មាន់​រស់​ជាង​២​ពាន់​ក្បាល​នាំ​ចូល​ពី​ប្រទេស​ថៃ​គ្មាន​ច្បាប់

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ពេទ្យសត្វ​ឃាត់​រថយន្ត​២​គ្រឿង​ដឹក​មាន់​រស់​ជាង​២​ពាន់​ក្បាល​នាំ​ចូល​ពី​ប្រទេស​ថៃ​គ្មាន​ច្បាប់​នៅ​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៦​ក្នុងភូមិ​សាស្ត្រ ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​។ លោក ហ៊ុយ តូច ប្រធាន​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ថា មាន​រថយន្ត​២​គ្រឿង​ដែល​ឈ្មួញ​បាន​លួច​ដឹក​មាន់​រស់​ចូល​ពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ។

មន្ត្រី​ផលិតកម្ម​បសុព្យាបាល​ខេត្ត និង​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួង និង​ខេត្ត​បាន​ឃាត់​រថយន្ត​ធុន​ធំ​១​គ្រឿង​ដែល​ពាក់​ស្លាក​លេខ​កំពង់ធំ​3A-1215 ដែល​ដឹក​មាន់​រស់​ចំនួន​១.៤៤០​ក្បាល ដែល​មាន​ម្ចាស់​ឈ្មោះ លី គឹ​ម​ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ដី​ឡូ​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ដែល​ឃាត់​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦​ខែមេសា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​ភូមិសាស្ត្រ ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​១​គ្រឿង​ទៀត​ធុន​នី​សាន់​ដែល​ពាក់​ស្លាក​លេខ​កំពង់ធំ A2-0761​ដែល​ដឹក​មាន់​រស់​ចំនួន​៧១១​ក្បាល​ម្ចាស់​ឈ្មោះ សាយ សុង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​/​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​ដែល​ឃាត់​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​០៦​ខែមេសា ឆ្នាំ​២០១៦​ត្រង់​ចំណុច​ភូមិ​/​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។ លោក ហ៊ុយ តូច បាន​បញ្ជាក់​ថា រថយន្ត​២​គ្រឿង​ដែល​ដឹក​មាន់​រស់​ចំនួន​២.១៥១​ក្បាល​ដែល​ឈ្មួញ​លួច​នាំ​ចួ​ល​ពី​ប្រទេស​ថៃ​នាំ​ចូល​មក​កម្ពុជា​ដោយ​គ្មាន​ច្បាប់​ហើយ​បាន​ឃាត់​នាំ​យក​មក​កា​រិ​ល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្ត​ដើម្បី​ពិនិត្យ​មើល​មាន់​មាន​ជំងឺ ឬ​យ៉ាងណា​បើ​គ្មាន​គឺ​ម្ចាស់​ត្រូវធ្វើ​ច្បាប់​នាំ​ចូល​ដោយ​ច្បាប់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​។ ហើយ​មាន់​រស់​ដែល​ឈ្មួញ​នាំ​ចួ​លតា​ម​ភូមិសាស្ត្រ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ គោលបំណង​គឺ​នាំ​ចេញ​ទៅ​ខេត្តស្ទឹងត្រែង​៕