​កាប់​ប្តី​របួស ព្រោះតែ​គំរាម​​រំលោភ​កូន​ស្រី ​

ខេត្តកោះកុង ៖ បុរស​ជា​ប្តី​បាន​រង​របួស​រយះ​ខាងក្រោម​ជំនីរ​ខាងស្តាំ បន្ទាប់​ពី​ត្រូវ​ប្រពន្ធ​ទ្រាំ​លែង​បាន ក៏​ទាញ​កាំបិត​ផ្គាក់​មក​កាប់​ប៉ង​សម្លាប់​​តែ​ម្តង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៥០​នាទី​យប់​ថ្ងៃ​ទី​០៦ មេ​សា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​ឈ្មោះ​ហ៊ុន ណេ​ង អាយុ​៤២​ឆ្នាំ ជា​កម្មករ​លីឈើ មាន​ប្រពន្ធ​ឈ្មោះ​ង៉ែត គាន អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា មុន​ពេល​​​ផ្ទុះ​ហិង្សា​​នេះ គឺ​ដំបូងបុរស​ជា​​ប្តី​អង្គុយ​ផឹកស្រា​នៅលើ​ផ្ទះ​ ហើយ​ក៏​បាន​ប្រើ​កូនស្រី​ឱ្យទៅ​ចៀនត្រី​ក្លែម ។ ពេល​នោះ ត្រូវ​កូនស្រី​ប្រកែក​មិន​ទៅ ធ្វើ​ឱ្យ​ឪពុក​ខឹង​ក៏​ជេរ​ដៀល​ថា «​ង៉ែ​ញ​ថ្ងៃ​ណាមួយ អញ​នឹង​ចាប់រំលោភ ហើយ​កាត់​.​ក កាត់​ដៃ កាត់​ជើង​ចោល​តែ​ម្តង​» ។

ខណៈនោះ ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ឮ​ប្តី​និយាយ​ដូច្នោះ ក៏​ឡើង​ទៅ​លើ​ផ្ទះ​ឃាត់​ប្តី​ឱ្យ​ឈប់​ផឹកស្រា​ទៅ ហើយ​ទាញ​ដប​ស្រា​គ្រវែង​ចោល ធ្វើ​ឱ្យ​ប្តី​ខឹង​យ៉ាង​ខ្លាំង ក៏​ស្ទុះ​មក​វាយ​ប្រពន្ធ​២-៣​ដៃ​ដួល​ផ្ទប់​ជញ្ជាំង ។ គាប់​ជួន​នៅ​ក្បែរ​នោះ មានកាំបិត​ផ្គាក់​ត្រូវ​ប្រពន្ធ​ទាញ​មក​កាប់​ទៅ​ប្តី​តែ​ម្តង តែ​ត្រូវ​ប្តី​គេច​ទាន់ ត្រូវ​ចំ​ក្រោម​ឆ្អឹងជំនីរ រួច​ក៏​មានការ​ផ្អើល​ដល់​អ្នក​ជិតខាង​តែ​ម្តង ។

គួរ​បញ្ជាក់​ថា បុរស​រង​គ្រោះជា​ប្តី កន្លង​មក​តែងតែ​ផឹកស៊ី​រករឿង​វាយ​ប្រពន្ធ កូន​ច្រើន​លើក​ច្រើន​សារ​មក​ហើយ មិនតែប៉ុណ្ណោះ ជា​មនុស្ស​ស្រវឹង​ខួប និង​ធ្លាប់​ជាប់ពន្ធ​ន​គារ​រយៈពេល​២​ឆ្នាំ​ហើយ ។