ពលរដ្ឋ​រិះគន់ លោក សូ ចាន់ ណា​រី ក្នុងករណី​បើកដៃ​ឲ្យ​មាន​ច្រករបៀង​ខុសច្បាប់​

នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៩១១ ក្រោម​ការដឹកនាំ​របស់​លោក សូ ចាន់ណា​រី កំពុងតែ​រក​ប្រភព​ចំណូល​ខុសច្បាប់​ពី​ពលករ​ចំណាកស្រុក ទំនិញគេចពន្ធ​ហូរ​ចូល ក្នុងនោះ​មាន​ទាំង​ម៉ូតូ​គេចពន្ធ​ឆ្លងកាត់​ផងដែរ នេះ​ជាការ​បញ្ជាក់​របស់​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ទំនិញគេចពន្ធ​មួយចំនួនទៀត​មិនមែនជា​របស់​ឈ្មួញ​ខិលខូច​នោះទេ តែ​គឺជា​ទំនិញ​របស់ លោក សូ ចាន់ណា​រី មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៩១១ នេះ​តែម្ដង​។​

ប្រភពព័ត៌មាន​ពី​ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់ថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​បង្វែរ​ទៅ​ឆ្លងដែន​តាម​ច្រករបៀង​ក្រោម​ការគ្រប់គ្រង​របស់លោក សូ ចាន់ណា​រី ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​កាន់តែ​ច្រើនឡើងៗ ក្នុងនោះ​ក៏មាន​ការឆ្លងកាត់​រប​ស់ជន​ជាតិ​សៀម​ដែលមាន​មុខសញ្ញា​មិនល្អ ឬ​មន្ត្រី​ដែល​គេច​ពី​ក្រសែភ្នែក​សមត្ថកិច្ច​រប​ស់​សៀម​លួច​ឆ្លងដែន​តាម​ច្រករបៀង ចូល​មកលេង​កាស៊ីណូ​ក្នុង​ទឹកដី​ខ្មែរ​ជា​ហូរហែ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ជនជាតិ​សៀម​ដែល​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង អាច​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ខណៈ​ការឆ្លង​ដែន​របស់​ពួកគេ​គ្មាន​លិខិតស្នាម សម្រាប់​ការត្រួតពិនិត្យ​ស្របច្បាប់​របស់​សមត្ថកិច្ច​នៃ​ភាគី​ប្រទេស​ទាំងពីរ​។​

គួរ​បញ្ជាក់ថា កន្លងមក​ក្រោម​បញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​៥  បានដាក់​កម្រិត​ឲ្យ​មន្ត្រីនគរបាល​តាម​ព្រំដែន​គប្បី​ទប់ស្កាត់​ពលករ​ចំណាកស្រុក ទំនិញគេចពន្ធ និង​ការពារ​តាម​បន្ទាត់​ខ្សែ​ព្រំដែន​លើ​បូរណភាព​ទឹកដី​ខ្មែរ​ឲ្យ​មាន​ប្រសិទ្ធភាព ស្របតាម​គោលការណ៍​ច្បាប់​។ តែ​ជាក់ស្តែង​មន្ត្រី​ជំនាញ​មិនបាន​ខ្វល់ខ្វាយ​ពីបទ​បញ្ជា​របស់​មន្ត្រីនគរបាល​ជាតិ​ជាន់ខ្ពស់​នោះទេ គឺ​ពួកគេ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ចំពោះមុខ​បញ្ហា​ខាងលើនេះ  ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក អាត់ ខែម ក៏ដូចជា លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ត្រូវបាន​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​បញ្ជាក់ថា បាន​បើកដៃ​ឲ្យ​នគរបាល​គ្រប់គ្រង​តាម​ព្រំដែន​មាន​ភាព​ធូររលុង និង​ស្វែងរក​លាភសក្ការៈ តាមរយៈ​បទល្មើស​ផ្សេងៗ ពិសេស​សកម្មភាព​ល្មើសច្បាប់​ទាំងនោះ បាន​រង​នូវ​ការរិះគន់​ពី​សមត្ថកិច្ច​ភាគី​សៀម ផងដែរ​៕

6f63ae5a-e1f5-41af-82ce-4336a48303e0