ដុត​សំរាម​ ! ឆេះ​រាលដាល​២​កន្លែង​ផ្សេង​គ្នា​អស់​ប្រមាណ​៧​ហិ​កតា

ខេត្តសៀមរាប ៖ ​ករណី​អគ្គិភ័យ​ឆាបឆេះ​​ព្រៃ​របោះ និង​វាលស្មៅ អស់​ប្រមាណ​ជា​៧​ហិ​កតា បណ្ដាល​មក​ពី​មាន​គេ​ដុត​សំរាម​ទុក​ចោល​ហើយ​ក៏​ឆេះ​រាលដាល​តែ​ម្តង ដែល​ហេតុការណ៍​ឆេះ​២​កន្លែង​ផ្សេង​គ្នា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង​៣០​នាទី ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦​មេ​សា​នេះ​ថា ករណី​ភ្លើង​ឆេះ​២​កន្លែង​ផ្សេង​គ្នា​នេះ​គឺ​បណ្ដាល​មក​ពី​អ្នក​ដុត​សំរាម ពីព្រោះ​ថា កាលពី​ព្រឹក​អាជ្ញាធរ​ស្រុក​ពួក​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ រួម​ទាំង​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ធ្វើការ​សំអាត​បរិស្ថាន ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូល​ថ្មី​ប្រពៃណី​ជាតិខ្មែរ​របស់​យើង​ដែល​នឹង​ឈាន​មក​ដល់​នា​ថ្ងៃ​ខាង​មុខ ។ លោក​បន្ត​ថា ពេល​ដែល​ប្រមូល​សំរាម​បាន​ហើយ ក្រុម​អ្នក​សំអាត​បរិស្ថាន​បាន​ដុត​សំរាម​ចោល​ហើយ​ទុក​ចោល ដោយ​មិន​​នឹក​ស្មាន​ថាអាច​នឹង​មាន​ករណី​នេះ​កើតឡើង ពេល​នោះ​ភ្លើង​បាន​រាលដាល​បន្តិច​ម្តង​ៗ ធ្វើ​ឱ្យ​ឆេះ​ព្រៃរបោះ និង​វាលស្មៅ​២​កន្លែង​ផ្សេង​គ្នា ដែល​ករណី​ទី​១ ឆេះ​នៅ​មុខ​សាលាស្រុក​ពួក អស់​ចំនួន​៤​ហិ​កតា និង​ទី​២ ឆេះ​នៅ​ខាងត្បូង​សាលាស្រុក​ពួក អស់​ចំនួន​ប្រមាណ​ជា​៣​ហិ​កតា សរុប​អស់​ប្រហែល​ប្រមាណ​៧​ហិច​តា ។

លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ករណី​នេះ​កើតឡើង លោក​បាន​រាយការណ៍​ទៅ​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​មាន​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ ជា​ពិសេស​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ទើប​ធ្វើ​ឱ្យ​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​វិញ​នៅ​វេលា​ម៉ោង​៣​ល្ងាច ដោយ​ប្រើប្រាស់​ឡានទឹក​បាញ់​ពន្លត់​អស់​៣​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​១​គ្រឿង ។

លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ថា ករណី​ឆេះ​ព្រៃរបោះ និង​វាលស្មៅ​នេះ​ធ្វើ​ឱ្យ​ខូចខាត​ដើមឈើ​អស់​មួយ​ចំនួន តែ​មិន​បណ្ដាល​ឱ្យ​ខូចខាត​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ ៕