀង និងសម្តែងជាមួយពស់ នៅលើឆាកប្រគុំតន្រ្តី