មិនទាន់​ឃើញ​មាន​វិធានការ​ទៅលើ​ក្រុម​ឈ្មួញ​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​

កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៦ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ខ្លាំងៗ​ទៅលើ​ឈ្មួញ​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន ជាពិសេស​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ជាដើម​ហើយ​បន្ទាប់ពីនោះ​ក៏មាន​ការបង្កើត​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដើម្បី​អនុវត្តន៍​ការងារ​ផងដែរ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ណាមួយ​ទៅលើ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ឧកញ៉ា សឹង សំអុល និង​ឧកញ៉ា វ័ន ប៊ុន​ថៃ ដែល​ល្បីល្បាញ​ខាង​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​នោះទេ​។ ចំណែក​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ នៅតែ​អាច​រួចខ្លួន​ពី​វិធានការ​ច្បាប់​យ៉ាង​ក្រអឺតក្រទម ហើយ​នៅតែ​បន្តធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

សូម​បញ្ជាក់ដែរថា ក្នុង​ប្រតិបត្តិការ​កន្លងមក​ស​ម​ត្ថ​កិច្ច​ចម្រុះ​បង្ក្រាប​ឈើ​បាន​ប្រមាណ​ជាង​៣​ម៉ឺន​ម៉ែត្រគូប ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​មាន​ឈ្មួញ​ណា​ម្នាក់​ត្រូវ​តុលាការ​ចាត់វិធានការ​តាមច្បាប់​នៅឡើយ​។ សូម្បីតែ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​កាប់​ឈើ​និង​ស្តុក​ឈើ​ខុសច្បាប់​រាប់ពាន់ រាប់ម៉ឺន​ម៉ែត្រគូប ហើយ​ដុត​គំនរ​ឈើ​ចោល​បំបាត់ភស្តុតាង​នោះ គឺ​សមត្ថកិច្ច​បានត្រឹមតែ​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប៉ុណ្ណោះ​។ បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អស់ជំនឿ​ទៅលើ​សមត្ថកិច្ច​ចម្រុះ​ក្នុងការ​ទប់ស្កាត់​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​។​

ដោយសារតែ​ឈ្មួញ​ឈើ​ធំៗ​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន អាច​គេច​ផុតពី​ចំណាត់ការ​តាមផ្លូវ​ច្បាប់ ទើប​បច្ចុប្បន្ននេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​។ ជាងនេះទៅទៀត​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ចូលមក​ស្រុក​ស្នួល ខេត្តក្រចេះ នៅតែ​កើតមាន​ដូច​មុន​ដដែល បើទោះបី​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​ក៏ដោយ​។ លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក វង់ សុក្រ​សិរី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ត្រូវ​ប្រជាពលរដ្ឋ​និង​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ចំណែក​លោក ងី វីរៈ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្តធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​បើទោះបី​មន្ត្រី​រូបនេះ​ជាប់​ពាក់ព័ន្ធ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ យ៉ាងណាក៏ដោយ​៕

abc-91 IMG-20160117-WA0024 sao-vorn-thai1