វិស័យ​​សុខាភិបាល​ ​ត្រូវ​តែ​ជា​ប្រធានបទ​​ដ៏​សំខាន់​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ខាង​​មុខ

នៅ​ពេល​​ដែល​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នឹង​ចូល​មក​ដល់​​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​​នេះ មនុស្ស​ម្នា​ត្រៀម​ឈប់​​សម្រាក​វិស្សមកាល​ ដោយ​​​អាច​ទៅ​លេង​ស្រុក​​កំណើត ធ្វើ​ដំណើរ​ទេសចរណ៍​​តាម​ខេត្ត ​និង​ក្រៅប្រទេស​ ។ ប៉ុន្តែ​ក៏​មាន​​មនុស្ស​ជា​ច្រើន​ផង​ដែរ ​នឹង​ត្រៀម​ប្រើប្រាស់​​ពេលវេលា​ឈប់​សម្រាក​នេះ​ សម្រាប់​ការ​ពិនិត្យ​ និង​ព្យា​បាលជំងឺ​​នៅ​​ក្រៅ​ប្រទេស​ ។

រៀង​​រាល់ពេល​​ឈប់​​សម្រាក គេ​ឃើញ​ប្រជាជន​កម្ពុជា​​ជា​ច្រើន ​បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ ​ទៅ​ទីក្រុង​ហូ​ជី​មិ​ញ ​ប្រទេស​វៀត​ណាម និង​តាម​យន្តហោះ​ ឬ​រថយន្ត​ទៅ​កាន់​ប្រទេស​ថៃ​ ដើម្បី​ស្វែងរក​ការ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​នៅ​ទីនោះ​ ដោយ​រំពឹង​ថា ​នឹង​បាន​ទទួល​សេវា ​ដែល​មានគុណ​ភាព​ជាង​សេវាកម្ម​សុខភាព​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ។

ចរន្ត​ហូរ​ចេញ​ មិន​អាច​ទប់​បាន​នៃ​ប្រជាជន​កម្ពុជា​​ទៅ​ទទួល​ការ​ពិនិត្យ ​និង​​ព្យាបាល​រោគ​​នៅ​ក្រៅប្រទេស​​ចង្អុលបង្ហាញ​​ពី​ភាព​ទន់​ខ្សោយ​​នៃ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ​ដោយ​តម្រូវ​ឱ្យ​មាន​​នយោបាយ​​កំណែទម្រង់​ ប្រកបដោយ​ប្រ​សិ​ទ្ធ​​ភាព​​លើ​វិស័យ​សុខាភិបាល​នេះ​ ។

គណបក្ស​នយោបាយ​ទាំងអស់​ ត្រូវ​តែ​មាន​គោលនយោបាយ​ដ៏​ច្បាស់លាស់​ នៅ​ក្នុង​ការ​ធ្វើឱ្យ​​មានការ​កែប្រែ​វិស័យ​​សុខាភិបាល​ដ៏​សំខាន់​​នេះ​ ។ ដោយសារ​​វិស័យ​សុខាភិបាល​ប៉ះពាល់​​ដល់​សុខភាព​ និង​ជីវិត​មនុស្ស​គ្រប់​​គ្នា នយោបាយ​ប្រកបដោយ​ប្រ​សិ​ទ្ធ​​ភាព​របស់​​គណបក្ស​នយោបាយ​ ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អ្នកបោះឆ្នោត​។ កំណែ​ទម្រង់​ស៊ីជម្រៅ​​នៃ​វិស័យ​សុខាភិបាល​ ត្រូវ​តែ​ជា​អាទិភាព​នៅ​ក្នុង​​កម្មវិធី​នយោបាយ​របស់​គណបក្ស​ទាំងអស់ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​​ខាង​​មុខ ​។

ចំណែក​ប្រជាជន​កម្ពុជា​​ ពិសេស​អ្នកមាន​សិ​ទ្ធិ​បោះ​ឆ្នោត​ គួរ​ដកខ្លួន​​ឱ្យ​​ឆ្ងាយ​បន្តិច​​ពី​ជម្លោះ​នយោបាយ​ ដែល​ពោរពេញទៅ​​ដោយ​ការ​ស្អប់ខ្ពើម​ និង​ស្រឡាញ់​ ។ ជំនួស​​​មក​​វិញ អ្នកបោះឆ្នោត​ទាំងអស់​ ត្រូវ​តែ​តាមដាន​ដោយ​យកចិត្តទុក​ដាក់​ដល់​កម្មវិធី​នយោបាយ​របស់​​គណបក្ស​នីមួយ​ៗ​ ដើម្បី​ឱ្យ​​ដឹង​ច្បាស់​ថា ​តើ​ពួក​គេ​នឹង​មាន​សមត្ថភាព​ធ្វើ​ឱ្យ​​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា​​កាន់តែ​ប្រសើរ​ឡើង​លើ​គ្រប់​ទិដ្ឋភាព ​ឬ​យ៉ាងណា ​។

ការ​តាម​ដាន​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​ នឹង​ធ្វើ​ឱ្យ​​គណបក្ស​នយោបាយ​​នោះ​ ខិតខំ​ប្រឹងប្រែង​​ធ្វើការ​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​​ខាង​​​មុខ ​។ ប្រជាជន​​ត្រូវ​តែ​ចូលរួម​ការ​បោះ​ឆ្នោត​ ដោយ​ពិនិត្យ​មើល​ផលប្រយោជន៍​ ដែល​គណបក្ស​នយោ​បាយ​នីមួយ​ៗ ​អាច​ផ្តល់ឱ្យ​​នៅ​ពេល​​ដែល​ពួក​គេ​ជាប់​​ឆ្នោត​ ។ ប្រជាជន​កម្ពុជា​ មិន​ត្រូវ​ទម្លាក់​សន្លឹក​ឆ្នោត ​ដោយ​គ្រាន់តែ​ចង់​ដោះ​ស្រាយ​​​​អារម្មណ៍​ស្អប់​ និង​ស្រឡាញ់​នោះ​ឡើយ​ ។

បើសិនជា​ប្រជាជន​កម្ពុជា​យកចិត្តទុកដាក់​ឱ្យ​បាន​ច្រើន ​នៅ​ក្នុង​ការ​តាមដាន​កម្មវិធី​នយោបាយ​របស់​គណបក្ស​នានា​​នោះ ពួក​អ្នក​នយោ​បាយ​ នឹង​មិន​អាច​បន្ត​ធ្វើ​អ្វី​ផ្តេស​ផ្តាស​បាន​ឡើយ​ ។ ដូច្នេះ ពួក​គេ​ក៏​​ប្រហែលជា​លែង​​ចំណាយពេល​អត់​​ប្រយោជន៍​​នៅ​ក្នុង​ការ​បាច​​ភក់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​​ដែរ​។ ពួក​គេ​នឹង​ប្រឹងប្រែង​រៀបចំ​កម្មវិធី​នយោបាយ ​ដែល​នឹង​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន​​ជា​ធំ​។

ការ​បោះ​ឆ្នោត​​ដោយ​មាន​​ការ​យល់​ដឹង​​គ្រប់គ្រាន់​អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​នីមួយ​ៗ គឺជា​​ការ​បោះ​ឆ្នោត​មួយ​​ប្រកបដោយ​គុណភាព​នៅ​ក្នុង​ដំណើរការ​ប្រជាធិប​តេយ្យ​ ។ នៅ​ពេល​ដែល​ប្រជា​ជ​ន​​មាន​សមត្ថភាព​ធ្វើ​បែប​នេះ​បាន​​ហើយ ពេល​នោះ​ដំណើរការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​​នឹង​កាន់តែ​រឹង​មាំ​ និង​កាន់តែ​បម្រើ​ផលប្រយោជន៍​ប្រជាជន ​និង​ប្រទេស​ជាតិ​ជា​ធំ ​៕