អភិបាលខេត្ត​ពោធិ៍សាត់ រង​ការ​រិះគន់ថា​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​ជួញដូរ​ឈើ​ប្រណីត​

លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​ពី​ភាព​អសកម្ម​ការងារ និង​មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​ផ្សេងៗ​រាលដាល​យ៉ាង​ពេញបន្ទុក ជាពិសេស​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈើ​ធំៗ​ដែលជា​មន្ត្រី​យោធា នៅតែ​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ​ក្នុងព្រៃ​យកមក​លក់​ឲ្យ​ពួកគេ ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តពោធិ៍សាត់ នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ ព្រោះ​លោក ម៉ៅ ធនិន ជា​អភិបាលខេត្ត និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។

​ប្រភពពី​មន្ត្រី​សាលាខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា មន្ត្រី​យោធា​ម្នាក់​ឈ្មោះ កួយ ម៉េង​គង់ ហៅ​ម៉េង ដែលជា​មន្ត្រី​យោធា​ដឺ​បេ​ប្រចាំ​ស្រុក​ភ្នំក្រវាញ គឺជា​អ្នកប្រមូល​ទិញ​ឈើ​ផ្ដាច់មុខ​នៅ​ស្រុក​ភ្នំក្រវាញ យកមក​លក់​បន្ត​ឲ្យ​ឈ្មួញ​ឈើ​ធំ​ម្នា​ក់នៅ​ក្រុង​ពោធិ៍សាត់​។ មន្ត្រី​សាលាខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈើ​ក្នុង​ក្រុង​ពោធិ៍សាត់ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ម៉ៅ ធនិន ឬ​អាច​និយាយបានថា គេ​ប្រើប្រាស់​ឥទ្ធិពល​លោក ម៉ៅ ធនិន ដើម្បី​ប្រកប​របរ​រកស៊ី​ឈើ​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សូម្បីតែ​ឈ្មួញ​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ឈ្មោះ យ៉ុ​ត និង​ឈ្មោះ ទូច ក៏​ត្រូវគេ​ដឹងថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​ដែរ ទើប​មុខរបរ​ពួកគេ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត និង​រថយន្ត​កែច្នៃ ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​បានកើត​ឡើង​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ឡើយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ដោយសារតែ​ឈ្មួញ​ឈើ​ជាម​ន្ត្រី​ប្រដាប់អាវុធ​ឃុបឃិត​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តពោធិ៍សាត់ ទើប​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​បន្ត​រាលដាល​យ៉ាង​អនាធិបតេយ្យ​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តពោធិ៍សាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​ភ្នំក្រវាញ កើតឡើង​តទៅទៀត​៕

12968035_1692018997731458_833636600129673599_oលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ 12063679_1691213001145391_17372039653357465_n 12671743_1691212941145397_7350016883442454899_o 12938113_1691212951145396_6262725542096596316_n 12898326_1691212927812065_7314059302265467794_o