ភាពយន្តខ្មែរថ្មីមួយរឿង ដែលហូលីវូត ទទួលស្គាល់ នឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះ!

ភ្នំពេញ៖ ផលិតកម្មខ្មែរមេគង្គ (KMF) ទើបតែទទួលបានព័ត៌មាន រំភើបញាប់ញ័រមួយ ទាក់ទងនឹងភាពយន្តថ្មី របស់ខ្លួន រឿង «តម្លៃស្នេហ៍» ដែលនឹងត្រូវចាក់បញ្ចាំង នៅថ្ងៃទី១១ ខែមេសា នេះ។ រឿងនេះបានឈ្នះពាន់រង្វាន់បួនផ្សេងគ្នា ពីមហោស្របភាពយន្ត «Hollywood International Moving Pictures Film Festival» (HIMPFF) ដែលមានមូលដ្ឋាន នៅទីក្រុងឡូសអេនជឺលេស សហរដ្ឋអាមេរិក។

ពានរង្វាន់ដំបូងគេគឺ «Award of Recognition» សម្រាប់ភាពយន្តបរទេសល្អបំផុត។ ចំនែកពានរង្វាន់ផ្សេងទៀត បានទៅក្រុមការងាររបស់ផលិតកម្ម ខ្មែរមេគង្គ។ លោក សៅ យឿន បានរង្វាន់ «Best Editor» លោក ឃន ថាវី បានរង្វាន់ «Best Sound Producer» លោក មឿន វណ្ណា និង លោក លី តាំងហួត បានរង្វាន់ «Best Cinematographers»។

រឿង «តម្លៃស្នេហ៍» ជាភាពយន្តបែបកំប្លែង មនោសញ្ចេតនា ហើយមានការចូលរួមសម្តែងពី តារាសម្តែងក្មេងៗ ដូចជា លោក យីម សម្បត្តិ និង កញ្ញា ស៊ីន យូប៊ីន។ កញ្ញា យូប៊ីន បានប្រាប់យើងថា «ខ្ញុំមិនចង់ជឿថា ពេលដែលខ្ញុំបានទទួលដំណឹង ពីភាពជោគជ័យនៃរឿងនេះ នៅថ្ងៃហ្នឹង។ ខ្ញុំជឿថាទស្សនិកជន ប្រហែលជាគិតថារឿងនេះ ក៏ល្អមើលដែរ»។

សម្បត្តិ ក៏យល់ឃើញដូច យូប៊ីន។ សម្បត្តិ ប្រាប់ថា «វាជារឿងល្អបំផុត ដែលខ្ញុំបានសម្តែង ជារឿងអស្ចារ្យខ្លាំងណាស់ ដែលអ្នកនៅអាមេរិច លើកតម្កើងសរសើររឿងនេះ។ ខ្ញុំពិតជាចង់ឲ្យរឿងនេះ ចាប់បញ្ចាំងលឿនបំផុត ដើម្បីបានដឹងពីប្រតិកម្ម របស់យុវវ័យយើង ពេលគេទស្សនារឿងនេះ»។

លោក សាវីន ហ្វីលីព តារាសម្តែងជើងចាស់ល្បីឈ្មោះ ក៏ចូលរួមសម្តែង ក្នុងរឿងនេះដែរ។ លោក សាវីន មានប្រសាសន៍ថា «វាជារឿងល្អមើលមួយ! រឿងនេះល្អមើលមិនមែនដោយសារតែ តារាសម្តែងតែម្យ៉ាងប៉ុណ្ណោះទេ រឿងល្អប្រភេទនេះ អាចធ្វើទៅបាន វាអាស្រ័យដោយកិច្ចខិតខំប្រឹងប្រែង និងការចូលរួមពីសំណាក់ ក្រុមផលិតផងដែរ។ ខ្ញុំរីករាយណាស់ ដែលរឿង តម្លៃស្នេហ៍ បានឈ្នះរង្វាន់អស្ចារ្យ ទាំងអស់នេះ ពីមហោស្រពភាពយន្តហូលីវូត»។

លោក ស៊ីន ចាន់ឆៃយ៉ា ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏រីករាយចំពោះព័ត៌មាននេះដែរ។ លោក ឆៃយ៉ា មានប្រសាសន៍ថា «រង្វាន់ភាពយន្តបរទេសល្អបំផុត របស់ហូលីវូត ដែលផ្តល់ឲ្យរឿង តម្លៃស្នេ៍ ជាដំណឹងអស្ចារ្យបំផុត សម្រាប់ផលិតកម្ម ខ្មែរមេគង្គ និងគ្រប់គ្នា ដែលចូលរួម ផលិតរឿងនេះ។ ខ្ញុំចូលរួមអបអរចំពោះ ក្រុមការងារទាំងមូល ហើយខ្ញុំក៏រីករាយផងដែរ ដែលក្រុមការងារបានរង្វាន់ ផ្នែកកាត់ត ផ្នែកផលិតសម្លេង ផ្នែកភ្លើង និងកាមេរ៉ា។ វាសរបញ្ជាក់ថា ស្តង់ដារឧស្សាហកម្មភាពយន្តខ្មែរ មានការរីកចម្រើន យ៉ាងឆាប់រហ័ស។ រឿង តម្លៃស្នេហ៍ នឹងចាក់បញ្ចាំងនៅរោងភាពយន្ត នៅថ្ងៃទី១១ ខែមេសា នេះ។ ខ្ញុំសង្ឃឹមថា នឹងមានទស្សនិកជនជាច្រើន ទៅទស្សនារឿងនេះ»។

រឿងនេះបានទទួលជោគជ័យរួចមកហើយ ដោយការចាក់បង្ហាញ ក្នុងឱកាសមហោស្រពភាពខ្មែរ នៅភ្នំពេញ កាលពីខែធ្នូ ឆ្នាំមុន។ ទស្សនិកជននៅប្រទេសឡាវ ក៏ពេញចិត្តរឿងនេះដែរ ពេលើងចាក់បង្ហាញ នៅក្នុងមហោស្រពភាពយន្ត ចម្បារសក្តិ កាលពីខែកុម្ភៈ។

រឿង «តម្លៃស្នេហ៍» ត្រូវប្រើពេលថត អស់រយៈពេល ៦សប្តាហ៍ ដោយថតនៅភ្នំពេញ និង កំពង់សោម។ ពេលនេះផលិតកម្ម ខ្មែរមេគង្គ កំពុងផលិតរឿងថ្មីមួយទៀត ដែលមានចំណងជើងថា «កំពូលអ្នកថតសែលហ្វី»។ រឿងនេះនឹងចាប់ផ្តើមថត នៅខែឧសភា ឬខែមិថុនា ឆ្នាំនេះ ដោយទីតាំងថត នៅក្រុងភ្នំពេញ៕

សូមទស្សនាវីដេអូ Trailer ខាងក្រោមនេះ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត