ភ្លើង​ឆេះ​ព្រៃ​នៅ​ស្រុក​ឯក​ភ្នំ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

ថ្មីៗ​កន្លងទៅនេះ​ប្រជា​នេសាទ​នៅ​តំបន់​ព្រៃរនាម​វាល​ដូន​អំ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​ភ្លើង​ឆេះ​ព្រៃរនាម ឬ​ហៅថា​ព្រៃ​លិច​ទឹក ដែល​ធ្វើ​ឲ្យ​ព្រៃ​ជម្រក​ត្រី​ពង​កូន​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ប្រភពពី​ប្រជា​នេសាទ​នៅ​ឃុំ​ព្រែក​ហ្លួង បាន​ឲ្យ​ដឹងថា ភ្លើង​ឆេះ​ព្រៃ​បានកើត​ឡើងជា​បន្តបន្ទាប់ ហើយ​ព្រៃរនាម​ជាង​១០០០​ហិកតា​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ណា​យកចិត្តទុកដាក់​ទប់ស្កាត់​ឡើយ​។ ប្រជា​នេសាទ​បាន​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​ព្រៃរនាម​ដែលជា​ជម្រក​ត្រី​ពង​កូន​នៅ​រដូវវស្សា​ត្រូវ​បំផ្លាញ​ជា​បន្តបន្ទាប់​។

កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦ តំណាង​ប្រជា​នេសាទ​ភូមិ​ស្ដី​ក្រោម ឃុំ​ព្រែក​ហ្លួង បាន​ឲ្យ​ដឹងថា ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ អស់​ប្រមាណ​៥០០​ហិកតា ហើយ​កន្លងមក​ពួកគាត់​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ មិន​ចាត់វិធានការ​ដោះស្រាយ​ឡើយ​។ ប្រជា​នេសាទ​ភូមិ​ស្ដី​ក្រោម ឃុំ​ព្រែក​ហ្លួង បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​និង​វែកមុខ​ជនល្មើស​លួច​ដុត​ព្រៃ​លិច​ទឹក​យកទៅ​ដាក់ទោស​តាមច្បាប់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ករណី​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ឯក​ភ្នំ តែង​កើត​ឡើងជា​រៀងរាល់ឆ្នាំ​ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៦​នេះ មាន​សភាព​ខ្លាំងក្លា​ជាង​ឆ្នាំមុនៗ​សរុប​ជារួម​អស់​ជាង​១០០០​ហិកតា ហើយ​គ្រាន់តែ​នៅ​ចំណុច​វាល​ដូន​អំ គឺ​ឆេះ​អស់​ជាង​៥០០​ហិកតា​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ព្រែក​ហ្លួង បាន​ទទួលស្គាល់ថា ពិត​ជាមាន​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​មាត់បឹង​ទន្លេសាប​មែន ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ពិបាក​វែកមុខ​ក្រុម​ជនល្មើស​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ ព្រោះ​ពួកគេ​ច្រើន​ធ្វើ​សកម្មភាព​នៅពេល​យប់​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ឃុំ​ព្រែក​ហ្លួង បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដុត​ព្រៃ​លិច​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ត្រូវ​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនល្មើស​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​។ បើ​មិន​ដូច្នេះ​ទេ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​អាច​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជម្រក​ត្រី​ពង​កូន និង​ជីវចម្រុះ ធ្វើ​ឲ្យ​ផល​ត្រី​ត្រូវ​ធ្លាក់ចុះ​ផងដែរ​។ នៅក្នុង​ឆ្នាំ​២០១៦​នេះ ភ្លើង​ឆេះ​ព្រៃរនាម​បានធ្វើ​ឲ្យ​វិនាស​ព្រៃ​អស់​ជាង​១០០០​ហិកតា​រួចទៅហើយ ដូច្នេះ​មន្ត្រី​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនត្រូវ​មើលរំលង​តទៅទៀត​ឡើយ​៕

9a53e13c-d7df-4d3f-903a-79d14adf7208 c987d159-5583-484c-9759-c6931b05cced