យប់មិញ​! ​​ប្លន់​ទៀត​ហើយ ក្នុង​ទឹកដី​ខេត្តសៀមរាប

ខេត្ត​សៀម​រាប ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ មេ​សា ២០១៦ នេះ ​មាន​ករណី​ប្លន់​​ផ្ទះ​លក់​ចាប់​ហួយយីហោ «​មួន ​ម៉ាច​» ដែល​ស្ថិត​ក្នុងភូមិ​គោក​ប្ញ​ស្សី ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប ខណៈ​ក្រុម​ចោរ​មាន​គ្នា​៣​​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​-​ខ្លី​២​ដើម ​ចូល​ភ្ជង់​ម្ចាស់ផ្ទះ​២​នាក់​ប្តី​ប្រពន្ធ​​ចង​ស្លាបសេក និង​បាញ់​ក្មួយ​ប្រុស​​​បណ្តាល​ឱ្យ​រង​របួស​​ចំ​ភ្លៅ រួ​ច​​​​ប្រមូល​យក​​ប្រាក់​សរុបអស់​​​ជាង​២​ម៉ឺន​ដុល្លារ​​ដោយ​​សុវត្ថិភាព ។

ប្រភព​ឱ្យ​ដឹង​​ថា ម្ចាស់ផ្ទះ​ជា​ប្តី​ឈ្មោះ​ម៉​ន ម៉ុ​យ អាយុ​៣៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​មួន ម៉ាច អាយុ​៣៣​ឆ្នាំ (ត្រូវចោរចងស្លាបសេក) និង​ក្មួយ​​ប្រុស​​រង​របួស​​ឈ្មោះ​ស៊ូ ភក្ត្រា ហៅ​ត្រា អាយុ​២២​ឆ្នាំ ទាំង​៣​នាក់​​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​ម្ចាស់ផ្ទះ​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ពួក​គាត់​​ទាំង​៣​នាក់​កំពុង​អង្គុយ​មើល​ទូរទស្សន៍ ស្រាប់​តែ​ក្រុម​ចោរ​មាន​គ្នា​៣​នាក់ ក្នុង​នោះ​​ពាក់​ម៉ាស់​មុខ​២​នាក់ កាន់​កាំភ្លើង​វែង​-​ខ្លី​២​ដើម បាន​គាស់​ទ្វារ​​ខាងក្រោយ​ចូល​មក​​ភ្ជង់ និង​ចាប់ចង​​​តែ​ម្តង ដោយ​ជនសង្ស័យ​ម្នាក់​​បាន​ចេញ​ទៅ​ឈរ​មើលផ្លូវ​ខាង​មុខ ។ ចំណែកឯ​​២​នាក់​ទៀត បាន​ចាប់​ពួក​គាត់​ចងស្លាបសេក ខណៈ​នោះ​ត្រូវ​ក្មួយ​ប្រុស​តដៃ​ ក៏​បាន​បាញ់​១​គ្រាប់​​ចំ​ភ្លៅ​ខាងស្តាំ​រង​របួស រួច​ហើយ​ពួក​ចោរ​​បាន​រើ​​កកាយ និង​ទារ​យក​ប្រាក់​​តែ​ម្តង ។ ​បន្ទាប់ពី​បានប្រាក់ហើយ ក្រុម​ចោរ​​នាំ​គ្នា​គេចខ្លួន​តាម​ទ្វារ​ក្រោយ ​រត់​កាត់​វាលស្រែ​បាត់អស់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មេ​សា នេះ ត្រូវ​បាន​​សមត្ថកិច្ច​រាយការណ៍ថា​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ត្រូវ​កម្លាំង​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​​ហើយ កំពុង​សួរនាំ និង​រក​បក្សពួក​២​នាក់​​ជា​បន្ត​ទៀត ។