យួន​រស់នៅ​ច្រើន​ជាងគេ មេឃុំ​ជួល​ដីស្រែ​ឲ្យ​យួន​ព្រោះ​គ្មាន​ជម្រើស

ខេត្តព្រៃវែង ៖ បើ​យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥​មេ​សាបាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជនបរទេស​ជា​ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​ហើយ​រស់នៅ​ក្នុង​ខេត្ត​មាន​១២១​គ្រួសារ ស្មើ​២៣៤​នាក់ ក្នុង​នោះ​ស្រី​១២២​នាក់ ហើយ​មាន​៣​ជនជាតិ គឺ វៀតណាម ថៃ និង ភូមា ។ ជនអន្តោប្រវេសន៍​ដែល​មាន​ឯកសារ​ជំរឿន​ឆ្នាំ​២០០២​កន្លង​មក មាន​១.០៣៧​គ្រួសារ ស្មើ​៤.០៦២​នាក់ ក្នុង​នោះ​ស្រី​១.៩៤៤​នាក់ ហើយ​ពួក​នេះ​មាន​តែ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ ។ នៅ​ក្នុង​របាយ​ការណ៍​បន្ត​ទៀត​ថា សរុប​ជនអន្តោប្រវេសន៍​មក​ស្នាក់​នៅ​លើ​ទឹកដី​ខេត្តព្រៃវែង​ទាំង​៣​ជនជាតិ គឺ​មាន​ចំនួន​២.៤៤៣​គ្រួសារ ស្មើ​៩.១០២​នាក់ ក្នុង​នោះ​ស្រី​៤.៣៧៩​នាក់ ។

សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ខេត្តព្រៃវែង​ដែល​មាន​ជនជាតិ​វៀតណាម​រស់នៅ​ច្រើន​ជាងគេ មាននៅ​សង្កាត់​ជើង​ទឹក ក្រុង​ព្រៃវែង​, ឃុំ​ពាម​រក៍ ឃុំ​ព្រែក​ខ្សាយ​(​ក​) ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍​, ឃុំ​បន្ទាយ​ចក្រី ឃុំ​រា​ធរ ស្រុក​ព្រះស្តេច​, ឃុំ​កោះ​សំពៅ ឃុំ​កោះ​ចេក​ឃុំ កោះ​រកា ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង ។ ហើយ​ជនអន្តោប្រវេសន៍​ភាគច្រើន​អត់​មាន​ឯកសារ​សម្គាល់ថា​ជា​ជន​អន្តោ​ប្រវេ​ស្តន៍​ស្របច្បាប់​ទេ ក៏​ប៉ុន្តែ​ជនអន្តោប្រវេសន៍​ទាំងនោះ​អាច​ទិញ​ដី​សាងសង់​ផ្ទះសម្បែង​បាន​យ៉ាង​ងាយស្រួល​ដែរ ។

ប្រជាពលរដ្ឋ​​បាន​រិះគន់​ថា គឺ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​សម្រួល ទើប​ជនបរទេស​អាច​មក​រស់នៅ​ហើយ​អាច​ទិញ​ដី​សង់ផ្ទះ​សម្បែង​ស្នាក់​នៅ​បាន​ដោយ​រលូន​ដូច្នេះ ។

បើ​​ក្រឡេក​មើលទៅ​ឯ​ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជ​រ៍ ឯណោះ​វិញ មាន​ប្រជាជន​វៀតណាម​មក​សង់​លំនៅ​ឋាន​ផ្ទះសម្បែង​ក្នុងភូមិ​ពោធិ៍​ថ្មី ចំណុច​កោះ​ស្កូ តាម​បណ្តោយ​មាត់​ទន្លេ និង​ភូមិ​កោះ​សំពៅ តាម​មាត់ទន្លេ គឺ​គ្មាន​ប្រជាជន​ខ្មែរ​ទៅ​រស់​នៅទេ សុទ្ធ​សឹង​ប្រជាជន​វៀតណាម ដែល​មាន​សមាគម​វៀតណាម ង្វៀ​ង​គាវ ជា​អ្នកគ្រប់គ្រង ។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ប្រជាជន​ខ្មែរ​ដែល​មាន​ដីស្រែ​នៅ​ជាប់​បណ្តោយ​ព្រំដែន​(​កម្ពុជា​-​វៀតណាម​) ក្នុង​ឃុំ​កោះ​សំពៅ​បាន​ជួល​ដីស្រែ​ឲ្យ​ទៅ​ប្រជាជន​វៀតណាម​ធ្វើស្រែ​ដដែល ក្នុង​នោះ​ក៏​មាន​លោក​មេឃុំ​កោះ​សំពៅ​ជួល​ដីស្រែ​ឲ្យ​វៀតណាម​ចំនួន​៣០​ហិ​កតា​ដែរ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​គ្មាន​ជម្រើស ដោយសារ​ដីស្រែ​ក្នុង​ឃុំ​កោះ​សំពៅ​លិច​ទឹក ធ្វើ​បាន​តែ​ស្រែប្រាំង ហើយ​ត្រូវការ​បូមទឹក​ស្រោចស្រព​ពី​ទន្លេ ក៏​ប៉ុន្តែ​មិន​អាច​ដាក់​ម៉ាស៊ីនបូមទឹក​បាន​ដោយ​តាម​មាត់ទន្លេ​គឺ​សុទ្ធ​សឹង​ផ្ទះ​វៀតណាម​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ដូច្នេះ​គ្មាន​ជម្រើស​មាន​តែ​បង្ខំចិត្ត​ជួល​ដីស្រែ​ឲ្យ​វៀតណាម​ក្នុង​១​ហិ​កតា​បាន​តម្លៃ​៤០០​ដុល្លារ ហើយ​វៀតណាម​ធ្វើស្រែ​ប្រាំង​បាន​២​ដង​ក្នុង​មួយ​រដូវ ។ រីឯ​សមត្ថកិច្ច​ទទួលស្គាល់​ថា ពិតជា​មាន​ជួល​ដីស្រែ​ឲ្យ​វៀតណាម​មែន គឺ​ខ្លះ​នៅ​ជាប់​កិច្ច​សន្យាជួល​មិន​ទាន់​ផុត​ឆ្នាំ​កំណត់ ៕