អេ​ម​រុ រាយ​ស៍ នឹង​ជំរុញ​ផលិតផល​អង្ករ​សរីរាង្គ​ខេត្តព្រះវិហារ​ឱ្យ​ពិភពលោក​ស្គាល់​កាន់តែ​ខ្លាំង

ខេត្តព្រះវិហារ ៖ ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​នាំ​ចេញ​អង្ករ​សរីរាង្គ​ធំ​ជាងគេ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម ជាមួយ​សហគមន៍​កសិកម្ម​ទូ​ទាំង​ខេត្តព្រះវិហារ  ក្នុង​ការ​ផលិត​ស្រូវ​សរីរាង្គ​ដែល​គ្មាន​សារធាតុ​គីមី ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​កាន់តែ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ និង​ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ខ្លាំង​ថែម​ទៀត ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​កិច្ចសន្យា​កសិកម្ម និង​ធ្វើ​ផែនការ​ផលិតកម្ម​រវាង​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ និង​សហគមន៍​ផលិត​អង្ករ​សរីរាង្គ​ខេត្តព្រះវិហារ នា​រសៀល​ថ្ងៃ​ទី​៥ មេ​សា លោក​ឧកញ៉ា សុង សា​រ៉​ន ប្រធាន​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ បាន​មាន​ប្រសាសន៍​ថា ៖ « ការ​ផលិត​អង្ករ​សរីរាង្គ​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​របស់​សហគមន៍​កសិកម្ម​ខេត្តព្រះវិហារ គឺ​ផលិត​បាន​ត្រឹមតែ​៧០%​ប៉ុណ្ណោះ​លើ​ផែនការ​របស់​ក្រុមហ៊ុន ដោយសារ​តែ​សហគមន៍​កសិកម្ម​ជួប​បញ្ហា​អាកាសធាតុ ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់ នៅ​ពេល​ប្រមូល​ផល​មាន​ភ្លៀង​ធ្លាក់ ធ្វើ​ឲ្យ​កសិករ​ពិបាក​ច្រូតកាត់ និង​ខ្វះខាត​ឧបករណ៍​ច្រូតកាត់ ព្រមទាំង​កម្លាំង​ពលកម្ម​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​ទទួល​បាន​មាន​កម្រិត​ទាប » ។ ទោះជា​យ៉ាងណា លោក​នឹង​ព្យាយាម​ស្វែងរក​ដៃគូ ក៏​ដូច​ជា​អង្គការ​គាំទ្រ​វិស័យ​កសិកម្ម​មួយ​ចំនួន​ដើម្បី​គាំទ្រ​នូវ​អ្វី​ដែល​កសិករ​កំពុង​ជួប​ប្រទះ នឹង​ខ្វះខាត​ឧបករណ៍​កសិកម្ម ។

ប្រធាន​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ បាន​បញ្ជាក់​ដែរ​ថា ៖ « ខេត្តព្រះវិហារ គឺជា​ខេត្ត​មួយ​ដែល​ផលិត​អង្ករ​សរីរាង្គ​បាន​ច្រើន​ជាងគេ និង​មានគុណ​ភាព​លេខ​១ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​ផលិតផល​ដែល​អន្តរជាតិ​ទទួលស្គាល់ » ។

ក្នុង​ឱកាស​នោះ​ដែរ តំណាង​សហគមន៍​កសិកម្ម បាន​លើក​ឡើង​ថា ៖ « បើ​ទោះបីជា​ការ​ផលិត​ស្រូវ​សរីរាង្គ​របស់​សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ​នា​ឆ្នាំ​កន្លង​ទៅ ទទួល​បាន​ទិន្នផល​មិន​គ្រប់​តាម​ផែនការ​របស់​ក្រុមហ៊ុន​ក៏​ពិតមែន តែ​នៅ​ក្នុង​២០១៦​នេះ សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ នឹង​ផលិត​អង្ករ​សរីរាង្គ​ឲ្យ​បាន​គ្រប់គ្រាន់​តាម​ផែនការ​របស់​ក្រុមហ៊ុន ហើយនឹង​បន្ត​ចុះ​កិច្ចព្រមព្រៀង​សហគមន៍​បន្ថែម​ទៀត​ជាមួយ​ក្រុមហ៊ុន » ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ក៏​បាន​លើក​ឡើង​ដែរ​ថា ៖ « សហគមន៍​កសិកម្ម​ទាំងអស់​ក្នុង​ខេត្តព្រះវិហារ​មានការ​សប្បាយ​រីករាយ ខណៈ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​បាន​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម​ដល់​ប្រជា​កសិករ​ទាំងអស់ ក្នុង​ការ​វិនិយោគ​រួម​គ្នា​លើ​ផលិតផល​កសិកម្ម​អង្ករ​សរីរាង្គ​របស់​កសិករ​ក្នុង​ខេត្តព្រះវិហារ​នេះ » ។
លោក​ប្រធាន​មន្ទីរ​ក៏​បាន​ជំរុញ​ឲ្យ​សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ​ផ្សេង​ទៀត ចូលរួម​បន្ត​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍  ក្នុង​ការ​ផលិត​នូវ​អង្ករ​សរីរាង្គ​បន្ថែម​ទៀត​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដើម្បី​ទទួល​បាន​នូវ​ចំណូល​សមរម្យ ជា​ពិសេស រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ​បាន​មួយ​កម្រិត​ធំ ។
គួរ​រំឭក​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ សហគមន៍​ផលិត​អង្ករ​សរីរាង្គ​ចំនួន​១៣ បាន​លក់​អង្ករ​ទៅ​ឲ្យ​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ បាន​ចំនួន​៣៥០៤​តោន ស្មើនឹង​៧០% នៃ​ផែនការ​៥​ពាន់​តោន និង​បាន​នាំ​ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ប្រមាណ​ជា​៩៥% ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្ត បាន​ឲ្យ​ដឹង​ថា សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ​មាន​ចំនួន​៤២​សហគមន៍ ក្នុង​នោះ​ចំនួន​១៣​សហគមន៍​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិត​អង្ករ​សរីរាង្គ​ជាមួយ​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍  ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ និង​បន្ត​ចុះ​កិច្ចព្រមព្រៀង​ចំនួន​១៥​សហគមន៍​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ៕