ចៅអធិការ​វត្ត​ទី​១ ទី​២ ទី​៣ ជំពាក់​ថ្លៃ​សំណង់​…​ទី​៤​កំពុង​រងកម្ម

ខេត្ត​ប៉ៃលិន ៖ មេជាង​ម៉ៅ​ការ​សំណង់​ម្នាក់​មិន​សុខចិត្ត​ចំពោះ​ចៅអធិការ​វត្ត​អូរ​ច្រា​មិន​ព្រម​សង​ជំពាក់​ថ្លៃ​សំណង់​ព្រះ​វិហារ និង​សំណង់​ផ្សេង​ៗ​ជាង​៥​ម៉ឺន​ដុល្លារ ទើប​កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ខេត្ត​ឱ្យ​ជួយ​អន្តរាគមន៍​ផ្អាក​ការ​សាងសង់​រហូត​ដោះស្រាយ​រួចរាល់​ទើប​អាច​កសាង​ឡើង​វិញ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦​ថ្មី​ៗ​នេះ ខណៈ​អាជ្ញាធរ​និង​គណៈកម្មការ​វត្ត​មិន​ទាន់​ដោះស្រាយ​រួចរាល់​ផង ស្រាប់តែ​ព្រះ​វិហារ​វត្ត​ខាងលើ​ត្រូវ​ចៅអធិការ​វត្ត​ហៅ​ជាង​ផ្សេង​ឱ្យទៅ​សាងសង់​បន្ត ហើយ​ត្រូវ​មេជាង​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​សួរនាំ​ដើម្បី​ផ្អាក​វិញ ។ ពេល​នោះ​ចៅអធិការ​វត្ត​ប្រាប់​ថា ខាង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ជា​អ្នក​ឱ្យ​សាងសង់​បន្ត បើ​មានរឿង​អ្វី​ខាង​លោក​ជា​អ្នក​ទទួលខុសត្រូវ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មេជាង​ម៉ៅ​ការ​សំណង់​មានឈ្មោះ ឈុំ ភឿន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ចំណែក​លោក​ចៅអធិការ​ដែល​ទើបនឹង​ចូល​មក​គង់នៅ​ថ្មី​មិន​ព្រម​សង​ប្រាក់​ដែល​ជំពាក់​មេជាង​ម៉ៅ​ការ​សំណង់​មាន​ព្រះ​នាម សាន់ លី ព្រះ​ជន្ម​ប្រហែល​៣០​វស្សា ។ ប្រភព​បន្ត​ទៀត​ថា មេជាង​សំណង់​បាន​រៀបចំ​ធ្វើ​របង​វត្ត ខ្លោងទ្វារវត្ត ព្រះ​វិហារ និង​សំណង់​ផ្សេង​ៗ តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ ដោយ​មុន​ដំបូង​មាន​ចៅអធិការ​វត្ត​ទី​១​ព្រះ​នាម អ៊ុ​ង អែម ជា​អ្នក​ជួល​ឱ្យទៅ​សាងសង់ ។ ក្រោយមក​មាន​ចៅអធិការ​វត្ត​ទី​២​ព្រះ​នាម មួ​ង ម៉ៅ ជា​អ្នកគ្រប់គ្រង​បន្ត ឱ្យ​មេជាង​សាងសង់​បន្តបន្ទាប់​ផង​ដែរ ក៏​ជំពាក់​លុយ​ថ្លៃ​ទិញ​ដែក ស៊ីម៉ង់ត៍ និង​សម្ភារៈ​ផ្សេង​ៗ ។ រហូត​ដល់​ចៅអធិការ​វត្ត​ទី​៣​ព្រះ​នាម នី សា​វិ​ន ក៏​បន្ត​ជំពាក់​ប្រាក់​ថែម​ទៀត​សរុប​ចំនួន​៨៨.៧៨២​ដុល្លារ ហើយ​ព្រះសង្ឃ​អង្គ​នេះ​មុន​នឹង​ចេញពី​វត្ត​ទៅ​បាន​សង​ថ្លៃ​ជំពាក់​ត្រឹមតែ​៣៥០​ដុល្លារ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​តាម​វិស្វករ​សំណង់​​បាន​វាយ​តម្លៃ​ថា សំណង់​ទាំង​អស់​នោះ​មាន​តម្លៃ​តែ​ជាង​៥ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា លុះ​រហូត​ដល់​ក្រោយមក​ទើប​ចៅអធិការ​វត្ត​ទី​៤​ព្រះ​នាម សាន់ លី បាន​មក​គង់នៅ​វត្ត​ខាងលើ​នេះ​ក្រោយ​គេ​កំពុង​រងកម្ម ហើយ​មិន​ព្រម​សង​ជំពាក់​លុយ​មេជាង​នោះ​ទេ បើ​ទោះបីជា​បច្ច័យ​ទទួល​បាន​ពី​បរទេស​ជា​ច្រើន​ក៏​ខាង​ចៅអធិការ​នេះ​មិន​ព្រម​សង​ដែរ ដោយ​គេ​ចោទ​ថា​ត្រូវរ៉ូវ​គ្នា​ជាមួយ​គណៈកម្មការ​ចំនួន​២​ទៅ​៣​នាក់​ប៉ុណ្ណោះ ៕