អគតិណាស់! ដុតផ្ទះចោល ព្រោះតែលុយ២ម៉ឺនរៀល​

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ លំនៅ​​ឋាន​ទំហំ​៧ម៉ែត្រ​ គុណ​១២​ម៉ែត្រ និង​តូប​លក់ដូរ​គ្រឿងទេស​មួយ​​កន្លែង​ទៀត ​ត្រូវ​ភ្លើង​ឆេះ​អស់ បន្ទាប់​​ពី​កើត​​មាន​ជម្លោះ​បន្តិចបន្តួច​រវាង​ប្តី​-​ប្រពន្ធ ធ្វើ​ឱ្យ​​​ប្តី​ឡើងក​ម្តៅ​ខ្លាំង​​យក​ភ្លើង​ទៅ​ដុត​ចោល រួច​គេចខ្លួន​បាត់ ដែល​ហេតុការណ៍​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០៦ មេ​សា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមាន
ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ​ចាយ សារី អាយុ​៥៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ម៉ី គា អាយុ​៤៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

សាក្សី​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឮ​សំឡេង​ប្តី​-​ប្រ​ពន្ទ​ទាំង​២​នាក់​នេះ ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក​រៀង​ៗ​ខ្លួន​រយៈពេល ជិត​១​ម៉ោង ដែល​​កើតឡើង​ដោយសារ​រឿង​កូនស្រី​​បាន​​យក​លុយ​២​ម៉ឺន​រៀល​ ទៅ​ទិញ​រ៉ូ​ប​ស្លៀ​​ក ។

ស្រាប់តែ​ផ្ទុះ​ជម្លោះ​ឡើង ត្រូវ​បុរស​ជា​​ប្តី​​ខឹង បាន​យក​ភ្លើង​ទៅ​ដុត​ផ្ទះ​ឆេះ​ហ្មត់តែម្តង និង​ឆេះ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ សរុប​គិត​ជា​ប្រាក់​អស់​៥​ម៉ឺន​៥​ពាន់​ដុល្លារ​សហរដ្ឋ​អាមេ​រិក រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ទោះបីជា​បែប​ណា ជន​បង្ក​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវ​ជ្រាវ​​ស្វែងរក​ចាប់ខ្លួន​ឱ្យ​ខាង​តែ​បាន ដើម្បី​ចាត់ការ​ច្បាប់ ។