បាត់​ម៉ូតូ ឬ​ម៉ាស៊ីនភ្លើង ទៅ​មើល​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សេ​១២៥​ផលិត​នៅ​ប្រទេស​ចិន​១​គ្រឿង និង​ម៉ាស៊ីនភ្លើង​១​គ្រឿង ត្រូវ​បាន​គេ​យក​ទៅ​​លាក់​ទុក​នៅ​ក្នុង​ចេតិយ​មួយ​នៅ​ក្នុង​វត្ត​តាំង​កសាង​ខាងត្បូង ដែល​ប៉ូលិស​បាន​ដាក់​ការ​សង្ស័យ​ថា​ជា​របស់​ក្រុម​ចោរលួច​បាន​ពី​កន្លែង​ណាមួយ ហើយ​បាន​នាំ​យក​ទៅ​លាក់​ទុក​នៅ​ទីនោះ​រង់ចាំ​ឱ​កាស​ស្ងាត់នឹង​យក​ទៅ​លក់ ។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ក្នុង​ចេ​តិ​យ៏​មួយ​ក្នុង​វត្ត​តាំង​កសាង​ខាងត្បូង ស្ថិត​ក្នុងភូមិ​ចំការ​ឱ​ឡឹ​ក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​ប៉ូលិស​បាន​និយាយ​ថា ម៉ូតូ​ដែល​ត្រូវ​បាន​គេ​យក​ទៅ​លាក់​ទុក​នោះ​ម៉ាក​សេ​១២៥​ផលិត​នៅ​ប្រទេស​ចិន ពណ៌​ខ្មៅ អត់​ស្លាក​លេខ ចំណែក​ម៉ាស៊ីនភ្លើង ម៉ាក​ហុងដា ។

សមត្ថកិច្ច​ប៉ូលិស​បន្ត​ថា ក្នុង​ពេល​មានការ​ភ្ញាក់ផ្អើល​នោះ ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ខាងលើ​បាន​ផ្ដល់​ព័ត៌មាន​ថា មាន​ក្រុម​ក្មេង​ៗ​ទំនើង​មួយ​ក្រុម​មាន​ប្រុស​មាន​ស្រី​បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ចេតិយ​មួយ​នោះ មិនដឹង​ថា​មានការ​អ្វី​នោះ​ទេ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម​ៗ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​កាន់​ទីនោះ ហើយ​មិន​បានឃើញ​​ក្មេង​ទំនើង​ទាំង​នោះ​​នៅ​ទីនោះ​ទេ តែ​​បាន​ប្រទះ​ឃើញ​មាន​​ម៉ូតូ និង​ម៉ាស៊ីនភ្លើង​ ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ទៅ​វិញ ។ បន្ទាប់​មក​កម្លាំង បាន​កាត់​សោរ​ទ្វារ​ចេតិយ រួច​បាន​យក​សម្ភារៈ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត​ទៀត ៕