ស្ថានការណ៍​ស្ងប់ស្ងាត់​វិញ ក្រោយ​ឡាវ​សន្យា​ចរចា​នៅ​ព្រឹកស្អែក

ខេត្តស្ទឹងត្រែង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា មន្ត្រី​និង​ក្រុម​កម្មករ​ឡាវ​បាន​ផ្អាក​សកម្មភាព​សាងសង់​ប៉ុស្តិ៍​ថ្មី​លើ​ដី​តំបន់​ស​ហើយ បន្ទាប់​ពី​កងកម្លាំង​កម្ពុជា​ប្រដាប់​ដោយ​កាំភ្លើង​ស្នើ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នោះ​រួច​មក និង​មន្ត្រី​ឡាវ​ក៍បាន​សន្យា​ថា​នឹង​ជួប​ចរចា​គ្នា​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៨​មេ​សា​ស្អែក​នេះ ។

ការ​សន្យា​និង​បញ្ឈប់​ការ​សាងសង់​ប៉ុស្តិ៍​នេះ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង លោក មុំ សា​រឿ​ន បាន​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​បំពាក់អាវុធ​ចុះ​ទៅ​ឃាត់​កម្មករ​ឡាវ​ឲ្យ​បញ្ឈប់​ការ​សាងសង់​ប៉ុស្តិ៍​ថ្មី​នៅ​លើ​តំបន់​ស បន្ទាប់​ពី​អភិបាលខេត្ត​ចំប៉ា​សាក់​បាន​លុប​ចោល​កិច្ចប្រជុំ​ជាមួយ​អភិបាល​ខេត្តស្ទឹងត្រែង ដែល​តាម​គម្រោង​នឹង​ចរចា​គ្នា​នៅ​ថ្ងៃ​ទី​០៧ មេ​សា​នេះ ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ទី​៣១ មីនា ២០១៦​មក ទាហាន​ឡាវ​បាន​នាំ​គ្រឿងចក្រ​ចូល​មក​សាងសង់​ប៉ុស្តិ៍​ថ្មី​នៅ​ចំណុច ប៉ុស្តិ៍​ចាស់​តាម​បណ្តោយ​ព្រំដែន ចំណុច​ដុំ​ក្រឡ​ចាស់ ស្ថិត​ត្រង់​និយាម​ការ XA 14885.38651 ជាប់​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា  ក្រោយ​ពី​ឃើញ​ទាហាន​ឡាវ​បញ្ជូន​គ្រឿងចក្រ​សាងសង់​ប៉ុស្តិ៍ កងកម្លាំង​ព្រំដែន​កម្ពុជា​ក៍បាន​ទៅ​ហាម​ជា​បន្តបន្ទាប់​ចាប់​តាំង​ថ្ងៃ​ទី ៣១ មីនា​រហូត​មក​ដល់​ថ្ងៃ​ទី​០២  មេ​សា ២០១៦ ប៉ុន្តែ​ភាគី​ឡាវ​នៅ​តែ​ផ្គើន​មិន​បញ្ឈប់​សកម្មភាព​សាងសង់​ទៀត ៕