អភិបាលខេត្ត​កំពង់ឆ្នាំង មិន​ហ៊ាន​ចាត់វិធានការ​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​ឃុំ​ក្រាំង​ស្គារ​

បទល្មើស​កាប់​ព្រៃ​រំលោភ​កាន់កាប់​ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មិនទាន់​ឃើញ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​អភិបាលខេត្ត ចាត់វិធានការ​ទៅលើ​ក្រុម​ជនល្មើស​នៅឡើយ​ទេ គឺ​គ្រាន់តែ​មានការ​បង្កើត​ម​ន្ត្រី​ចម្រុះ​ចុះទៅ​ពិនិត្យមើល​ក្នុង​តំបន់​នោះ​តែប៉ុណ្ណោះ​។ ការដែល​អភិបាលខេត្ត​កំពង់ឆ្នាំង មិន​ហ៊ាន​ប៉ះពាល់​ក្រុម​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​ឃុំ​ក្រាំង​ស្គារ ត្រូវបាន​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ឆ្នាំង អះអាងថា​មកពី​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ខ្លាច​អំណាច​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣​ឈ្មោះ មាស ស័ក្ដិ ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ករណីនេះ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​ករណី​នេះ​ឡើងវិញ​ជាបន្ទាន់ ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​ឲ្យ​ដឹងថា ដីព្រៃ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ត្រូវ​ក្រុម​ជនល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​អស់​រាប់រយ​ហិកតា​។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​បទល្មើស​ទ​ន្ទ្រា​ន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​នៅ​ឃុំ​ក្រាំង​ស្គារ បាន​រិះគន់ថា មេឃុំ​ក្រាំង​ស្គារ និង​អភិបាលស្រុក​ទឹកផុស អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ផលប្រយោជន៍​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ មេខ្លោង​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​នៅ​ឃុំ​ក្រាំង​ស្គារ ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ ម៉ៅ វឿន ដែលមាន​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣​ឈ្មោះ មាស ស័ក្ដិ នៅ​ពី​ក្រោយខ្នង​ទើប​មន្ត្រី​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង មិន​ហ៊ាន​ប៉ះពាល់​។ លើស​នេះ​ទៅទៀត​ឈ្មោះ ម៉ៅ វឿន ធ្លាប់បាន​អួតអាង​ប្រាប់​អ្នកភូមិ​ថា ខ្លួន​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​អាជ្ញាធរខេត្ត និង​ព្រះរាជអាជ្ញា​ខេត្តកំពង់ឆ្នាំង ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​។

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ជាពិសេស​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គ​មេ​បញ្ជា​នៃ​កងយោធពល​ខេមរភូមិន្ទ ចាត់វិធានការ​ទៅលើ​លោក មាស ស័ក្ដិ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា លោក មាស ស័ក្ដិ ពាក់​ផ្កាយ​៣​ហើយ​ជា​ប្រធាន​អធិការកិច្ច​យោធា​នៃ​ក្រសួងការពារជាតិ កំពុង​ប្រើប្រាស់​អំណាច​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មោះ ម៉ៅ វឿន ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ ដើម្បី​យក​ដី​លក់​ឲ្យ​អតិថិជន​ជាច្រើន​នាក់​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ដោយសារតែ​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​ឃុំ​ក្រាំង​ស្គារ មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣​បែបនេះហើយ ទើប​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស​៕

ឈួរ-​ច័ន្ទឌឿន-500x409លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង k-kdol4 KA-23-03-2016-20 KA-23-03-2016-21