អង្គភាពប្រឆាំងអំពើពុករលួយថាលោក ស៊ុត ឌីណា មានលុយជាង៧លានដុល្លារនិងមាសជិត១៣គីឡូ

អង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឲ្យដឹងថាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ដែលអង្គភាពបានឃាត់ខ្លួនកាលពីថ្ងៃច​ន្ទ​ មានលុយចំនួន៧,២លានដុល្លារអាមេរិកនិងមានមាស៣៣៩តម្លឹងឬស្មើនឹងជិត១៣គីឡូក្រាម ប៉ុន្តែ​ក្រុមគ្រួសារ​បាន​ច្រាន​ចោល​ការលើក​ឡើង​នេះ។​

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងថាយោងតាមការចុះស៊ើបអង្កេតរបស់ACU នៅក្នុងប្រទេសនិងនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងចម្លើយសារភាពរបស់លោក ស៊ុត ឌីណានិងសាក្សីជាច្រើនទៀត អង្គភាពបានរកឃើញថាលោក ស៊ុត ឌីណា មានលុយនៅក្រៅធានាគារចំនួន៧,២លានដុល្លារនិងមានមាស១២,៤៧គីឡូក្រាម។ អង្គភាពឲ្យដឹងទៀតថាចំនួនទឹកប្រាក់នេះបង្ហាញថាកំណើនសាច់ប្រាក់របស់លោក ស៊ុត ឌីណា ក្នុងរយៈពេល៣ឆ្នាំមានចំនួន៣លានដុល្លារ ដោយក្នុងឆ្នាំ២០១៣ លោកមានប្រាស់ចំនួន៤,២លានដុល្លារអាមេរិក។

អង្គភាពប្រឆាំងអំពើពុករលួយថាលោក ស៊ុត ឌីណា មានលុយជាង៧លានដុល្លារនិងមាសជិត១៣គីឡូឯក​អគ្គ​រាជទូត​ប្រចាំប្រទេស​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា(រូបថតពីហ្វេសប៊ុករបស់លោក)

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល អង្គភាពបញ្ជាក់​ថា​ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលជាពេល លោកចាកចេញទៅធ្វើជាឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូង រហូតមកដល់បច្ចុប្បន្ន លោក ស៊ុត ឌីណា បានធ្វើដំណើរទៅមករវាងប្រទេសកូរ៉េនិងប្រទេសកម្ពុជាចំនួន២១លើក ក្នុងរយៈពេល២៥ខែនោះ ដែលមានន័យថាស្ទើរតែ១ខែ១លើក។ អង្គភាពលើក​ឡើង​ថា​ខ្លួនមានភស្តុតាងគ្រប់គ្រាន់ដើម្បីកសាងសំណុំ​បែបបទបញ្ជូនលោក ស៊ុត ឌីណា ទៅតុលាកា​រ។ អង្គភាពឲ្យដឹងទៀតថាអាស្រ័យដោយពេលវេលាកាសងបែបបទមានតែ៤៨ម៉ោង អង្គភាពបានសម្រេចកាសងសំណុំរឿងប្រមូលផ្ដុំលើ២បទល្មើសសិន។

អង្គភាព​បញ្ជាក់​ថា​ការ​ឃាត់ខ្លួន​លោក ស៊ុត ឌីណា ធ្វើឡើ​ងតាមពាក្យ​បណ្តឹង​របស់​ពលករខ្មែរ​នៅប្រទេស​កូរ៉េខាងត្បូង​និង​ពាក្យ​បណ្តឹង​របស់​មន្រ្តីក្រសួងការបរទេស​កម្ពុជានិង​កំណត់​ហេតុ​សវនកម្ម​នៃ​ប្រតិភូចម្រុះក្រសួងសេដ្ឋកិច្ច​និងក្រសួងការបរទេសដែល​អង្គភាព​បានអះអាង​ថា​លោក​ ស៊ុត ឌីណា បាន​ឃើញ​និង​ឯកភាព​កាលពីថ្ងៃទី​១៩ខែមករា ឆ្នាំ​២០១៦។​

ទោះយ៉ាងណា អង្គភាពពុំបានបញ្ជាក់ថាបទចោទអ្វីនោះទេ។ វីអូឌីមិនទាន់អាចសុំការអធិប្បាយបន្ថែមពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បាននៅឡើយទេ។ ទោះយ៉ាងណា លោកនឹងធ្វើសន្និសីទសារព័ត៌មានស្ដីពីករណីលោក ស៊ុត ឌីណា នៅរសៀលម៉ោង៣ ថ្ងៃព្រហស្បតិ៍នេះ​។

ម្តាយ​របស់​លោក ស៊ុត ឌីណា អ្នក​ស្រី យ៉ាំ ឈីវអេង អាយុ​៦៧ ឆ្នាំ បាន​បដិសេធ​នឹង​ការលើក​ឡើង​របស់អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ ដោយ​ថា​កូន​របស់អ្នកស្រីមិន​មានលុយ​ទៅដល់​ថ្នាក់ហ្នឹងនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ “កុហកទាំងស្រុង ​មាន​មាស​ប៉ុន្មាន​១០គីឡូ​ អាណាស្អី។ ឲ្យ​ដើ​រសួរធនាគារ​គ្រប់ទៅ វា​មិនពិត​ទេអូន ខ្ញុំ​ឲ្យគាត់​ដើរសួរតាមធនាគារទាំងអស់ទៅ​​ ទៅ​ដាក់ធនាគារ​ឯណា៧លាន ៧សែន ឯណោះ​ បើ​មានលុយប៉ុណ្ណោះ ​ទិញឡានជិះ ខ្ញុំ​​លើកផ្ទះថ្មនៅ​”

អ្នកស្រីបន្តថា​លោក​ត្រូវ​បាន​រដ្ឋមន្រ្តីក្រសួង​ការបរទេស​លោក ហោ ណាំហុង ហៅ​មកប្រជុំ ទើប​លោក​មក​ ហើយ​មានការ​ចាប់ខ្លួន​នៅ​ក្រសួងការបរទេសកាលពីថ្ងៃចន្ទ។​

អង្គភាពប្រឆាំងអំពើពុករលួយថាលោក ស៊ុត ឌីណា មានលុយជាង៧លានដុល្លារនិងមាសជិត១៣គីឡូ

ម្តាយ​និង​ឪពុក​របស់​លោក ស៊ុត ឌីណា(រូបថតដោយ ស៊ុន ណារិន​)

ឪពុករបស់លោក ស៊ុត ឌីណា ​លោក ស៊ុត ប៉េងគុណ បានអំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ជួយ​រកយុត្តិធម៌ឲ្យកូន។ លោក​មានប្រសាសន៍ថា៖ “កូនខ្ញុំ​មិនអញ្ចឹង​ទេ សូមសម្តេចជួយ កូន​មក​ឃើញ​តែ​ល្ហេមល្ហាម​ ទៅ​កូរ៉េ​មិនដែលផ្ញើលុយ​មកប៉ា”។

គួរបញ្ជាក់ថាលោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ។ ពេលត្រូវនាំខ្លួនចូលទៅក្នុងសាលាដំបូងរាជធានី លោក ស៊ុត ឌីណា បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា នេះគឺជារឿង “អយុត្តិធម៌ណាស់” សម្រាប់រូបលោក៕​

ប្រភពៈ VOD