លោក កឹម សុខា ជួបពិភាក្សា​ការងារ​ជាមួយ​ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​

ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ថ្មីៗ​នេះ បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​កិច្ចការ​នយោបាយ នៃ​អង្គការសហប្រជាជាតិ មកពី​ទីក្រុង​ញូវយ៉ក​។

ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ ត្រូវបាន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បញ្ជាក់​ផ្តោត​សំខាន់​ពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ជាពិសេស ស្ថានភាព​សិទ្ធិមនុស្ស និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ មុនពេល​បោះឆ្នោត​។​

ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ នៅ​ស្ថានទូត​សហគមន៍​អឺ​រុ​ប លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​សប្តាហ៍​មុន ក៏បាន​ដឹកនាំ គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ គណៈប្រតិភូ​សភា​អឺ​រុ​ប មកពី​ច្រើន​ប្រទេស​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។ លោក កឹម សុខា បាន​បញ្ជាក់ថា​ក្នុងជំនួប​ខាងលើនេះ ភាគី​ទាំង​ពីរបាន​ផ្តោត​សំខាន់​ទៅលើ ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​លោក​បានស្នើ​ដល់​សហគមន៍​អឺ​រុ​ប បន្ដ​ការជួយ​លើ​ការបោះឆ្នោត ដើម្បី​ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌​។​

គួរ​បញ្ជាក់ថា លោក កឹម សុខា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​កន្លងមក បាន​ថ្លែងប្រាប់​ពលរដ្ឋ​ម្ចាស់ឆ្នោត​ថា ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ពិសេស​សហគមន៍​អឺរ៉ុប​បានបង្ហាញ​ជំហរ​គាំទ្រ​ការផ្លាស់ប្តូរ​តាម​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ និង​ធានា​ជួយ​ជ្រោមជ្រែង​ឲ្យ​មានការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី​នៅ​កម្ពុជា​៕

12718021_1331375440213085_9202577556506952049_n