ថា​កុំឱ្យ​គេ​ឮ ៖ ឧកញ៉ា សួ បាន​ទទួល​សិទ្ធិ​ប្រមូល​ថ្លៃ​ស្លាក​ប៉ាណូ

* មន្ត្រី​ក្លាហាន​មួយ​រូប​នៅ​សាលាក្រុង បាន​ប្រាប់​កោះសន្តិភាព​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និយាយ​ថា សេវាកម្ម​ប្រមូលប្រាក់​ពី​ស្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្នុង​រាជធានី​ភ្នំពេញ កាលពី​អាណត្តិ​មុន បាន​ទៅ​ឧកញ៉ា ដួង ងៀប ដែល​ជំនាន់​នោះ ស្លាក​ផ្សព្វផ្សាយ​មាន​តិចតួច​... ហើយ​ទីក្រុង​មាន​ទំហំ​តូច​ទៀត អាច​ប្រមូល​បាន​ក្រោម​មួយ​លាន​ដុល្លារ​ប៉ុណ្ណោះ ។

* ប្រភព​ដដែល​ប្រាប់​ថា ពេល​នេះ​រាជធានី​ភ្នំពេញ​រីក​ធំធាត់​ជុំវិញ​ទាំងអស់ ។ ស្លាក​យីហោ​ផ្សព្វផ្សាយ​កើត​មាន​លើស​ពី​៤​ទៅ​៥​ដង ។ ឯ​តម្លៃ​គេ​ដំឡើង​ជា​២​ដងនោះ អាច​ប្រមូល​បាន​លើស​ពី​២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ដែល​មានភ័ព្វ​សំណាង​ធំ​ណាស់ បាន​ទៅ​ឧកញ៉ា សួ ដោយ​អត់​មានការ​ដេញថ្លៃ​ឡើយ ។​

* មន្ត្រី​ដដែល​ហ៊ាន​អះអាង​ថា តាម​កិច្ចសន្យា គឺ​ឧកញ៉ា សួ បង់​ជូន​រដ្ឋ​២៥​ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ។ ពួក​គេ​ថា ប្រ​សិន​ហ៊ាន​ដាក់​ដេញថ្លៃ​វិញ មាន​ក្រុមហ៊ុន​ខ្លះ​នោះ ហ៊ាន​ដល់​ទៅ​មួយ​លាន​ដុល្លារ បង់​ជូន​រដ្ឋ មិនមែន​ជាង​២០​ម៉ឺន​ដូច​ពេល​នេះ​ទេ ។ សំខាន់​នោះ​ត្រង់​រាជរដ្ឋាភិបាល ព្រម​សើរើ​ដែរ​ឬ​អត់ ?

* មិន​អាច​ស្វែងរក​ប្រភព​ផ្លូវការ​ណាមួយ​មក​បំភ្លឺ​លើ​ករណី​សេវាកម្ម ស្លាក​យីហោ ប៉ាណូ ក្នុង​រាជធានី​ភ្នំពេញ​បាន​ទេ កន្លង​មកនេះ ។ សូ​ម្បី​សួរ​ថា តើ​មួយ​ណា​ឈ្មោះ​ឧកញ៉ា សួ ដែល​ជា​ថៅកែ​ក្រុមហ៊ុន R K S ក៏​ពុំ​មានការ​អះអាង​ច្បាស់លាស់​ដែរ ។ ម្ល៉ោះហើយ​ពុំ​អាច​ស្វែងរក​ការ​បំភ្លឺ​សម្រាប់​ជូន​សាធារណជន​បាន ឡើយ ។ ណ្ហើយ​សម័យ​ទីផ្សារសេរី រដ្ឋ​យក​តិចតួច​បាន​ហើយ​... ទុក​ឱ្យ​ឯកជន​ទៅ​ចុះ ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក​របស់​សេដ្ឋី​ថ្មី​... ហេ​! ហេ​!