រំឭកអនុស្សាវរីយ៍ ៧ ឆ្នាំនៅលើវិថី Kpop របស់សមាជិក 2NE1ទាំង៤

 

ក្រុមចម្រៀងនារី 2NE1 នឹងបន្តដើរទៅមុខទៀត តែគេមិនអាចមិនគ្រាំចិត្តនៅពេលរំឭកដល់អនុស្សាវរីយ៍ដែលសមាជិក ទាំង៤បានឆ្លងកាត់ក្នុងរយៈពេល៧ឆ្នាំកន្លងមក។

ខែមីនា ឆ្នាំ ២០០៩ អ្នកគាំទ្រ Kpop បានជួប 2NE1 ជាលើកដំបូងដែលជាក្រុមចម្រៀងនារីទី១របស់ផលិតកម្ម YG ក្រោយពេលហ្វឹកហាត់អស់ជាយូរឆ្នាំ។ នៅពេលនោះ 2NE1 បានសហការជាមួយក្រុមចម្រៀងរៀមច្បង Big Bang ដើម្បីច្រៀងបទផ្សាយពាណិជ្ជកម្ម “Lollipop” ឲ្យម៉ាកទូរសព្ទមួយ ហើយស្រាប់តែល្បីឈ្មោះហួសការរំពឹងទុក។

ជាង២ខែក្រោយមក ស្រីស្អាតទាំង៤នេះ បានបង្ហាញមុខជាផ្លូវការតាមរយៈបទចម្រៀងដំបូង “Fire”។ ក្រោយ២៤ម៉ោង វីដេអូចម្រៀងរបស់ “Fire” បានមានចំនួនអ្នកទស្សនាជាង១លានដង ហើយពេលនោះគឺជាឆ្នាំ ២០០៩ កំឡុងពេលដែល Youtube មិនទាន់ពេញនិយមដូចសព្វថ្ងៃ។

២០០៩ គឺជាឆ្នាំដែលកំពូលក្រុមចម្រៀងនារី Kpop ជាច្រើនបានបង្ហាញមុខដូចជា After School, 4minute និង T-ara ជាដើម តែវាមិនហួសហេតុនោះទេនៅពេលនិយាយថា 2NE1 គឺជាក្រុមដែលទទួលបានជោគជ័យខ្លាំងជាងគេក្នុងឆ្នាំដដែល។ “Fire” ចាប់ផ្ដើមល្បីរន្ទឺទាំងក្នុងនិងក្រៅប្រទេស និងបាននាំមកឲ្យ 2NE1 ពានរង្វាន់ទី១ក្រោយពេលបង្ហាញមុខតែ១ខែនៅលើកម្មវិធី Inkigayo របស់ SBS។

២០០៩ ក៏ជាឆ្នាំដែល 2NE1 ប្រមូលគ្រប់ពានរង្វាន់សម្រាប់ក្រុមចម្រៀងថ្មីល្អបំផុតផងដែរ ខណៈដែលពួកគេបានឈ្នះពានរាប់មិនអស់ក្នុងកម្មវិធីដូចជា Asia Song Festival, Cyworld Digital Music Awards, Melon Music Awards, Mnet 20’s Choice Awards, Mnet Asian Music Awards មានតែពានរង្វាន់ Golden Disk Awards តែមួយគត់ត្រូវធ្លាក់ចូលដៃ T-ara។ នេះមិនទាន់គិតពានរង្វាន់ប្រចាំសប្ដាហ៍ដូចជា M! Countdown, Music Bank, Music Core និង Inkigayo ផង។

រំឭកអនុស្សាវរីយ៍ ៧ ឆ្នាំនៅលើវិថី  Kpop របស់សមាជិក 2NE1ទាំង៤

2NE1 ប្រមូលគ្រាប់ពានរង្វាន់ទាំងអស់សម្រាប់ក្រុមចម្រៀងថ្មីឆ្នាំ ២០០៩

ខែមិថុនា ឆ្នាំ២០១១ 2NE1 បញ្ចេញបទ “I Am The Best” នៅពាក់កណ្ដាលអធ្រាត្រយប់ទាំងមិនដឹងថាបទនេះនឹងក្លាយជា hit ល្បីបំផុតនៅក្នុងអាជីពរបស់ខ្លួន។ មិនត្រឹមតែកក្រើកនៅកូរ៉េ “I Am The Best” បានឈ្លានពានដល់ប៉ុស្តិ៍វិទ្យុរបស់អាមេរិក កម្មវិធីរាំ “So You Think You Can Dance” រដូវកាលទី១០ ថែមទាំងលេចមុខក្នុងស្ប៉តពាណិជ្ជកម្ម Surface Pro 3 របស់ Microsoft ទៀតផង។ “Naega Jeil Jal Naga” ត្រូវបានគេបន្ទោរឡើងនៅគ្រប់ច្រកល្ហកទាំងអស់។

“I Am The Best” បទចម្រៀងល្បីបំផុតក្នុងអាជីពរបស់ 2NE1

នៅពេល 2NE1 ត្រលប់មកឆាកប្រកួត Kpop នៅដើមឆ្នាំ ២០១៤ ជាមួយអាល់ប៊ុម “Crush” អ្នកគាំទ្រជាថ្មីម្ដងទៀតបានភ្ញាក់ផ្អើលជាមួយនឹងគុណភាពក៏ដូច អត្ថន័យពិសេសរបស់បទ “Come Back Home”។ “Crush” បានជួយឲ្យ 2NE1 ផ្ដួលគូប្រកួតរបស់ខ្លួន ក្រុមចម្រៀង Girl’s Generation និងក្លាយជាអាល់ប៊ុមលក់ដាច់បំផុតក្នុងឆ្នាំនិងមានចំណាត់ថ្នាក់ ខ្ពស់ជាងគេលើតារាង Billboard 200។ គួរឲ្យសោកស្ដាយ នេះក៏ជាសមិទ្ធផលចុងក្រោយរបស់ 2NE1 មុនពេលរឿងអាស្រូវគ្រឿងញៀនរបស់ Park Bom ផ្ទុះឡើងនៅពាក់កណ្ដាលឆ្នាំ ២០១៤ ធ្វើឲ្យក្រុមត្រូវផ្អាកគ្រប់សកម្មភាពសិល្បៈក្នុងស្រុកទាំងស្រុង។

រំឭកអនុស្សាវរីយ៍ ៧ ឆ្នាំនៅលើវិថី  Kpop របស់សមាជិក 2NE1ទាំង៤

2NE1 បានផ្ដួលគូប្រកួតរបស់ខ្លួនជាមួយបទ “Come Back Home” ក្នុងអាល៊ប៊ុម “Crush”

ដើមខែធ្នូ ឆ្នាំទៅ Blackjacks (ឈ្មោះអ្នកគាំទ្រ 2NE1) បានត្រេកអរលើសពីការស្មាននៅពេល 2NE1 បានបង្ហាញមុខជាមួយសមាជិកទាំង៤ពេញលេញនៅលើឆាក MAMA 2015។ កំពូលក្រុមចម្រៀងនេះបានសម្ដែងបទ “Fire” និង “I Am The Best” ទាំងមិនខ្វល់នឹងការរិះគន់របស់ anti fan ក្នុងរយៈពេលជិត២ឆ្នាំកន្លងទៅ។ Blackjacks បានរំពឹងថា ជាមួយការបង្ហាញខ្លួនបែបនេះ ការត្រលប់មកជាក្រុមរបស់ 2NE1 ប្រាកដជានៅមិនឆ្ងាយទៀតឡើយ។ ជាអកុសល ការសម្ដែងនៅ MAMA 2015 នេះក៏ជាឆាកសម្ដែងចុងក្រោយដែលមានមុខតារាចម្រៀងទាំង៤ផងដែរ ដោយចាប់ពីពេលនេះទៅ Minzy នឹងលែងមានមុខនៅក្នុង 2NE1 ជារៀងរហូត៕

 រំឭកអនុស្សាវរីយ៍ ៧ ឆ្នាំនៅលើវិថី  Kpop របស់សមាជិក 2NE1ទាំង៤

ការសម្ដែងនៅ MAMA 2015 គឺជាឆាកចុងក្រោយដែលមានមុខសមាជិកទាំង៤របស់ 2NE1

ប្រភពពី៖http://news.sabay.com.kh/