ជីក​អាង​ចិញ្ចឹម​ក្រពើ​ប្រទះ​ឃើញ​បដិមា​1​អង្គ

ខេត្តសៀមរាប ៖ បដិមា​មួយ​អង្គ​ប្រទះ​ឃើញ​ពេល​ជីករណ្តៅ​ក្នុង​ដី​ឡូត៍​ដើម្បី​ធ្វើ​អាង​ក្រពើ ។ ការ​ប្រទះ​ឃើញ​នោះ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ទៅ​មើល ហើយ​ខ្លះ​ថា​ធ្វើ​ពី​សំរឹទ្ធ ឯ​អ្នកខ្លះ​ថា​ជា​ស្ពាន់ ។

ម្ចាស់​ដី​ឡូត៍​បាន​ប្រគល់​បដិមា​នោះ​ឱ្យ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ដើម្បី​រក្សា​ទុក បន្ទាប់​ពី​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៥ មេ​សា នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ។

អ្នក​ភូមិ​ដែល​នាំ​គ្នា​ទៅ​ចោមរោម​មើល​និយាយ​ថា បដិមា​ដែល​ប្រទះ​ឃើញ​ពេល​ជីកដី​ធ្វើ​អាង​ក្រពើ​នោះ​មិនដឹង​ធ្វើ​ពី​លោហៈ​អ្វី​ច្បាស់លាស់​ទេ ដោយ​អ្នកខ្លះ​សង្ស័យ​ធ្វើ​ពី​ស្ពាន់ ខ្លះ​ថា​លង្ហិន ខ្លះ​ថា​សំរឹទ្ធ ។

អ្នក​ភូមិ​សរសើរ​ម្ចាស់​ដី​ឡូត៍​ថា​ជា​ពលរដ្ឋ​ល្អ សុចរិត​បាន​យក​បដិមា​ប្រគល់​ឱ្យ​សមត្ថកិច្ច​រក្សា​ទុក បើ​មិន​ដូច្នោះ​ទេ​ប៉ះ​ចំ​លើ​ជនខិលខូច​ប្រាកដជា​យក​ទៅ​លក់​បាត់​ទៅ​ហើយ។

លោក​វរសេនីយ៍ទោ​មិន ច​ន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៥ មេ​សា ថា ម្ចាស់​ដី​ឡូត៍​ដែល​ជីកដី​ដើម្បី​ធ្វើ​អាង​ចិញ្ចឹម​ក្រពើ ហើយ​ប្រទះ​ឃើញ​បដិមា​មួយ​អង្គ​នោះ​ឈ្មោះ​អន ផា ។

ផ្ទុយ​ពី​អ្នក​ភូមិ​ដែល​មិនដឹង​ច្បាស់លាស់ លោក​អធិការ​នគរបាល​ស្រុក​បញ្ជាក់​ថា បដិមា​នោះ​ផលិត​ពី​ស្ពាន់ កម្ពស់​៣​តឹក ទម្ងន់​១,៧​គីឡូក្រាម ហើយ​កំពុង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ទៅ​ទទួលយក​ទៅ​ថែរក្សា​បន្ត ។

ការ​ប្រទះ​ឃើញ​បដិមា​នោះ​មិនមែន​ជា​លើក​ទី​មួយ​ទេ កន្លង​មក​នៅ​កន្លែង​ដទៃ​ធ្លាប់​ប្រទះ​ឃើញ​បដិមា ឬ​វត្ថុ​បុរាណ ផ្សេង​ៗ​ផង​ដែរ ដែល​កប់​នៅ​ក្នុង​រូងភ្នំ ឬ​ក្នុង​ដី ៕