ច្បាប់​ស្ដីពី​សហជីព​នៅ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការរិះគន់​កាន់តែ​ច្រើនឡើងៗ​

ច្បាប់​ស្ដីពី​សហជីព​នៅ​កម្ពុជា​ដែល​ត្រូវបាន​រដ្ឋសភា​កម្ពុជា​អនុម័ត កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​។ ជាក់ស្តែង​ក្រុម​សមាជិកសភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី បាន​រិះគន់​ច្បាប់​ស្ដីពី​សហជីព​ដែល​រដ្ឋសភា​កម្ពុជា​អនុម័ត​កាលពីពេល​ថ្មីៗ​នេះ​។ ក្រុម​សមាជិកសភា​អាស៊ាន​សម្រាប់​លទ្ធិ​មនុស្ស​បាន​អះអាងថា ច្បាប់​នោះ​អាច​ទាញ​ឲ្យ​ស្ថានភាព​គោរព​សិទ្ធិ​កម្មករ​ដើរ​ថយក្រោយ និង​បាន​រំលោភ​លើ​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ការងារ​។

ជុំវិញ​ច្បាប់​ស្ដីពី​សហជីព​នេះដែរ ក្រុម​សមាជិកសភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស​បានស្នើ​ឲ្យ​ព្រឹទ្ធសភា​កម្ពុជា​បដិសេធ​ច្បាប់​នេះ ហើយ​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​ស្ថាប័ន​ជំនាញ​ពិនិត្យឡើងវិញ ដោយសារតែ​សេចក្ដីព្រាងច្បាប់​នេះ​ពុំបាន​ឆ្លងកាត់​ការពិគ្រោះ​យោបល់​គ្រប់គ្រាន់​និង​មិន​បំពេញ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​២​ទំព័រ​របស់​សមាជិក​សភា​អាស៊ាន ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦ បាន​បញ្ជាក់ថា ច្បាប់​ស្ដីពី​សហជីព​ដែល​រដ្ឋសភា​កម្ពុជា​ទើប​អនុម័ត កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ មាន​មាត្រា​មួយចំនួន​បាន​គំរាមកំហែង​ទៅដល់​សេរីភាព​សមាគម និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការងារ​របស់​សហជីព និង​អត្ថប្រយោជន៍​សម្រាប់​កម្ម​ករ​។

តាមរយៈ​សេចក្ដីថ្លែងការណ៍​នោះ​ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន និង​ជា​សមាជិកសភា​ម៉ាឡេស៊ី លោក ឆាល តាំង​ស្យា​ហ្គោ បាន​លើកឡើងថា ជាការ​ចាំបាច់​ណាស់​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​សហជីព​មាន​សេរីភាព​ពេញលេញ​ដើម្បី​ការពារ​ប្រយោជន៍​សមាជិក​របស់​ពួកគេ​។ លោក ឆាល តាំង​ស្យា​ហ្គោ បាន​រិះគន់​ច្បាប់​សហជីព​កម្ពុជា​ថា ច្បាប់​នេះ​មាន​មាត្រា​ដែល​បង្ក​ការលំបាក​រឹតបន្តឹង​សេរីភាព​របស់​កម្មករ​ក្នុងការ​ចូលរួម និង​បង្កើត​សហជីព​ដោយសារ​ការ​ជ្រៀត​ជ្រែ​ត​ហួសហេតុ​ពេក​ពី​រដ្ឋាភិបាល​។ មកដល់ពេលនេះ​រដ្ឋាភិបាល​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​) នៅ​មិនទាន់​បង្ហាញថា​នឹងមាន​វិធានការ​ចោទសួរ​រដ្ឋាភិបាល​កម្ពុ​ជា​ឬ​យ៉ាងណា​នោះទេ​។

គួរ​រំលឹក​ដែរ​ថា​សហជីព​កម្មករ និង​ក្រុម​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា​មួយចំនួន​បានធ្វើ​ការតវ៉ា​យ៉ាងខ្លាំង​នៅពេលដែល​រដ្ឋសភា​កម្ពុ​ជា​អនុម័ត​ច្បាប់​នេះ កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦​។ ដោយហេតុថា ក្រសួង​ពាក់ព័ន្ធ​បាន​ទាត់ចោល​សំណើ​របស់​សហជីព​និង​ដៃគូ​អន្តរជាតិ​នានា ដែល​បានស្នើ​ឲ្យ​លុបចោល​ការកំណត់​ពី​ការតវ៉ា​និង​បាតុកម្ម​របស់​កម្មករ ព្រមទាំង​កម្រិត​នៃ​ការ​ជ្រៀត​ជ្រែ​តរបស់​រដ្ឋាភិបាល​ទៅលើ​កិច្ចការ​សហជីព​។ ក្រុម​សមាជិកសភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​ចំពោះ​អំពើហិង្សា​ទៅលើ​សហជីព និង​ការ​បំបិទ​សិទ្ធិសេរីភាព​សហជីព​ក្នុង​បញ្ហា​បម្រើ​និង​ការពារ​ប្រយោជន៍​កម្មករ​៕

21159F69-C738-42D9-9E7C-B61A9C5C0B5C_w640_s 20055D16-962B-4FDF-AA78-6229A1D4B5AC_w640_r1_s