ទង្វើ​របស់លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន កំពុង​ប្រឈម​នឹង​ការរិះគន់​

មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល ក្រោយពេល​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​រឿងរ៉ាវ​មិន​ប្រក្រតី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្ត​ប៉ៃលិន​ជាបន្ទាន់​។ ដោយហេតុថា​លោក ឌិន គឹម កំពុង​ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម គ្រួសារនិយម អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ទន្ទឹមនឹងនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជុំវិញ​អំពើពុករលួយ​របស់លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន​ផងដែរ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មន្ត្រី​ខិលខូច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

ប្រភពពី​មន្ត្រីរាជការ​បម្រើ​ការងារ​ក្នុង​មន្ទីរ​សាធារណការ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា លោក ឌិន គឹម បានតែងតាំង​កូនប្រុស​របស់ខ្លួន​ម្នាក់​ឈ្មោះ ខ្វាន់ ដា​រា ឲ្យ​ឡើង​ធ្វើជា​ប្រ​ធានា​ការិយាល័យ​សាធារណការ ក្នុងខណៈដែល​មន្ត្រី​ចាស់ៗ​មាន​សមត្ថភាព​និង​មាន​អតីតភាព​ការងារ​យូរ​ឆ្នាំ​មកហើយ ត្រូវបាន​មើលរំលង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រោម​ការដឹកនាំ​របស់​លោក ឌិន គឹម ជា​ប្រធាន​មន្ទីរ​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លងទៅនេះ គឺ​ពោរពេញ​ទៅដោយ​អំពើពុករលួយ​បក្ខពួកនិយម គ្រួសារនិយម ហើយ​កូនបង្កើត​និង​កូនប្រសា​លោក ឌិន គឹម ៥​ទៅ​៦​នាក់​កំពុង​បម្រើ​ការងារ​នៅក្នុង​មន្ទីរ​។ ជាងនេះទៅទៀត​កូនបង្កើត​និង​កូនប្រសា​របស់លោក ឌិន គឹម ដែល​បម្រើ​ការងារ​ក្នុង​មន្ទីរ​សាធារណការ​ខេត្ត​ប៉ៃលិន សុទ្ធតែ​កាន់តំណែង​សំខាន់ៗ​ពាក់ព័ន្ធ​លុយកាក់ ចំណែក​មន្ត្រី​ចាស់ៗ​ស៊ី​តែ​ប្រាក់ខែ​សុទ្ធសាធ​។

អ្វីដែល​ធ្វើ​ឲ្យ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន រិះគន់​យ៉ាងខ្លាំង​នោះ​គឺ​ការតែងតាំង​ឈ្មោះ ខ្វាន់ ដា​រា ឲ្យ​ឡើង​ធ្វើជា​ប្រធានការិយាល័យ​សាធារណការ រំលង​មន្ត្រី​ចាស់ៗ​ជាច្រើន​នាក់​ដែល​បម្រើ​ការងារ​ក្នុង​មន្ទីរ​នេះ​ច្រើន​ឆ្នាំ​មកហើយ​។ ជាងនេះទៅទៀត​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក ឌិន គឹម មាន​គម្រោង​ឲ្យ​កូនប្រុស​របស់ខ្លួន​ឈ្មោះ ខ្វាន់ ដា​រា ធ្វើជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​នាពេលខាងមុខ ព្រោះ​គាត់​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០១៧​ខាងមុខ​។ លើស​នេះ​ទៅទៀត​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​ស្ទើរតែ​ក្លាយទៅជា​កម្មសិទ្ធិ​ផ្ដាច់មុខ​នៃ​ក្រុមគ្រួសារ​លោក ឌិន គឹម ទៅហើយ​ព្រោះ​មន្ត្រី​ក្នុង​មន្ទីរ​នេះ​ប្រមាណ​ជាង​៣០​នាក់ គឺមាន​សាច់ញាតិ​ព្រមទាំង​កូនបង្កើត​និង​កូនប្រសា​លោក ឌិន គឹម ស្ទើរតែ​ពាក់កណ្ដាល​ទៅហើយ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ត្រូវ​ពិនិត្យមើល​ភាពមិនប្រក្រតី​នេះ​ផង ហើយ​គួរ​ចាត់វិធានការ​ដោះស្រាយ​ប្រកបដោយ​តម្លាភាព​៕

27ba535e-81ec-42b3-a9cf-1516a79d9fd7លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន 111