រាជ​រដ្ឋាភិបាលបន្ត​​ជម្រុញ​ការ​អភិវឌ្ឍន៍​​ប្រព័ន្ធ​​ហេដ្ឋារចនាសម្ព័ន្ធ​ជន​បទ

​រាជធានី​ភ្នំពេញ ៖ ថ្លែង​​ក្នុង​ពិធី​ផ្ទេរតំណែង​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​ព្រឹក​​ថ្ងៃ​ទី​០៦ ​មេសា ​២០១៦ នេះ លោក​​បណ្ឌិត​សភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋមន្ត្រី​បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​ជម្រុញ​ការ​អភិវឌ្ឍន៍​​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​លើកកម្ពស់​ជីវភាព​​ប្រជាជន​នៅ​តាម​ជនបទ ។

សូម​ជម្រាប​ថា លោក អ៊ុ​ក រ៉ា​ប៊ុ​ន អតីតរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អភិ​វឌ្ឍន៍​ជនបទ​ជំនួស​លោក ជា សុ​ផា​រ៉ា ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ។ ពិធី​ផ្ទេរតំណែង​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៦ ក្រោម​វត្តមាន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី ។

​លោក សុខ អាន បាន​ថ្លែង​នូវ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ លោក ជា សុ​ផា​រ៉ា រួម​ទាំង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បាន​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន ក្នុង​ការ​អភិវឌ្ឍ​ជនបទ​នៅ​កម្ពុជា​។

លោក​បន្ត​ថា ព្រឹត្តិការណ៍​នា​ថ្ងៃនេះ ឆ្លុះ​បញ្ចាំង​អំពី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បង្ហាញ​ឱ្យ​ឃើញ​អំពី​ឧត្តមគតិ និង​ការ​បេ្ត​ជ្ញា​ដ៏​មុះ​មុត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពុះពារ​បម្រើ​ជាតិ និង​ប្រជាជន យក​ផលប្រយោជន៍​រួម​ជា​ធំ សំដៅ​បន្ត​ការពារ និង​កសាង​មាតុភូមិ​ឆ្ពោះទៅ​រក​អនាគត​ដ៏​រុងរឿង ស្រប​តាម​ឆន្ទៈ និង​បំណងប្រាថ្នា​របស់​ប្រជាជន​។