អំពើ​ប្លន់​ប្រដាប់អាវុធ​នៅ​ខេត្តសៀមរាប ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​

បើទោះបី​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​មន្ត្រីនគរបាល​ទូទាំងប្រទេស​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​យ៉ាងណាក៏ដោយ ក៏​ជាក់ស្តែង​ករណី​ប្លន់​ប្រដាប់អាវុធ​នៅតែ​កើតមាន​ឥតឈប់ឈរ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​នៅ​ទូទាំងប្រទេស​។ ជាងនេះទៅទៀត​បទល្មើស​ផ្សេងៗ​ដូចជា ករណី​ជួញដូរ​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ត្រូវគេ​កត់សម្គាល់ថា​រាលដាល​កាន់តែខ្លាំង​ក្នុងខណៈដែល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ជិត​ឈាន​មកដល់​។ ក្នុងនោះ​អំពើ​ប្លន់​ប្រដាប់អាវុធ​នៅ​ខេត្តសៀមរាប កាលពី​យប់​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​។

កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ ក្រុម​ចោល​ប្លន់​ប្រដាប់អាវុធ​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង និង​កាំភ្លើងខ្លី​បាន​ចូល​បាញ់​ប្លន់​ផ្ទះ​លក់​ឥ​វ៉ាន់​ចាប់ហួយ​នៅក្នុង​ភូមិ​គោក​ប្ញ​ស្សី ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​រងរបួស​។ នៅក្នុង​អំពើ​ប្លន់​នោះ​ក្រុមចោរ​យក​អស់​លុយ​១២៥០០​ដុល្លារ និង​៣​ម៉ឺន​បាត ព្រមទាំង​គ្រឿងអលង្ការ​ជាច្រើន​ទៀត ហើយ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។ មន្ត្រីនគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ ម៉ន ម៉ុ​យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មួន ម៉ាច អាយុ​៣៤​ឆ្នាំ និង​ក្មួយប្រុស​ម្នាក់​ឈ្មោះ ប៉ោង ត្រា អាយុ​២៣​ឆ្នាំ បាន​រងរបួស​ដោយសា​រ​គ្រាប់កាំភ្លើង​ចំ​ភ្លៅ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពួក ព្រួយបារម្ភ​កាន់តែខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។

សូមបញ្ជាក់ថា​ថ្មីៗ​នេះ​ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​នូវ​វិធានការ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦​។ ក៏ប៉ុន្តែ​ជាក់ស្តែង​អំពើ​ប្លន់​ប្រដាប់អាវុធ​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​យកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ប្រកបដោយ​ប្រសិទ្ធភាព​។ ក្នុងនោះ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​សមត្ថកិច្ច​គ្រ​ប់​លំដាប់ថ្នាក់ គួរ​យកចិត្តទុកដាក់​បង្ក្រាប​ឲ្យ​ខាងតែបាន​នូវ​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង និង​អំពើចោរកម្ម ដើម្បី​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្ដៅ​ក្នុងការ​រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​៕

a99eb403-9b37-4aeb-a565-c68865e53336លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ