ស្តុក​ឈើ​គ្រញូង​ច្រើន​ម្លឹងៗ លាក់​ម៉េច​ជិត​ទៅ

ខេត្ត​ត្បូងឃ្មុំ ៖ នា​រសៀល​ថ្ងៃ​ទី​៦​មេ​សា​នេះ លោក ដេ​ត ខេមរា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំពោះ​សំណុំរឿង​គ្រាក់​គ្រញូង​ជាង​១៧​តោន​របស់​កូនប្រសា​រលោក​មេឃុំ​ត្រពាំង​ផ្លុ​ង​ដែល​បាន​បង្ក្រាប​កន្លង​មក​នោះ​គឺ​បាន​មក​ដល់​ដៃ​រដ្ឋបាល​សាលាដំបូង​ខេត្ត​ហើយ ដែល​ពេល​នេះ​កំពុង​តែ​អ៊ុត​មើល​ថា តើ​មាន​អ្នក​ណាខ្លះ​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ?

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៦ មីនា ២០១៦ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុក​ឈើ​គ្រាក់​គ្រញូង​របស់​ឈ្មោះ ផែន ភេទ​ប្រុស ត្រូវជា​កូនប្រសា​រលោក​មេឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ច្រើន​សន្ធឹក​ស​ន្ទា​ប់រ​ហូត​ដល់​ទៅ​ជាង​១៧​តោន ដោយ​ស្ថាប័ន​សាលាដំបូង​ខេត្ត​បាន​ចុះ​បិទ​មិន​ឲ្យ​អ្នក​ណា​ចេញចូល​ឡើយ ។ តែ​រហូត​ដល់​ពេល​យប់​ថ្ងៃ​ទី​២៦ មីនា បែរជា​មាន​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​នាំ​គ្នា​ទៅ​គាស់​សោ​ទ្វារ​ទម្លាយ​ចូល​យក​រថយន្ត​៣​គ្រឿង និង​ត្រាក់ទ័រ​១​គ្រឿង​ទៅ​បាត់ នេះ​បើ​តាម​មន្ត្រី​អាវុធហត្ថ​ថ្លែង​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៨​មីនា ។

តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ករណី​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ឈើ​គ្រាក់​គ្រញូង​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក​នោះ គឺ​ជំនាញ​បាន​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ ផែន ដែល​ជា​កូនប្រសារ​របស់​មេឃុំ​ត្រពាំង​ផ្លុ​ង ។

យោង​តាម​កំណត់ហេតុ​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​បង្ក្រាប​នោះ គេ​បាន​រក​ឃើញ​ឈើ​គ្រាក់​គ្រញូង​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​របស់​ឈ្មោះ ផែន ដែល​ជា​កូនប្រសា​របស់​លោក យៀ​ប ជា​មេឃុំ​ត្រពាំង​ផ្លុ​ង ដែល​ក្នុង​ពេល​នោះ គេ​ឃើញ​មានមុខ​លោក​មេឃុំ​ត្រពាំង​ផ្លុ​ង បាន​មក​រារាំង​ដល់​កម្លាំង​សមត្ថកិច្ច​ប្រហែល​៣០​នាទី ក្នុង​នោះ​រួម​មាន​ទាំង​កូនស្រី​របស់​មេឃុំ​ម្នាក់​ដែល​ជា​ប្រពន្ធ​របស់​ឈ្មោះ ផែន បាន​ចេញ​មក​អះអាង​ចំពោះ​មុខមន្ត្រី​ជំនាញ​ថា ឈើ​គ្រាក់​គ្រញូង​នោះ​ជា​របស់​ខ្លួន ។