ទៅ​យក​លុយ​មុន ទៅ​បង្ក្រាប​តាម​ក្រោយ ​មែន​ទេ?

ខេត្តកំពង់ស្ពឺ ៖ ទីតាំង​ម៉ាស៊ីន​រ៉ៃ​អារឈើ​ខុសច្បាប់​មួយ​កន្លែង​នៅ​ភូមិ​ស្រែ​អូរ ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​បង្ក្រាប​កាលពី​វេលា​ម៉ោង​ប្រមាណ​៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៧មេ​សានេះ​ ដោយ​ដកហូត​បាន​ឈើដុល​ជា​ច្រើន​កំណាត់ និង​ម៉ាស៊ីន​ថាស​១​គ្រឿង ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​នេះ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា​រង សឿ ឡង​ឌី ដោយ​មានការ​ចូលរួម​សហការ​ពី​នគរ​បាល​សេដ្ឋ​កិច្ច​ខេត្ត​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​នគរបាល​មូលដ្ឋាន​ផង​ដែរ ។

ម្ចាស់​ទីតាំង​អារឈើ​ខាងលើ​បាន​រៀបរាប់​ប្រាប់​ថា មុន​ការ​ចុះ​មក​បង្ក្រាប​នេះ​គឺ​មាន​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខេត្ត​១​រូប​បាន​មក​ទារ​លុយ​គាត់ គាត់​ក៏​បាន​ឲ្យ​លុយ​១០​ម៉ឺន​រៀល​ទៅ​នគរបាល​រូប​នោះ​ដែរ ប៉ុន្តែ​បន្ទាប់​មក​ស្រាប់តែ​ប្រមូល​កំលាំង​មក​បង្ក្រាប​តែ​ម្តង ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​បង្ក្រាប វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕