សាំ​យ៉ុ​ង​២​គ្រឿង​បុក​គ្នា​ពេញទំហឹង រង​របួស​ទាំង​សងខាង

ខេត្តព្រះវិហារ ៖ រថយន្ត​សាំ​យ៉ុ​ង​២​គ្រឿង​បើកបរ​បញ្ច្រាសទិស​គ្នា បុក​យ៉ាង​ពេញទំហឹង ឋិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ក្នូ​ង​ភូមិ​រំចេក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ នៅ​វេលា​ម៉ោង​៤​នឹង​៣០​នាទី​រសៀល​ថ្ងៃ​៧ ខែមេសា ឆ្នាំ​២០១៦​នេះ បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួស តែ​មិន​មាន​គ្រោះថ្នាក់​ដល់​បាត់​បង់ជីវិត​ឡើយ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ 2A-1334 បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៦២ និង​៦៣ ក៏​ស្រាប់តែ​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-8203 ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួស​អ្នក​ជិះ​ក្នុង​រថយន្ត​ទាំង​សងខាង​តែ​ម្តង ហើយ​ត្រូវ​បាន​ពលរដ្ឋ​នៅ​ក្បែរ​នោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ បន្ថែម​ឲ្យ​ដឹង​ដែរ​ថា អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ 2A-1334 មានឈ្មោះ គ​ន្ធា អាយុ​៣៤​ឆ្នាំ មុខរបរ​បើករថយន្ត​ឈ្នួល រស់នៅ​ភូមិ​ជី​អោ​ក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ បាន​រង​របួស​បែកក្បាល ហើយ​បាក់ជើង​ឆ្វេង​ម្ខាង និង​អ្នក​ជិះ​ក្នុង​រថយន្ត​២​នាក់ ភេទ​ប្រុស ក្នុង​នោះ​ក្មេង​ប្រុស​ម្នាក់ អាយុ​៥​ឆ្នាំ បាន​រង​របួស​បែកក្បាល​ផង​ដែរ ។  រីឯ​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-8203 បើកបរ​ដោយ​ឈ្មោះ​ពៅ អាយុ​២៣​ឆ្នាំ ភេទ​ប្រុស មក​ពី​ខេត្តព្រះវិហារ ដឹក​អីវ៉ាន់​ចានឆ្នាំង​លក់ រង​របួស​បែកក្បាល និង​រលាត់ស្បែក​ដៃជើង ។ សូម​បញ្ជាក់​ផង​ដែរ ចំពោះ​រថយន្ត​គ្រោះថ្នាក់​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕