លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ បើកដៃ​ឲ្យ​កូនចៅ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ​រួចមក លោក ឆែ សុធា បាន​បើកដៃ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​តាមរបៀប​ពុករលួយ​។ ក្នុងនោះ​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ បាន​បង្កើត​កុងត្រូលជជុះ​ជាច្រើន​កន្លែង ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ បើទោះបី​ទំនិញ​ទាំងនោះ​បង់ពន្ធ​ត្រឹមត្រូវ​ឲ្យ​សមត្ថកិច្ច​គយ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ​។ សូម្បីតែ​អ្នករត់​តាក់ស៊ី​ដឹកទំនិញ​បន្លែ​ផ្លែឈើ​បន្តិចបន្តួច​គ្រាន់​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព ក៏​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ តម្រូវ​ឲ្យ​បង់លុយ​តាម​ការកំណត់​របស់​ពួកគេ​ដែរ​។

តាម​ការ​បង្ហើប​ពី​ភ្នាក់ងារ​គយ​តូចតាច​នៅក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពេល​លោក ឆែ សុធា បាន​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ ជំនួស​លោក ថោង សុខាំ​ភូ រួចមក​គឺ​លោក ឆែ សុធា ប្រព្រឹត្ត​អំពើពុករលួយ​មិន​ចាញ់​លោក ថោង សុខាំ​ភូ ឡើយ​។ ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​មួយចំនួន​នៅតែ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ តាម​ច្រកព្រំដែន និង​ច្រករបៀង ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ យ៉ាង​រលូន​ដោយសារតែ​ពួកគេ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ឆែ សុធា​។ ម្ចាស់​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ពី​ក្រុង​ប៉ោយប៉ែត ចូលមក​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៥ ក៏​អាច​បង្កប់​ទំនិញគេចពន្ធ​រាប់​តោន​បានដែរ ប្រសិនបើ​ពួកគេ​ត្រូវរ៉ូវ​ជាមួយ​លោក ឆែ សុធា និង​មន្ត្រី​គយ​ចល័ត​នៅលើ​ដងផ្លូវ​។

ចំណែក​ករណី​លោក ឡាំ ប៊ុនថន ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​អាចមាន​ការឃុបឃិត​បើកដៃ​ពី​លោក ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជាមួយ​លោក ឆែ សុធា និង​មន្ត្រី​គយ​ចល័ត​នៅលើ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦​ទេនោះ គឺ​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​ទំនិញ​ចូលមក​រាជធានី​ភ្នំពេញ និង​ចូលទៅ​ខេត្តសៀមរាប​បានឡើយ​។ ហេតុនេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ឆែ សុធា ខ្លះ​ផង​ព្រោះ​ទំនិញគេចពន្ធ​ហូរ​ចូល​តាម​ច្រកព្រំដែន និង​ច្រករបៀង ក្នុង​ខេត្តបន្ទាយមានជ័យ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​៕

Hong-0689លោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ WAT-15033