ផ្តល់​​សម្លៀក​​បំពាក់ អាហារ និង​ស្រោច​ទឹក​ជូន​ចាស់​ៗ១០០​នាក់

រាជ​​ធានី​ភ្នំពេញ ៖ លោក​​ជំទាវ អ៊ួន សុវណ្ណ​រិ​​ន ប៉ា សុ​ជាតិ​​វង្ស អនុ​ប្រធាន​​កិត្តិ​យស​​​សាខា និង​ជា​ប្រធាន​​ក្រុមការងារ​សាខា​កាក​បាទ​ក្រហមកម្ពុជា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ មេ​សា ២០១៦ បាន​ដឹកនាំ​ប្រតិភូ​សាខា​មួយ​ក្រុម ឆ្ពោះទៅ​ភូមិ​គោក​​ឪឡឹក សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

ក្នុង​​ពិធី​​នេះ បាន​ប្រគេន​ចង្ហាន់​​ព្រះសង្ឃ​១១​អង្គ​ ផ្តល់​អាហារ​ជូន​លោកតា លោកយាយ ចាស់ជរា ក្រីក្រ​ចំនួន​១០០​​នាក់ និង​ក្រុម​ការ​ងារ​​ថ្នាក់​មូលដ្ឋាន​​ចំនួន​១០០​នាក់ ។

លោកតា និង​​លោកយាយ ចាស់ជរា​​ទាំង​១០០​នាក់ ត្រូវ​បាន​ប្រតិភូ​កាកបាទក្រហម​​ប្រារព្ធ​ពិធី​ស្រោច​​ទឹក​ជូន​​គាត់ ដោយ​​ចាត់​​ទុក​​គាត់​ជា​ ​មាតា បិតា ជា​​ជីដូន​​ជីតា ដែល​ការ​រស់​នៅ​​របស់​គាត់​ខ្វះ​​ការ​ទំនុកបំរុង​​តបស្នង​ពី​កូនចៅ ។ ទន្ទឹម​នេះ ក៏​បាន​ជូន​សម្លៀក​​បំពាក់​ក្នុង​ម្នាក់​មួយ​​កំ​ប្លេ​ផង​ដែរ ។

លោក​​ជំទាវ​ អ៊ួ​ន សុវណ្ណ​រិ​ន ដែល​ជា​ប្រធាន​គណៈប្រតិភូ ក៏​បាន​បង្កើត​ឱ្យ​មានកម្ម​វិធី​សប្បាយ​ជូន​ពួក​​គាត់ មាន​ក្រុម​របាំ​ប្រជាប្រិយ ក្រុម​បោះអង្គញ់​ ក្រុម​ចោល​​ឈូង ដើម្បី​កំដរ​បរិយាកាស​មុន​ចូល​ឆ្នាំ​យ៉ាង​អធិកអធម ។ លុះដល់​ម៉ោង​៥​​ល្ងាច ក៏​មាន​ក្រុម​ភ្លេងសម័យ​ប្រគំ​​តន្ត្រី​ជូន​ប្រជាពលរដ្ឋ​លេង​កម្សាន្ត​​ផង​ដែរ ។