តំណាង​រាស្ត្រ​ដែល​ត្រូវ​គេ​វ៉ៃដំ​ អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​សម្តី​លោក​ ឈាង វុន

ភ្នំពេញៈ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​​​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​ត្រូវ​បាន​គេ​វាយដំ​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់​វិះ​ស្លាប់​នៅ​ក្រៅ​រដ្ឋសភា​កាលពី​ចុង​ឆ្នាំ​មុន​បាន​អំពាវនាវ​ឲ្យ​តុលាការ​​ និង​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​សម្ដី​របស់​តំណាង​រាស្ត្រ​ពី​គណបក្ស​ប្រជាជន​លោក ឈាង វុន ដែល​បាន​ថ្លែង​ថា​តំណាងរាស្រ្ត​ទាំង​ពីរ​នាក់​នេះ​មាន​ចេតនា​ចេញ​ពី​រដ្ឋសភា​ឲ្យ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​វាយ​ខណៈ​​ដែល​រដ្ឋសភា​កំពុង​ដំណើរការ​សម័យ​ប្រជុំ​។

នៅពេល​ទាក់ទង​សុំ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ​លោក ឈាង វុន បាន​បញ្ជាក់​ថា​លោក​​មិន​បាន​លើក​ឡើង​ថា​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក គង់ សភា និង​លោក ញ៉យ ចំរើន ​ចេញ​ពី​សភា​ទៅ​ឲ្យ​គេ​វាយ​នោះ​​ទេ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ជាថ្មី​ថា​ប្រសិន​បើ​តំណាងរាស្រ្ត​ទាំង​ពីរ​នាក់​មិន​ចេញ​ពី​សភា​ពួកគេ​ក៏​​មិន​ត្រូវ​បាន​​វាយ​​ដែរ​។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ការ​លើក​ឡើង​ថា​ខ្ញុំ​ជា​​អ្នក​រៀបចំ​ផែនការ​ឲ្យ​វាយ​តំណាងរាស្រ្ត​​»។ ​

តំណាង​រាស្ត្រ​ដែល​ត្រូវ​គេ​វ៉ៃដំ​ អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​សម្តី​លោក​ ឈាង វុន

លោក​ ញ៉យ ចំរើន ​ត្រូវ​គេ​ស្ទាក់​អូស​ចេញ​ពី​ឡាន​វ៉ៃ​ទាត់​ធាក់​សន្លប់​ពេល​ចេញ​ពី​រដ្ឋសភា​។ រូបថត ហ្វេសប៊ុក

លោក វុន បាន​ថ្លែង​​ទៀត​ថា​លោក​មិន​បាន​និយាយ​ថា​ពួកគេ​មាន​ចេតនា​ចេញ​​ពី​សភា​​ទៅ​ឲ្យ​គេ​វាយ​​ទេ​។ ​ប៉ុន្តែ​លោក​ថា​ប្រសិន​បើ​ពួកគេ​មិន​ចេញ​ពី​សភា​នោះ​​នឹង​មិន​មាន​ការ​វាយ​ទៅ​លើ​​ពួកគេ​ទេ​។ ​លោក​​បន្ថែម​ថា​ប្រសិន​បើ​លោក​មាន​គំនុំ​​ជាមួយ​អ្នក​តំណាង​រាស្ត្រ​​ទាំង​ពីរ​នាក់​នោះ​លោក​នឹង​​មិន​នាំ​យក​ថវិកា​​ទៅ​សួរ​សុខទុក្ខ​ពួកគេ​នៅ​​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បាងកក​ (​ថៃ) ​ឡើយ​​។

លោក វុន ​​ថ្លែង​ទៀត​ថា​៖ ​«​​ប្រសិន​បើ​​គាត់​​ឆ្កួត​ចោទ​ប្រកាន់​​ខ្ញុំ ​ខ្ញុំ​​មាន​ការ​សោកស្តាយ​ណាស់​ដែល​ខ្ញុំ​បាន​ធ្វើ​អំពើ​​ល្អ​​ជាមួយ​គាត់​»។

ទោះ​យ៉ាង​ណា​ក្តី​នៅក្នុង​វេទិកា​របស់​វិទ្យុ​អាស៊ី​សេរី​កាលពី​ថ្ងៃ​ទី ១ ខែ​មេសា​លោក ឈាង វុន បាន​ថ្លែង​ថា៖ ​«​នៅ​ពេល​រដ្ឋសភា​កំពុង​ប្រជុំ​គាត់​ (តំណាង​រាស្ត្រ) ​ចេញ​ទៅ​ឲ្យ​គេ​វាយ​។ ​ប្រសិន​បើ​គាត់​នៅក្នុង​កិច្ចប្រជុំ​នឹង​មិន​​មាន​នរណា​ម្នាក់​មក​វាយ​គាត់​នៅ​ក្នុង​​សភា​ទេ។ ខ្ញុំ​និយាយ​​ដូច​នេះ​ពីព្រោះ​​គាត់​បាន​ចេញ​កាលពេល​នោះ​គាត់​ត្រូវ​បាន​​គេ​វាយ​»។ ​«​ឥឡូវ​នេះ​ខ្ញុំ​បាន​​ប្រាប់​អំពី​មូលហេតុ​មូលហេតុ​ដែល​ពួកគេ​វាយ​គាត់​គឺ​ដោយសារ​អ្នក​បើកបរ​ឡាន​របស់​​គាត់​បាន​ទៅ​ឈប់​ឡាន​​ឲ្យ​គេ​វាយ​»។

ជា​ការ​ឆ្លើយតប​លោក គង់ សភា បាន​ហៅ លោក ឈាង វុន ថា​ជា​ «​​​ជើង​កាង​នៅ​ក្នុង​ស្ថាប័ន​រដ្ឋសភា​បាន​ចោទ​យើង​ខ្ញុំ​ជា​​អ្នក​តំណាងរាស្រ្ត​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​​វាយ​ប៉ុនប៉ង​សម្លាប់​កាលពី​ថ្ងៃ​ទី​ ២៦ ខែ តុលា ឆ្នាំ ២០១៥ កន្លង​ទៅ​ថា​បាន​ចេញ​​ពី​សភា​មក​ឲ្យ​​ជនល្មើស​វាយ»។

លោក សភា បន្ថែម​​ថា​វា​មិន​សមហេតុ​ផល​​ និង​គួរ​ឲ្យ​អស់​សំណើច​ចំពោះ​លោក ឈាង វុន ដែល​បាន​លើក​​ឡើង​ដូច​នេះ​នៅពេល​គាត់​​ជា​មន្រ្តី​កំពូល​ប៉ុន្តែ​​ចេះ​តែ​និយាយ​​មិន​បាន​ស្មើ​កូន​ក្មេង​ផង​។ ​

លោក​បន្ត​ថា​៖ «​ក្នុង​នាម​ជា​​ជន​រងគ្រោះ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​តុលាការ និង​គណ:កម្មាធិការ​ស៊ើបអង្កេត​ត្រូវ​ស៊ើបអង្កេត​ពី​សម្ដី​របស់​គាត់​ព្រោះ​​គាត់​​ដឹង​រឿង​នេះ​ប្រហែល​គាត់​ជា​អ្នក​​រៀបចំ​ផែនការ​នេះ​ជាមួយ​ជន​មាន​អំណាច​ និង​ជន​ដៃដល់​ព្រោះ​មុន​ហេតុការណ៍​បី​ថ្ងៃ​ខ្ញុំ​មាន​ជម្លោះ​ជាមួយ​គាត់​»​។

ទោះ​យ៉ាង​ណា​ក្តី​​លោក ញ៉យ ចំរើន ដែល​ជា​តំណាងរាស្រ្ត​ម្នាក់​ទៀត​ដែល​ត្រូវ​គេ​វាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​កាលពី​ម្សិលមិញ​ថា​លោក​​មិន​​អំពាវនាវ​ឲ្យ​តុលាការ​​ និង​គណៈកម្មាធិការ​​ធ្វើការ​ស៊ើបអង្កេត​​លើ​ការ​លើក​ឡើង​​របស់​លោក ឈាង វុន នោះ​ទេ​ដោយ​លោក​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ​លើ​ករណី​នេះ​។ «​យើង​មិន​ចង់​ឆ្លើយតប​មិន​ចង់​​ឈ្លោះ​អ្វី​ទេ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​វាយតម្លៃ​រឿង​នេះ​»។

លោក គង់ សភា និង​លោក ញ៉យ ចំរើន ​ត្រូវ​បាន​មនុស្ស​មួយ​​​ក្រុម​ស្ទាក់​វាយ​នៅ​ជិត​របង​រដ្ឋសភា​កាលពី​ថ្ងៃ​ទី ២៦ ខែ​តុលា​ឆ្នាំ ២០១៥ ខណៈ​ពួកគេ​ចាកចេញ​​ពី​សភា​ដែល​ការ​វាយដំ​បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​នេះ​បាន​កើតឡើង​ប្រហែល​មួយ​ម៉ោង​បន្ទាប់ពី​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​រាប់​ពាន់​នាក់​បាន​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋសភា​ដក​លោក​ កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​មួយ​រដ្ឋសភា​។ ​

រហូត​មក​ដល់​ពេល​នេះ​មាន​ជនសង្ស័យ​តែ​បី​នាក់​ប៉ុណ្ណោះ​ដែល​បាន​​ចូល​សារភាព​នៅ​គណៈកម្មការ​ស៊ើបអង្កេត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ភ្លាមៗ​បន្ទាប់ពី​ហេតុការណ៍​វាយប្រហារ​នោះ​ត្រូវ​បាន​​ឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ​រួម​មាន​ឈ្មោះ​ ឆាយ សារិទ្ធិ ម៉ៅ ហឿន និងសូត វន្នី។ ​តាម​គម្រោង​ជនសង្ស័យ​ទាំង​បី​នឹង​ត្រូវ​នាំ​ទៅ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ ២៨ មេសា​។

លោក ជូង ជូងី មេធាវី​តំណាងរាស្រ្ត​រងគ្រោះ​ទាំង​ពីរ​នាក់​​ថ្លែង​ថា​លោក​​ពិបាក​ស្វែងរក​យុត្តិធម៌​ឲ្យ​កូន​ក្តី​របស់​លោក​ដោយសារ​មាន​ជនល្មើស​ជាច្រើន​វាយ​កូន​ក្តី​របស់​លោក​ប៉ុន្តែ​មាន​តែ​ជនសង្ស័យ​តែ​ ៣ ​នាក់​ប៉ុណ្ណោះ​ដែល​ចូល​សារភាព​៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍