ស្ថានការណ៍​ព្រំដែន​ខ្មែរ​-​ឡាវ នឹង​អាច​តានតឹង​ នា​ពេល​បន្តិចទៀត​នេះ

ខេត្តស្ទឹងត្រែង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ប៉ុន្មាន​នាទី​មុន​នេះ​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង លោក មុំ សា​រឿ​ន បាន​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​បំពាក់អាវុធ​ចុះ​ទៅ​ឃាត់​កម្មករ​ឡាវ​ឲ្យ​បញ្ឈប់​ការ​សាងសង់​ប៉ុស្តិ៍​ថ្មី​នៅ​លើ​តំបន់​ស ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា បទបញ្ជា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អភិបាលខេត្ត​ចំប៉ា​សាក់​បាន​លុប​ចោល​កិច្ចប្រជុំ​ជាមួយ​អភិបាល​ខេត្តស្ទឹងត្រែង ដែល​តាម​គម្រោង​នឹង​ចរចា​គ្នា​នៅ​ថ្ងៃ​ទី​០៧ មេ​សា ២០១៦​នេះ ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ទី​៣១ មីនា ២០១៦​មក ទាហាន​ឡាវ​បាន​នាំ​គ្រឿងចក្រ​ចូល​មក​សាងសង់​ប៉ុស្តិ៍​ថ្មី​នៅ​ចំណុច ប៉ុស្តិ៍​ចាស់​តាម​បណ្តោយ​ព្រំដែន ចំណុច​ដុំ​ក្រឡ​ចាស់ ស្ថិត​ត្រង់​និយាម​ការ XA 14885.38651 ជាប់​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ពី​ឃើញ​ទាហាន​ឡាវ​បញ្ជូន​គ្រឿងចក្រ​សាងសង់​ប៉ុស្តិ៍ កងកម្លាំង​ព្រំដែន​កម្ពុជា​ក៍បាន​ទៅ​ហាម​ជា​បន្តបន្ទាប់​ចាប់​តាំង​ថ្ងៃ​ទី ៣១ មីនា​រហូត​មក​ដល់​ថ្ងៃ​ទី​០២ មេ​សា ២០១៦ ប៉ុន្តែ​ភាគី​ឡាវ​នៅ​តែ​ផ្គើន​មិន​បញ្ឈប់​សកម្មភាព​សាងសង់​ទៀត ។ ក្រោយមក​ភាគី​ទាំង​ពីរ​បាន​សន្យា​ជួប​ដោះស្រាយ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​នៅ​ពេល​នេះ ភាគី​ឡាវ​បែរជា​គេចវេស​វិញ ។ ប្រភព​បន្ត​ថា នៅ​ពេល​នេះ កងកម្លាំងប្រដាប់អាវុធ​បាន​ចេញដំណើរ​ទៅ​កាន់​គោលដៅ​ហើយ ។

យ៉ាងណា​ក៍ដោយ មក​ដល់​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​០៧​មេ​សា​ដដែល​នេះ គេហទំព័រ​កោះសន្តិភាព​ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ ពី​លោក​អភិបាល​ខេត្តស្ទឹងត្រែង មុំ សា​រឿ​ន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត