បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​ខេត្តមណ្ឌលគិរី​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក វង់ សុក្រ​សិរី មកកាន់​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ជំនួស​លោក កែប កត់ ហើយ​ចាប់តាំងពី​លោក ស្វាយ សំ​អ៊ាង ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​មណ្ឌលគិរី ជំនួស​លោក អេង ប៊ុន​ហ៊ាង គឺ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​នេះ នៅតែ​កើតឡើង​យ៉ាង​រាលដាល​។ ជាក់ស្តែង​ប្រជា​សហគមន៍​ជនជាតិ​ព្នង​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ដីព្រៃ​រាប់ពាន់​ហិកតា​នៅ​តំបន់​វាល​យោង ឃុំ​ប៊ូ​ស្រា ត្រូវគេ​កាប់​រាន​រំលោភ​កាន់កាប់​ដី​ធ្វើជា​កម្មសិទ្ធិឯកជន​យ៉ាង​គឃ្លើន​។ បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នេះ បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការអភិរក្ស​វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់ និង​ការរស់នៅ​របស់​ជនជាតិ​ព្នង​។

​ដោយសារតែ​ទទួលរង​នូវ​ផលប៉ះពាល់​កាន់តែខ្លាំង​ឡើងៗ​ទើប​កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦ ជនជាតិ​ព្នង​នៅ​ភូមិ​ចំនួន​៧​នៃ​ឃុំ​ប៊ូ​ស្រា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់វិធានការ​ដកហូត​ដី​ពី​អ្នកមានអំណាច និង​ពី​ក្រុម​ជនល្មើស​មួយចំនួន​ដែល​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅ​តំបន់​វាល​យោង​។ សេចក្ដីអំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមការងារ​ថ្នាក់​ខេត្ត រួមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​វាស់វែង​ដី​សហគមន៍​ប៊ូ​ស្រា តាម​ការតវ៉ា​របស់​ជ​ន​ជាតិ​ដើម​ភាគតិច​ព្នង​នៅក្នុង​មូលដ្ឋាន​ឃុំ​ប៊ូ​ស្រា​។ ជនជាតិ​ព្នង​បាន​អះអាង​នៅ​ចំពោះមុខ​ក្រុមការងារ​ថ្នាក់​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថា តំបន់​ព្រៃ​បញ្ចុះសព ព្រៃ​សក្ការៈបូជា ព្រៃ​អារក្ស និង​ព្រៃ​សហគមន៍ ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច និង​ជនល្មើស​មួយចំនួន​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្ម​សិទ្ធ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

តំណាង​សហគមន៍​ជនជាតិ​ព្នង​៧​ភូមិ​នៅក្នុង​ឃុំ​ប៊ូ​ស្រា បាន​ឲ្យ​ដឹងថា ការវាស់វែង​របស់​ក្រុម​ជំនាញ​គឺ​ដី​សម្បទាន​សង្គមកិច្ច​មា​ន​ជាង​១១០០​ហិកតា ជា​ដី​ត្រួត​លើដី​សហគមន៍​អភិរក្ស​និង​ដី​ជាង​១០០០​ហិកតា​ត្រូវបាន​អ្នកមាន​លុយ អ្នកមានអំណាច និង​ក្រុម​ជនល្មើស​កាប់​រាន​រំលោភ​យក​ដីធ្លី​ធ្វើជា​កម្មសិទ្ធិ​ក្នុង​តំបន់​ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ណា​ម​លៀរ​។ ហេតុនេះហើយ​ទើប​សហគមន៍​ជនជាតិ​ព្នង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរខេត្ត ដកហូត​ដី​នោះ​ប្រគល់​ឲ្យ​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​អភិរក្ស​ឡើងវិញ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ដូនតា​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា ដោយសារតែ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក វង់ សុក្រ​សិរី និង​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ ទើប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​កើតឡើង​យ៉ាង​រាលដាល​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​៕

2016-03-06-22-51-242លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី  img001លោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី