ឥស្សរជន និង​អភិជន​កម្ពុជា​អាច​ទិញ​ប័ណ្ណពិសេស​សម្រាប់​ចេញចូល​ប្រទេស​ថៃ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​កំណើន​ប្រជាពលរដ្ឋ​កម្ពុជា បាន​ចេញចូល​ប្រទេស​ថៃ ជា​ពិសេស អ្នកមាន​លទ្ធភាព​ចេញចូល​ទៅ​ពិនិត្យ​និង​មើលជំងឺ ក៏​ដូច​ជា​ធ្វើ​ជំនួញ និង​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ​ជា​ញឹកញាប់ ក្រុមហ៊ុន Thailand Privilege Card ជា​ក្រុមហ៊ុន​របស់​ថៃ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ជ អីុន​ធើ​ណេ​សិន​ណ​ល ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​ក្នុងស្រុក​របស់​កម្ពុជា ដើម្បី​ផ្ដល់​ប័ណ្ណ​ពិសេស​សម្រាប់​ជា​កញ្ចប់​ដល់​ឥស្សរជន និង​អភិជន ដែល​មាន​បំណង​ចេញចូល​ប្រទេស​ថៃ​ញឹកញាប់​ដោយ​មិន​គិតថ្លៃ ដោយ​គ្រាន់តែ​ទិញ​ប័ណ្ណ​នោះ ហើយ​រាល់​សេវាកម្ម​នានា​នៅ​ក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ធានា​រ៉ាប់រង​ទាំងអស់ ។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​១ មេ​សា នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល់​ឡឺ​រ៉ូ​យ៉ា​ល់ លោក​ឧកញ៉ា សៀ រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ជ អីុ​ន​ធើ​ណេ​សិន​ណ​ល ខេ​ម​បូ​ឌា បាន​ថ្លែង​ថា ៖ « ប័ណ្ណ​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​សហការ​ផ្ដល់​ជូន​នៅ​ពេល​នេះ គឺ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មាន​លទ្ធភាព និង​ឧស្សាហ៍​ចេញចូល​ប្រទេស​ថៃ​ញឹកញាប់​ដូច​ជា ចេញចូល​សម្រាប់​កិច្ចការជំនួញ​របស់​ពួក​គាត់ ឬ​ក៏​ចេញចូល​សម្រាប់​ពិនិត្យ​សុខភាព និង​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ ជាដើម ទើប​ក្រុមហ៊ុន​ទាំង​ពីរ​សហការ​គ្នា​សម្រួល​ដល់​ពួក​គាត់ » ។

លោក​ឧកញ៉ា​បន្ត​ថា ៖ « ចំពោះ​អ្នក​ដែល​ជា​សមាជិក ឬ​អ្នក​ដែល​មាន​ប័ណ្ណ​នេះ​ហើយ​ពេល​ទៅ​ដល់​ប្រទេស​ថៃ គាត់​នឹង​មាន​ភាព​ងាយស្រួល​ច្រើន គឺ​មាន​អ្នក​រង់ចាំ​ស្វាគមន៍​នៅ​មាត់ច្រក​នៃ​អាកាសយានដ្ឋាន​របស់​ប្រទេស​ថៃ និង​ជូន​ទៅ​ដល់​សណ្ឋាគារ និង​ជូន​ពី​សណ្ឋាគារ​ទៅ​អាកាសយានដ្ឋាន​វិញ​។ ក្រៅពី​អត្ថប្រយោជន៍​ទាំងនេះ គឺ​សមាជិក
កាត​នេះ ក៏​មានឱកាស​ទទួល​បាន​នូវ​ការ​បញ្ចុះតម្លៃ​ច្រើន​នៅ​ពេល​ពួក​គេ​ទិញ​ទំនិញ​តាម​ហាង​នានា​នៅ​ថៃ ។ កាត​នេះ​មាន​តម្លៃ​៣​ប្រភេទ រួម​មាន តម្លៃ​២​លាន​បាត ១​លាន​បាត និង​៥០​ម៉ឺន​បាត ដែល​មាន​រយៈពេល​រហូត​ដល់​២០​ឆ្នាំ​ក្នុង​ការ​ចេញចូល​ប្រទេស​ថៃ » ។

ចំណែក​លោក Pruet  Boobphakam អគ្គនាយក​ក្រុមហ៊ុន Privilege Card Co., Ltd មាន​ប្រសាសន៍​ថា ៖ « កិច្ចសហការ​នេះ គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​សេវា​ប័ណ្ណ Thailand Elite ដែល​នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ឥត​ខ្ចោះ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​ថៃ ។ យើង​នឹង​បន្ត​អភិវឌ្ឍន៍ និង​ពង្រឹង​ការ​ផ្ដល់​អភ័យឯកសិទ្ធិ​ជា​ច្រើន​ទៀត​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ធុរកិច្ច​ក្នុង​វិស័យ​ពាក់ព័ន្ធ​នានា ។ កិច្ច​សហប្រតិបត្តិការ​នេះ ក៏​នឹង​ជំរុញ​ការ​វិនិយោគ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ » ។

លោក​អគ្គនាយក​បន្ត​ថា ៖ « សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​មាន​សមាជិក​ប្រមាណ​៣.២០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក​ទាំងមូល ហើយ​សម្រាប់​កម្ពុជា​វិញ ក្រុមហ៊ុន​ក៏​មាន​គោលដៅ​សម្រេច​ឱ្យ​បាន​សមាជិក​៦០​នាក់​ក្នុង​រយៈពេល​២​ឆ្នាំ ដោយ​គិត​ជា​ទឹកប្រាក់​ប្រមាណ​៣០​លាន​បាត » ៕